ក្មេងស្រីម្នាក់ រត់ចេញពីសណ្ឋាគារ និងកាស៊ីណូរបស់ចិន ស្រែកផងយំផងថា ជួយខ្ញុំផង
នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ មានការផ្ទុះភ្ញាក់ផ្អើលមួយកើតឡើង ដោយសារតែក្មេងស្រីម្នាក់ បានរត់ចេញ ពីសណ្ឋាគារសណ្ឋាគារ និងកាស៊ីណូ (ហាវឆឹង ហៅរលកធំ)របស់ជនជាតិចិន ស្រែកផងយំផងថា (ជួយខ្ញុំផង) ប៉ុន្តែចុះដល់ខាងមុខអាគារ ត្រូវបានសន្តិសុខធ្វើការចាប់ទុកប្រគល់ជូនសមត្ថកិច្ច។
សណ្ឋាគារ និងកាស៊ីណូហាវឆឹង មានទីតាំងនៅខាងមុខកាហ្វេស្តារ ផាកតាមបណ្ដោយវិថី៧មករា ស្ថិតក្នុងភូមិលេខ៣ សង្កាត់៤ ក្រុង ព្រះសីហនុ ហើយទើបបើកដំណើរការ បានប៉ុន្មានថ្ងៃប៉ុណ្ណោះ។
ក្រោយកើតហេតុ ភ្លាមៗកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ក៏បានចុះដល់ចំណុច កើតហេតុផងដែរ និងបានធ្វើការឆែកឆេរបន្ទប់លេខ៨៦០៥ជាន់ទី៦ ដែលជាបន្ទប់របស់ ស្ត្រីវ័យក្មេងខាងលើស្នាក់នៅ ឃើញមានសុទ្ធថ្នាំញៀននៅរាយប៉ាយពេញលើគ្រែពូក និងឈានដល់ការចាប់ខ្លួនមនុស្សប្រុសស្រីចំនួន៣នាក់ ផ្សេងទៀតក្នុងនោះមានបុរសជនជាតិចិនម្នាក់ផងដែរ។
បើតាមរបាយការណ៍របស់កងកម្លាំងការិយាល័យបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ការធ្វើការ ឃាត់ខ្លួន បានចំនួន០៤នាក់នេះ គឺធ្វើឡើងក្រោមការដឹកនាំ ដោយលោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
ជនសង្ស័យចំនួន៤នាក់រួមមាន ៖ ទី១-ឈ្មោះ ណាន ខៃ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរ ជាបុគ្គលិកសណ្ឋាគារ ស្រុកកំណើត ប្រទេសចិនបច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ទី២- ឈ្មោះ ស្រ៊ុន សុថៃលីន ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបម្រើការខារ៉ាអូខេ ស្រុកកំណើតភូមិ៤សង្កាត់៤ ខេត្តព្រះសីហនុ បច្ចុប្បន្នស្នាក់នៅ ភូមិ៣សង្កាត់៤ ក្រុងព្រះសីហនុ។ ទី៣ – ឈ្មោះ សុត រចនា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ខារ៉ាអូខេ ស្រុកកំណើត ភ្នំពេញបច្ចុប្បន្នស្នាក់នៅ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។ ទី៤-ឈ្មោះ នី នាងតូច ភេទស្រី អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ខារ៉ាអូខេ ស្រុកកំណើត ភូមិបឹងរាំង ឃុំភ្នំតូច ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។
ក្រោយពេល ឆែកឆេរ និងចាប់ខ្លួន សមត្ថកិច្ច បានធ្វើការដកហូតវត្ថុតាងបទល្មើសជាក់ស្ដែង រួមមានទី១/ ម្សៅ សថ្លា ចំនួន២ កញ្ចប់ ទម្ងន់ ២,៣០ ក្រាម .ទី២/ ថ្នាំខេចំនួន២កញ្ចប់ទម្ងន់១,៦៦ ក្រាម .ទី៣/ ថ្នាំពណ៌បៃតង ចំនួន៦ទម្ងន់២,៨២ ក្រាម .ទី៤/ កញ្ឆាមូលជាបារីចំនួន៤ដើម .ទី៥/ដែកកេះចំនួន៥. ទី៦/ទូរស័ព្ទចំនួន០១គ្រឿង។
បើតាមចម្លើយរបស់ក្មេងស្រីជាជនជាតិខ្មែរប្រាប់ថា ពួកនាងមិនមែនជាអ្នកជួញដូរគ្រឿងញៀននេះទេ គ្រាន់តែធ្លាប់តែប្រើប៉ុណ្ណោះ ហើយគ្រឿងញៀននេះជារបស់ជនជាតិចិនឈ្មោះ ណាន ខៃ ដោយពួកនាងមិនថា គ្រឿងញៀនច្រើនយ៉ាងនេះ ជនជាតិចិននោះ យកមកពីទីណានោះដែរ ដោយពួកនាងត្រូវបានជនជាតិចិននោះ នាំមកស្នាក់នៅក្នុងសណ្ឋាគារនេះនៅព្រឹក ថ្ងៃទី២៤នេះ ប៉ុណ្ណោះ។
ចំណែកក្មេងស្រីម្នាក់ទៀត ដែលសង្ស័យថាប្រើគ្រឿងញៀនលើសកម្រិតរហូតដល់មានកាយវិការប្លែកៗចុះរត់ផ្អើលគេឯងនោះ ពួកនាងថា បានយកគ្រឿងញៀនលាយជាមួយ ភេសជ្ជៈ គោជល់ ហើយផឹក ទើបមានអាការៈ ដូច្នេះតែម្ដង។
ពាក់ព័ន្ធទៅនឹងហេតុការណ៍ខាងលើនេះ ដំបូងឡើយក្រុមអ្នកសារព័ត៌មាន មិនត្រូវបានមេការសណ្ឋាគារ និងកាស៊ីណូ ដែលជាជនជាតិចិនអនុញ្ញាតឲ្យចូលយកព័ត៌មាន ឬថតរូបនោះឡើយ តែក្រោយមក ដោយមានការសម្របសម្រួលពីសមត្ថកិច្ច ទើបអ្នកសារព័ត៌មានអាចចូលថត និងយកព័ត៌មានបាន។ ជាមួយនឹងបញ្ហានេះ ខណៈពេល ក្រុមអ្នកសារព័ត៌មាន កំពុងបំពេញភារកិច្ច ក៏មានជនជាតិចិន ម្នាក់ទៀត ដែល គេអះអាងថា ជាមេការធំមើលការខុសត្រូវសណ្ឋាគារ និងកាស៊ីណូ ហាវឆឹង ហៅរលកធំ នេះ បានបើកបង្ហាញរូបថត យោធា ជាន់ ខ្ពស់ដ៏មានឥទ្ធិពលម្នាក់ ដែលមាននៅក្នុងទូរសព្ទរបស់ខ្លួន ប្រាប់អ្នកសារព័ត៌មានថា មន្ត្រីយោធារូបនេះ គឺជាថៅកែ ធំរបស់ពួកគេ។ ការបង្ហាញរូបថត ថ្នាក់នាយឧត្ដមសេនីយ៍ បែបនេះមិនដឹងថា ពួកគាត់ ជាជនជាតិចិន ចង់មាន មានន័យ បែបណានោះទេ ជាមួយក្រុមអ្នកសារព័ត៌មាន។
បច្ចុប្បន្ន ជនជាប់សង្ស័យទាំង៤នាក់ខាងលើ កំពុងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការសាក សួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុចាត់ការតាមផ្លូវច្បាប់៕ ប្រភព កម្ពុជា ថ្មី