ឈប់បានឈប់ទៅ! អាជ្ញាធរខណ្ឌដូនពេញ ចាប់ឃាត់ខ្លួនអ្នកបន្ទោបង់តាមទីសាធារណៈចំនួន១៣នាក់ ធ្វើការអប់រំ
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌដូនពេញបានឃាត់ខ្លួន អ្នកមកបន្ទោបង់នៅតាម សួនច្បារសាធារណៈ,ក្រោមដើមឈេីនិងទីតាំងសាធារណៈផ្សេងៗទៀត ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និង


បង្កឱ្យមានក្លិនឆ្អេះឆ្អាបដល់អ្នកធ្វើដំណើរ បានចំនួន១៣នាក់ យកមកអប់រំណែនាំនៅសាលាខណ្ឌដូនពេញ ។
លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឱ្យកម្លាំងប្រជាការពារខណ្ឌដូនពេញបន្តចុះរៀបចំ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ក៏បានជួបក្រុមម៉ូតូឌុប និងម៉ូតូកង់៣ ចំនួន ១៣នាក់ បានឈប់យាន្តជំនិះរបស់ខ្លួនហើយទៅបន្ទោបង់ នៅ

តាមដើមឈើ តាមសួនច្បារសាធារណៈ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និង បង្កឱ្យមានក្លិនឆ្អេះឆ្អាប ដល់អ្នកធ្វើដំណើរ ។ ល។ ភ្លាមៗនោះ កម្លាំងយើងក៏បានអញ្ជើញពួកគាត់មកធ្វើការអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ និង បានឲ្យពួកគាត់ធ្វើការបាញ់លាងសម្អាតកន្លែងដែលបន្ទោបង់រួច ទើបអនុញ្ញាតឱ្យត្រឡប់ទៅវិញ ។
រដ្ឋបាលខណ្ឌ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំយកគំរូតាមពួកគាត់ និង សូមរកកន្លែង បន្ទោបង់ឱ្យបានត្រឹមត្រូវ នៅបន្ទប់ទឹកសាធារណៈ ឬ ឯកជន ដែលនៅជិតលោកអ្នក ចៀសវាងធ្វើតាមពួកគាត់ បង្កភាពអនាធិបតេយ្យ បាត់សណ្តាប់ធ្នាប់ អនាម័យ និងប៉ះពាល់ដល់សុខភាពសាធារណជនទៀតផង ៕




ប្រភព៖ ក្រសួងព័ត៍មាន