តុលាការកំណត់ថ្ងៃសវនាការ សំណុំរឿង លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និង លោកឧត្ដមសេនីយ៍ ខេន សុវណ្ណ រឿងស៊ីដាច់ប្រាក់ខ្ទង់ម៉ឺនដុល្លារ តាមរូបភាពរត់ការយកតំណែងរដ្ឋលេខាធិការ

ភ្នំពេញ៖សំណុំរឿងស៊ីដាច់ប្រាក់តាមរូបភាពរត់ការយកតំណែងរដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្ម មិនបានសម្រេចដែលមានលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ មានជ័យ , លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការរងកងអាវុធហត្ថរាជធានីភ្នំពេញ និង អាជីវករម្នាក់ជាជនជាប់ចោទ ត្រូវបានតុលាការលើកយកមកបើកសវនាការជំនុំជម្រះ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ។

Banner Sidebar 1 – ទឹកលាងដៃ

តាមប្រភពព័ត៌មាន ដែលទទួលបាន គឺ សវនាការនេះមានលោក អ៊ឹម វណ្ណៈ ជាចៅក្រមជំនុំជម្រះ និង លោក ឆាយ ហុង ព្រះរាជអាជ្ញារង ជាតំណាងអយ្យការ ។

ជនជាប់ចោទមានគ្នា៣នាក់ គឺ ឈ្មោះ ឌី រ័ត្នខេមរុណ ភេទប្រុស អាយុ៣៩ឆ្នាំ ជាអភិបាលរងខណ្ឌមានជ័យ ឈ្មោះ ខេន សុវណ្ណ ភេទប្រុស អាយុ៥២ឆ្នាំ ជាមេបញ្ជាការរងកងអាវុធហត្ថ រាជធានីភ្នំពេញ និង ឈ្មោះ លី សុជាតិ ភេទប្រុស អាយុ៤០ឆ្នាំ ជាអាជីវករ ។

ក្នុងនោះក៏មានការជូនដំណឹងទៅមេធាវីការពារសិទ្ធិឲ្យជនជាប់ចោទឈ្មោះ លី សុជាតិ ។ ជូនដំណឹងទៅមេធាវី ម៉ៃ វណ្ណាឌី ជាមេធាវីការពារសិទ្ធិឲ្យជនជាប់ចោទឈ្មោះ ខេន សុវណ្ណ និងមេធាវី ស្រ៊ី សារ៉ាវុឌ្ឍ ជាមេធាវីការពារសិទ្ធិឲ្យជនជាប់ចោទឈ្មោះ ឌី រ័ត្នខេមរុណ និងក៏មានការជូនដំណឹងទៅមេធាវី ឃុន ខេនខេម៉ា ជាមេធាវីការពារសិទ្ធិឲ្យដើមបណ្តឹងឈ្មោះ ប្រាក់ ប្រាកដ ផងដែរ ដើម្បីមកតតាំងក្តីក្នុងសំណុំរឿងខាងលើនេះ ។

គួររំលឹកថា កន្លងមក មានករណីផ្ទុះរឿងពុករលួយមួយ នេះ ដោយយកប្រាក់ចំនួន៣០ម៉ឺនដុល្លារទៅរត់ការតំណែង រដ្ឋលេខាធិការក្នុងក្រសួងឧស្សាហកម្មនិងសិប្បកម្ម តាមបណ្ដឹងលោក ប្រាក់ ប្រាកដ អតីតអគ្គនាយកទឹកស្អាតក្រសួងឧស្សាហកម្ម និង សិប្បកម្ម ។

ក្នុងសំណុំរឿងនោះ លោក ឌី រ័ត្នខេមរុណ និង លោកឧត្តមសេនីយ៍ត្រី ខេន សុវណ្ណ ត្រូវបានលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ សម្រេចធ្វើការចោទប្រកាន់ជាផ្លូវការពីបទ «ឆបោកមានស្ថានទម្ងន់ទោស» តាមមាត្រា ៣៧៧ និងមាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ ។ ចំណែកឈ្មោះ លី សុជាតិ ត្រូវបានចោទប្រកាន់ពីបទ «ឆបោក» តាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ។

