ព្រះរាជអាជ្ញាខេត្តកំពង់ចាម យល់ព្រម ប្រគល់ប្រាក់ធានា១០០០០ ដុល្លារ ជូន គ្រូបង្រៀនវិញ
ប្រភពច្បាស់ការពីសាលាដំបូងខេត្តកំពង់ចាម បានអោយដឹងនៅថ្ងៃនេះថា លោក តុប ឈុនឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម ដែលកាន់សំណុំរឿង ករណីគ្រោះថ្នាក់ចរាចរណ៍ នៅភូមិ អង្គរបាន ៩ ឃុំ អង្គរបាន ស្រុក កងមាស ខេត្តកំពង់ចាម បានយល់ព្រមប្រគល់ប្រាក់ធានាចំនួន ១០០០០ ដុល្លារ ជូនទៅ លោក អ៊ូ ជាលី វិញ ។ តែការចោទប្រកាន់នៅតែបន្តចោទដដែល ។
ប្រភពដដែលបានបញ្ជាក់ថា លោកតុប ឈុនឡុង បានសម្រេចប្ដឹងសុំចៅក្រមស៊េីបសួរសម្រេចបញ្ជូនជនត្រូវចោទឈ្មោះ អ៊ូ ជាលី អាយុ ៥០ ឆ្នំា ជនជាតិខ្មែរ ពីបទ បេីកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្ដាលអោយស្លាប់អ្នកដទៃ ប្រព្រឹត្តនៅភូមិ អង្គរបាន ៩ ឃុំ អង្គរបាន ស្រុក កងមាស ខេត្ត កំពង់ចាម កាលពីថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ តាមមាត្រា ៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក ទៅជំនុំជំរះ ។
ការចោទប្រកាន់នេះ ត្រូវបានលោក អ៊ូ ជាលី បដិសេធ ដោយលោកបានអះអាងថា លោក មិនបានបេីកបុកមនុស្សស្លាប់ដូចការចោទប្រកាន់ទេ ។ ក្រៅពីសាក្សី ៩ នាក់ ដែលអះអាងថា លោក អ៊ូ ជាលី មិនបានបេីកឡានបុកមនុស្សស្លាប់ នគរបាលនាយកដ្ឋាន បច្ចេកទេស វិទ្យាសាស្រ្ត ការបានធ្វេីកោសល្យវិច្ច័យ រថយន្ដរបស់លោក អ៊ូ ជាលី និង បានបញ្ជាក់ថា រថយន្តរបស់លោក អ៊ូ ជាលី មិនបានបង្ករគ្រោះថ្នាក់ចរាចរទេ ។ ចំណែកនគរបាលចរាចរណ៍ក្រសួងមហាផ្ទៃ ក៏បានចុះស្រាវជ្រាវ រកឃើញថា ពេលវេលាកេីតហេតុ និង ពេលវេលាចាប់ខ្លួនលោក អ៊ូ ជាលី និង ចម្ងាយផ្លូវពីកន្លែងកេីតហេតុ ទៅ កន្លែងឃាត់ខ្លួន មិនស៉ីចង្វាក់គ្នាទេ ។ មានន័យថា ករណីគ្រោះថ្នាក់ចរាចរណ៍បានកេីតឡេីងភូមិ អង្គរបាន ៩ ឃុំ អង្គរបាន ស្រុកកងមាស ខេត្ត កំពង់ចាម វេលាម៉ោង ៧:៤១ នាទី យប់ ចំណែកម៉ោងចាប់ខ្លួនលោក អ៊ូ ជាលី គឺ នៅវេលាម៉ោង ៧:៤២ នាទី ស្ថិតនៅភូមិ កងតាណឹងទី ២ ឃុំ កងតាណឹង ស្រុក កងមាស ខេត្តកំពង់ចាម ដែលមានចម្ងាយ ជាង ២០ គីឡូម៉ែត្រ ពីកន្លែងកើតហេតុ ។ ម្យ៉ាងទៀត ស្លាកលេខរថយន្ដបង្ករហេតុដែលថតបានដោយ កាម៉េរ៉ា សុវត្ថិភាព របស់ស្ថានីយ៍នៅកន្លែងកើតហេតុ គឺជាស្លាកលេខខ្លី ចំណែក រថយន្តរបស់លោក អ៊ូ ជាលី ស្លាកលេខវែង ។
សង្ឃឹមថា លោកចៅក្រម នឹង ពិចារណាចំពោះការភស្តុតាងនានា និង ផ្ដល់យុត្តិធម៌ពិតប្រាកដជូនដល់លោកគ្រូ អ៊ូ ជាលី ។