ប្រពៃណីបុណ្យចូលឆ្នាំ និងទំនៀមទម្លាប់របស់ជនជាតិចិន
«ចូលឆ្នាំចិន ឬហៅម្យ៉ាងទៀតថា ពិធីបុណ្យនាទិឃរដូវ» គឺជាពិធីបុណ្យប្រពៃណីជាតិរបស់ប្រទេសចិន ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំម្តងដែលមានរយៈពេល៣ថ្ងៃ ។ ជាទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិចិន ពិធីបុណ្យនេះ ចាប់ផ្ដើមនៅថ្ងៃទីមួយ នៃខែទីមួយតាមច័ន្ទគតិ (ភាសាចិន ៖ pinyin ៖ zhēng yuè) ក្នុងប្រតិទិនចិន ហើយបញ្ចប់ទៅវិញនៅថ្ងៃទី១៥ ដែលគេហៅថ្ងៃនេះថា ពិធីបុណ្យបង្ហោះគោម ។
ពេលល្ងាចនៅថ្ងៃបុណ្យចូលឆ្នាំចិនត្រូវគេឲ្យឈ្មោះថា ជូស៊ី (ជាពាក្យកាត់របស់ពាក្យ នៀនជូស៊ី, ហើយពាក្យជូស៊ី សម្រាប់ប្រើក្នុងប្រទេសតៃវ៉ាន់) ។ ពាក្យនេះមានន័យថា «ពេលល្ងាចឆ្លងឆ្នាំ»។ ពិធីបុណ្យនេះ ត្រូវប្រារព្ធឡើងនៅតំបន់ដែលមានចំនួនប្រជាជនដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជាប្រទេសកម្ពុជាយើងជាដើម។ ពិធីបុណ្យចូលឆ្នាំចិន ត្រូវបានចាត់ទុកជាថ្ងៃដ៏មានសារសំខាន់សម្រាប់ប្រជាជនចិន ហើយវាក៏មានឥទ្ធិពលទៅលើពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសជិតខាងផងដែរ ជាពិសេសចំណងវប្បធម៌ជាមួយប្រជាជន ដែលជនជាតិចិនធ្វើអន្តរកម្មជាមួយ ។ ប្រទេសទាំងនោះរួមមានប្រជាជនដើមនៃជនជាតិតៃវ៉ាន់, ជនជាតិកូរ៉េ, ជនជាតិម៉ុងកូល, ជនជាតិនេប៉ាល់, ជនជាតិប៊ូតង់, ជនជាតិយួន, និងអតីតជនជាតិជប៉ុននៅមុនឆ្នាំ១៨៧៣ ។ ពិធីបុណ្យចូលឆ្នាំចិន ក៏បានប្រារព្ធធ្វើផងដែរ នៅក្នុងប្រទេសសិង្ហបុរី, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ហ្វ៊ីលីពីន, ថៃ, កម្ពុជា ក៏ដូចជាប្រទេសដទៃទៀត ដែលមានប្រជាជនចិនរស់នៅដោយស្របច្បាប់ ភាគច្រើនគឺប្រទេសស្ថិតនៅក្បែរសមុទ្រចិន ។ ពិធីបុណ្យនេះ នឹងត្រូវផ្លាស់ប្ដូរកម្រិត ហើយក្លាយទៅជាផ្នែកមួយនៃវប្បធម៌ប្រពៃណីរបស់ប្រទេសទាំងនោះ ។
នៅក្នុងប្រទេសកាណាដា ទោះបីជាពិធីបុណ្យចូលឆ្នាំចិន មិនមែនជាថ្ងៃឈប់សម្រាកជាផ្លូវការក៏ដោយ ក៏ប្រជាជនចិនជាច្រើននៅតែប្រារព្ធពិធីនេះយ៉ាងទូលំទូលាយ ហើយប្រៃសណីយ៍នៃប្រទេសកាណាដា បានចែកចាយតែមសម្រាប់ប្រើនៅឆ្នាំថ្មី នៅតាមគេហដ្ឋាននីមួយៗផងដែរ ។
រវត្តិ
គេពុំអាចបញ្ជាក់បានច្បាស់ថា ការចាប់ផ្ដើមនៃបុណ្យចូលឆ្នាំ ត្រូវបានប្រារព្ធធ្វើឡើងនៅមុនសម័យរាជវង្សជីនបានឡើយ ។ តាមទំនៀមទម្លាប់ គេនិយាយថា បុណ្យចូលឆ្នាំ បានចាប់ផ្ដើមពេញមួយខែក្នុងរាជវង្សសៃ ១២ខែក្នុងរាជវង្សសាង និង១១ខែក្នុងរាជវង្សស៊ូ ។ តែយ៉ាងណាក៏ដោយ មានឯកសារបានបង្ហាញថា រាជវង្សស៊ូ បានចាប់ផ្ដើមឆ្នាំក្នុងរយៈពេល១ខែ ។
ទេវកថា
យោងទៅតាមរឿងនិទាន និងរឿងព្រេង ការចាប់ផ្ដើមនៃពិធីបុណ្យចូលឆ្នាំចិន បានផ្ដើមឡើងជាមួយការវាយប្រយុទ្ធ ប្រឆាំងជាមួយសត្វក្នុងទេវកថា មានឈ្មោះថា នៀន មានន័យថា ឆ្នាំ ជាភាសាចិន ។ នៅថ្ងៃទីមួយក្នុងឆ្នាំថ្មី នៀន បានមកកាប់សម្លាប់ពួកបសុសត្វ សូម្បីតែអ្នកភូមិក៏ដោយ ជាពិសេសគឺពួកក្មេងៗ។ ដើម្បីការពារខ្លួន ពួកអ្នកភូមិបានដាក់ចំណីអាហារនៅមុខផ្ទះរបស់ពួកគេជារៀងរាល់ដើមឆ្នាំ ។ គេមានជំនឿថា បន្ទាប់ពីនៀន បានស៊ីចំណីអាហារ ដែលពួកគេដាក់ឲ្យរួចហើយ វានឹងមិនធ្វើបាប កាប់សម្លាប់ប្រជាជនទៀតទេ ។ គ្រាមួយ អ្នកភូមិបានឃើញនៀន មានភាពភ័យខ្លាច ជាមួយនឹងក្មេងៗដែលស្លៀកពាក់ពណ៌ក្រហម។ រួចហើយអ្នកភូមិក៏នាំគ្នាយល់ថា នៀន ខ្លាចពណ៌ក្រហម ។ ហេតុនេះហើយនៅពេលដែលឆ្នាំថ្មីមកដល់ អ្នកភូមិនាំគ្នាបំពាក់គោមពណ៌ក្រហម និងបិតក្រដាសពណ៌ក្រហមនៅតាមទ្វារ និងបង្អួចផ្ទះរៀងៗខ្លួន ។ អ្នកភូមិក៏បានប្រើផាវ ដើម្បីបណ្ដេញនៀនឲ្យទៅឆ្ងាយផងដែរ។ បន្ទាប់ពីពេលនោះមកនៀនពុំបានមកក្នុងភូមិម្ដងទៀតឡើយ ។ នៅចុងក្រោយ ហុងជុនឡាវស៊ូ ជាព្រះសង្ឃសាសនាតាវបុរាណម្នាក់ បានចាប់សត្វនៀននោះ ។ សត្វនៀនក៏ខ្លាចទៅជាយានជំនិះរបស់ព្រះសង្ឃហុងជុនឡាវស៊ូទៅ ។
អំពីជំនឿផ្សេងៗរបស់បងប្អូនជនជាតិចិនក្នុងថ្ងៃចូលឆ្នាំចិន
ក្នុងពីធីបុណ្យចូលឆ្នាំចិន ឬក៏ពិធីផ្សេងៗជាជំនឿរបស់បងប្អូនជាប់សែរស្រឡាយចិន មានការគោរពប្រណិប័តន៍ នូវជំនឿផ្សេងៗជាច្រើន ក្នុងនោះមានការបិទយ័ន្តនៅមុខផ្ទះ មានការដុតផាវ មានការលោតម៉ុងសាយ មានការសែនព្រេន មានការដុតក្រដាស ដុតធូបនៅព្រះវិហារ ការនាំយកអំពៅខ្មៅ និងស្លឹកមៀន និងការតាំងផ្កាអង្គាសីលក្នុងផ្ទះជាដើម ។ល។
ជំនឿ និងតំណមក្នុងថ្ងៃបុណ្យចូលឆ្នាំចិន
តាមប្រវត្តិសាស្ត្រចិន មានជំនឿលើការគោរពបុណ្យចូលឆ្នាំថ្មីយ៉ាងខ្ជាប់ខ្ជួន ។ គេមានតំណមជាច្រើន នៅក្នុងអំឡុងចូលឆ្នាំបីថ្ងៃ ជាពិសេសថ្ងៃទី១ ឫហៅថាឈឺអិុច ។ ក្នុងរយ:ពេល៣ថ្ងៃនេះ គេចាត់ទុកជាថ្ងៃពិសេសបំផុតដែលមិនត្រូវធ្វើអ្វីល្អក់កករនាំឱ្យប៉ះពាល់ដល់មង្គល ឬដល់ឆ្នាំថ្មីឡើយ ។ គេត្រួវធ្វើឱ្យសប្បាយនាំសិរីសួស្តីចូលខ្លួន និងក្រុមគ្រួសារ។ តំណមមួយចំនួនមិនត្រូវឱ្យកើតមានក្នុងពិធីបុណ្យចូលឆ្នាំចិនគឺ ៖
-តំណមមិនយំ
ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីជនជាតិចិនមានតំណមមិនឱ្យកើតរឿងយំសោកសៅ ពីព្រោះវាអាចនាំមកនូវរឿងអពមង្គលដល់ឆ្នាំថ្មី រហូតពេញមួយឆ្នាំ ។ តំណមនេះ សូម្បីតែកូនចៅ ដែលរឹងរូសក៏ឪពុកម្តាយ ឬមនុស្សចាស់មិនវាយប្រៀនប្រដៅដែរ គឺអត់ទ្រាំរហូតចប់បុណ្យចូលឆ្នាំថ្មីសិន ។
-មិនឱ្យបែកចាន ឬកែវ
ក្នុងថ្ងៃនេះ គេមានការប្រយ័ត្នប្រយែងចំពោះការកាន់ចាន ឬកែវ ព្រោះបើមានបង្កឱ្យប្រេះស្រាំ ឬធ្លាក់ បែកជាការនាំឱ្យបាត់បង់ជោគលាភ ហើយជីវិតក្នុងឆ្នាំនោះនឹងជួបតែរឿងប្រេះឆាពុំសូវមានសេចក្តីសុខឡើយ ។ ក្រៅពីតំណមខាងលើនេះ មានតំណមជាច្រើនទៀតដូចជា
-មិនត្រូវឈ្លោះប្រកែកគ្នា (នាំឱ្យកើតមានទុក្ខសោកពេញ១ឆ្នាំ)
-មិនត្រូវបោកគក់សម្លៀកបំពាក់ (ព្រោះថ្ងៃចូលឆ្នាំចិន គឺជាទឹកមន្តប្រោសព្រំ)
-មិនត្រូវកាត់សក់ ក្រចកដៃ (ព្រោះនាំក្តីឈឺចាប់ដល់សមាជិកគ្រួសារ)
-មិនត្រូវប្រមូលលុយពីអ្នកជំពាក់បំណុល (មានន័យថា អ្នកនឹងត្រូវស្វែងរកអ្នកជំពាក់បំណុលក្នុងឆ្នាំថ្មីពេញ១ឆ្នាំ)
-មិនត្រូវទិញសៀវភៅពេលចូលឆ្នាំចិនទេ ព្រោះពាក្យ «សៀវភៅ» ជាភាសាចិន គឺ «ស៊្សូ» មានន័យថា «បាត់បង់» ។
ពិធីរៀបចំផ្ទៈសម្បែងដើម្បីទទួលឆ្នាំថ្មី
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ត្រូវបានប្រារព្ធធ្វើឡើងក្នុងអំឡុងពេល១៥ថ្ងៃដំបូង នៃប្រតិទិនចន្ទគតិរបស់ចិន ដែលនៅលើប្រតិទិនលោកខាងលិចមានពេលខ្លះចាប់ផ្តើមឡើងចន្លោះពីថ្ងៃទី២១ មករា ដល់ ២១ កុម្ភៈ ដែលមានភាពខុសគ្នាពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសក្នុងឆ្នាំ២០១៥ ប្រព្រឹត្តទៅនៅថ្ងៃទី១៩ កុម្ភៈ ។ ចំណែករបៀបនៃការត្រៀមខ្លួនស្វាគមន៍ឆ្នាំថ្មីរបស់ប្រជាជនចិនក៏មានមិនតិចដែរ ដូចជា ការតុបតែងផ្ទះ, ក្បួនព្យុហយាត្រា, និងពិធីជប់លៀងដ៏អស្ចារ្យមួយជាដើម ។
ដូចនេះសូមណែនាំពីរបៀបប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដូចតទៅ ៖
ក/ការត្រៀមខ្លួនស្វាគមន៍ឆ្នាំថ្មី
១-សម្អាតផ្ទះសម្បែងរបស់អ្នកឱ្យស្អាត ។ ទំនៀមទម្លាប់នេះ ត្រូវបានគេស្រាវជ្រាវឃើញ និងជឿជាក់ថា ការសម្អាតផ្ទះរបស់អ្នកពេលនេះ នឹងជម្រះចេញនូវឧបទ្រុពចង្រៃចាកឆ្ងាយអស់ ដែលកើតមានឡើងកាលពីឆ្នាំចាស់ ។ ម្យ៉ាងទៀតការសម្អាតក៏ធ្វើឱ្យលំនៅឋានរបស់ត្រៀមរួចជាស្រេចការទទួលពរជ័យឆ្នាំថ្មីដែលនឹងឈានចូលមកដល់ ។ ប៉ុន្តែសូមចងចាំថា កុំព្យាយាមសម្អាតផ្ទះអ្នកក្រោយចូលឆ្នាំរួចឱ្យសោះ ។
២-រៀបចំតុបតែងផ្ទះជាពណ៌ក្រហម ។ ពណ៌ក្រហមជានិមិត្តរូបនៃលាភសំណាងក្នុងវប្បធម៌ជនជាតិចិន ហើយជានិច្ចកាលវាក៏ត្រូវបានគេប្រើប្រាស់ក្នុងការតែងលំអរឆ្នាំថ្មីដែរ។ លេខ៨ ក៏ជានិមិត្តរូបនៃលាភសំណាង និងទ្រព្យសម្បត្តិផងដែរ ជាមួយនឹងសុភាសិតចិនដែលមាន៨ចុងចួន ។
៣-រៀបចំការតុបតែងបន្ថែមដូចជាអាហារមួយចាន ផ្កាភ្ញី និងកិច្ចការដទៃទៀត ។
-ដាក់ផ្កាភ្ញីតាមផ្ទះដូចជាផ្កាឈូកជាដើម ព្រោះវាជានិមិត្តរូបនៃការចាប់បដិសន្ធិជាថ្មី ។
-ដាក់ក្រូចឃ្វិចក្នុងចានជាដរាប ហើយក្រូចដែលនៅទាំងមូល គឺជាផ្លែឈើដែលនាំសុភមង្គលសម្រាប់ឆ្នាំថ្មី ។ ប្រើលេខគូ ហើយញ៉ាំជាគូរដូចជាចង្កឹះ ទើបនាំលាភសំណាង ។
-ដាក់ស្ករតាំងម៉ែ៨គ្រាប់ក្នុងថាស ឬស្ពក ដែលរៀបចំដាក់សែនព្រេននេះ ។ ៨គឺជាលេខសំណាង ។ ស្ករគ្រាប់ ឬស្ករតាំងម៉ែប្រពៃណីចិនធ្វើឡើងពីគ្រាប់ផ្កាឈូក, គ្រាប់មាន, សណ្តែក, ដូង, គ្រាប់ឪឡឹកក្រហម ឬស្ករត្រសក់ស្រូវជាដើម ។
៤-សម្រួលនូវរានទទួលទេវតាឱ្យបានស្អាត និងរៀបរយ ។ រក្សាឥរិយាបទរបស់អ្នកឱ្យល្អបំផុត ហើយថ្វាយនូវផ្លែឈើ ស្ករគ្រាប់ ទឹក និងអាហារដទៃទៀត ។ មានមនុស្សមួយចំនួនបានដុតក្រដាសសែនក៏មាន ។
អាហារ (អ៊ីវវិចិត្រា)
ការជួបជុំគ្រួសារ
នៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិនសមាជិកគ្រួសារម្នាក់ៗរីករាយជួបជុំគ្នាយ៉ាងសប្បាយត្រេកអរដោយមានសំឡេងការជូនពរជ័យ «កុង ស៊ី ហ្វា ឆាយ» មានន័យថា «កុង ស៊ី» អបអរសាទរ ចំណែក «ហ្វា ឆាយ» ជូនពរឱ្យរកស៊ីមានបាន ។ កុង ស៊ី ហ្វា ឆាយ «រីករាយថ្ងៃចូលឆ្នាំថ្មី», ការជូនអាំងប៉ាវ, ការបរិភាគអាហារជុំគ្នា និងការលេងល្បែងស៊ីសងជាដើម ។ ការលេងល្បែងស៊ីសងនៅថ្ងៃចូលឆ្នាំថ្មីប្រជាជនចិនជឿជាក់ថា អាចបង្កើតសំណាងល្អ ៕