ប្រភពព័ត៌មានទម្លាយឲ្យដឹងពីមូលហេតុថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ឈ្មោះ លី សុជាតិ ឈ្មោះ ខេន សុវណ្ណ និងឈ្មោះ ឌី រ័ត្នខេមរុណ បានណាត់ជនរងគ្រោះឲ្យទៅជួបនៅភោជនីយដ្ឋាន នាគក្រហម ទល់មុខស្នាក់ការកាកបាទក្រហមកម្ពុជា ដើម្បីនិយាយធានារឿងរត់ការឡើងតំណែងពាក់ព័ន្ធនឹងករណីរត់ការយកតំណែងរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឲ្យខ្លួនក្នុងតម្លៃ៣០ម៉ឺនដុល្លារ ។

បន្ទាប់ពីនិយាយត្រូវគ្នាគ្រប់លក្ខខណ្ឌរួចមក ឈ្មោះ ខេន សុវណ្ណ និងឈ្មោះ ឌីរ័ត្ន ខេមរុណ បានឲ្យឈ្មោះ លី សុជាតិ ទៅទទួលប្រាក់ពីជនរងគ្រោះចំនួន១២ម៉ឺនដុល្លារអាមេរិក នៅធនាគារ FTB ក្បែរផ្សារធំថ្មី និងបានតម្រូវឲ្យជនរងគ្រោះដាក់ប្លង់ដី និងប្លង់ផ្ទះចំនួន៣កន្លែងយកទៅទុកនៅឈ្មោះ ឌីរ័ត្ន ខេមរុណ ជាប្រាក់កក់មុន និងជាទ្រព្យធានាបន្ថែម ។

លុះដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ឈ្មោះ ខេន សុវណ្ណ ក៏បានឲ្យជនរងគ្រោះយកប្រាក់សុទ្ធចំនួន៤ម៉ឺនដុល្លារអាមេរិក និងបានតម្រូវឲ្យជនរងគ្រោះតម្កល់សែកមួយសន្លឹកទៀត របស់ធនាគារ FTB មានទឹកប្រាក់ចំនួន១៤ម៉ឺនដុល្លារអាមេរិក មកឲ្យខ្លួននៅចំណុចភោជីយដ្ឋាន នាគក្រហម ដើម្បីឲ្យគ្រប់ចំនួន៣០ម៉ឺនដុល្លារអាមេរិក ដែលបានព្រមព្រៀងគ្នាកន្លងមក ដូច្នេះទឹកប្រាក់សុទ្ធដែលអ្នកទាំង៣ បានទទួលពីជនរងគ្រោះចំនួន១៦ម៉ឺនដុល្លារអាមេរិក ។

ក្រោយមកដោយសារការរត់ការមិនបានសម្រេច ឈ្មោះ ខេន សុវណ្ណ ក៏បានទាក់ទងឈ្មោះ ឌីរ័ត្ន ខេមរុណ ឲ្យយកប្លង់ដី ប្លង់ផ្ទះចំនួន៣ប្លង់ ដែលកក់ទុកយកមកប្រគល់ឲ្យជនរងគ្រោះវិញ នៅចំណុចភោជនីយដ្ឋាន ដាវ ស្ថិតក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង ។ បន្ទាប់មកឈ្មោះ ខេន សុវណ្ណ និង ឌីរ័ត្ន ខេមរុណ ក៏បានឲ្យឈ្មោះ លី សុជាតិ យកប្រាក់ចំនួន៧ម៉ឺនដុល្លារអាមេរិកទៅប្រគល់ឲ្យជនរងគ្រោះវិញផងដែរ នៅសល់៩ម៉ឺនដុល្លារទៀត អ្នកទាំង៣បានប្រើល្បិចភូតកុហកជនរងគ្រោះថា ប្រាក់ដែលនៅសល់នៅអ្នកនេះ អ្នកនោះ រហូតមកទើបដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យជួយចាត់ការអ្នកទាំង៣នាក់នោះតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង