សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ផ្ដល់​អំណោយ​ដល់​យុវតី​រងគ្រោះ​

នារសៀលថ្ងៃចន្ទ​ ១១រោច​ ខែបុស្ស​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី២០​ ខែមករា​ ឆ្នាំ២០២០​ កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានចាត់ឱ្យលោកជំទាវ​ សោម​ សេរីវឌ្ឍន៍​ នាយិកា​ នាយកដ្ឋានធនធានមនុស្ស​ កក្រក និងមន្ដ្រីសាខា​ កក្រក​ រាជធានីភ្នំពេញ ចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌​ ជូនយុវតី ស្រ៊ុន​ កែវមរកត​ អាយុ​ ១៦​ ឆ្នាំ​ ជាយុវជន​ កក្រក​ និងជាសិស្សរៀនថ្នាក់ទី៨​C1 នៃវិទ្យាល័យ​ ហ៊ុន​ សែន​ ប៊ុនរ៉ានី​ ផ្សារដេីមថ្កូវ​ ដែលរងគ្រោះដោយសារផ្ទុះអំពេីហិង្សាពីសំណាក់យុវតី ៤នាក់​ វាយដំយ៉ាងដំណំ​ កាលពីថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ២០១៩​ កន្លងទៅ។ 

Banner Sidebar 1 – ទឹកលាងដៃ

ឆ្លៀតក្នុងឱកាសនោះដែរ​ លោកជំទាវ​ក៏បានពាំនាំការផ្ដាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន​ ជូនចំពោះយុវតីរងគ្រោះ​ និងក្រុមគ្រួសារ​ ដែលរងទុក្ខដោយសារការវាយដំ​ បំពានលេីរាងកាយ​ និងផ្លូវចិត្តយ៉ាងព្រៃផ្សៃ​ ដោយចេតនាពីសំណាក់យុវតីទំនេីង ៤នាក់​ ក្នុងនោះ​ យុវតី​ ១នាក់​ កំពុងសិក្សានៅក្នុងវិទ្យាល័យជាមួយយុវតីរងគ្រោះ​ និងយុវតី​ ៣នាក់ទៀត​ ជាសិស្សមកពីវិទ្យាល័យខាងក្រៅ។ ទោះក្នុងកាលៈទេសៈណា​ក៏ដោយ​ បេីមានករណីរងគ្រោះនានា​ ដោយសាររំលោភបំពាន​ លេីរាងកាយ​ ផ្លូវចិត្ត ផ្លូវភេទ​ ពលរដ្ឋក្រីក្រ​ រងទុក្ខលំបាកនានាកាកបាទក្រហមកម្ពុជា​ តែងតែនៅជាមួយ​ ដោយមិនទុកនរណាម្នាក់ចោលឡេីយ។ 

ដេីម្បីជាការលេីកទឹកចិត្ត​ និងផ្ដល់កម្លាំងចិត្តដល់យុវតីរងគ្រោះ​ កុំឱ្យបាក់ទឹកចិត្ត​ មានវិបត្តិផ្លូវចិត្តពីការគំរាមកំហែង​ កាកបាទក្រហមកម្ពុជា​ ផ្ដល់នូវអំណោយមួយចំនួនរួមមាន​ មីជាតិ​ ១កេស​ ត្រីខ​ ១០កំប៉ុង​ ស្កសរ​ ២គីឡូក្រាម​ ទឹកដោះគោឆៅ​ ១ឡូ​ ឃីត១(សារ៉ុង១​ ក្រមា១​ មុង១​ ភួយ១)​ និងថវិកាមួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង