ក្រសួងអប់រំ ដាក់វិធានការទប់ស្កាត់សកម្មភាព មិនប្រក្រតីទិវានៃក្តីស្រឡាញ់(១៤កុម្ភៈ) តាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន
ក្រសួងអប់រំយុវជននិងកីឡាបានដាក់វិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។


យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាបានលើកឡើងថា ដើម្បី បន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំនូវវិធានការទប់ស្កាត់ សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់ (១៤ កុម្ភៈ) នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងឆ្នាំ២០២១។
ក្រសួងបន្តថា វិធានការទាំងនោះមាន៖ ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ តាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឱ្យមានការយល់ខុសអំពីអត្ថន័យទិវានៃក្តីស្រឡាញ់។ ត្រូវពង្រឹងការអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់ ជាពិសេសលើការគ្រប់គ្រងសីលធម៌ ដោយតាមដានវត្តមានរបស់សិស្សានុសិស្សឱ្យបានជាប់លាប់។ ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ប្រចាំសាលារៀនតាមរយៈសកម្មភាព ” មិត្តអប់រំមិត្ត “។ ជាមួយគ្នានោះដែរក្រសួងក៏បានឱ្យអ្នកពាក់ព័ន្ធ ត្រូវអប់រំណែនាំដល់សិស្សានុសិស្ស អំពីសារៈសំខាន់នៃវិធានការសុវត្ថិភាពសុខភាពសិក្សា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងកូវីដ-១៩។ ជាងនេះត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អាណាព្យាបាល និងសហគមន៍ ដើម្បីផ្តល់ និង ទទួលព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតីនានា ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការទប់ស្កាត់ និងអប់រំណែនាំកែលម្អឱ្យបានទាន់ពេលវេលា។
ក្រសួងឱ្យគ្រប់ភាគីត្រូវបន្តពង្រឹងការអនុវត្តប្រកាសលេខ១២៥៨ អយក .ប្រក ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០៩ ស្តីពី បទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានបឋមសិក្សា និងប្រកាសលេខ២៧៨៦ អយក .ប្រក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០០៩ ស្តីពីបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ។
ក្រសួងក៏បានឱ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និង កីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមសហការអនុវត្តន៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

ប្រភព៖ ក្រសួងព៍ត័មាន