មូលហេតុចម្បងមួយចំនួន ទាក់ទិននឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»
(ភ្នំពេញ)៖ នៅក្នុងការអញ្ជើញថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទូចឲ្យប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ កុំចេញពីផ្ទះ ក្នុងករណីមិនចាំបាច់។


សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំស្នើឱ្យប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ សូមកុំចេញពីផ្ទះ ក្នុងករណីមិនចាំបាច់ព្រោះថាក្នងអំឡុងពេលនេះ យើងពុំទាន់ដឹងថាអ្នកដែលពាក់ព័ន្ធនឹងក្លិបN8 បានចល័ត ឬធ្វើដំណើរទៅទីណាខ្លះនៅឡើយទេ។”
គួរបញ្ជាក់ផងដែរងា ក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ដែលសម្តេចតេជោ ទើបដាក់នាមឲ្យនាព្រឹកនេះ ត្រឹមតែរយៈពេល១០ម៉ោង ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីចំនួន៣២នាក់។
ទាក់ទិននឹងករណីផ្ទុះឆ្លងខាងលើនេះ សម្តេចតេជោ បានដាក់មូលហេតុចម្បងមួយចំនួន៖ មូលហេតុទី១ :បណ្តាលមកពីបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានបំណងទៅក្រៅប្រទេស ប៉ុន្តែគាត់មានផ្ទុកវិជ្ជមានកូវីដ១៩, មូលហេតុទី២: បណ្តាលមកពីអ្នកដែលពាក់ព័ន្ធនិងក្លឹបN8 ដែលនៅក្នុងនោះក៏មានអ្នកវិជ្ជមានកូវីដ១៩ផងដែរ និងមូលហេតុទី៣: បណ្តាលមកពីស្រ្តី៤ នាក់ ជនជាតិចិន ដែលបានរត់គេចចេញពីសណ្ឋាគារសុខា៕
ប្រភព៖ ក្រសួងព័ត៍មាន