CAMSOC បង្ហាញកម្មវិធីប្រកួតស៊ីហ្គេម ២០២១ និងវិធានការបង្ការកូវីដ-១៩

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបង្ហាញពីកាលបរិច្ឆេទសំខាន់នៃការចូលរួម ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ព្រមទាំងវិធានការបង្ការជំងឺកូវីដ-១៩ ទាំងទៅទាំងមករបស់ក្រុមកម្ពុជា។

Banner Sidebar 1 – ទឹកលាងដៃ

ឯកឧត្តមអគ្គលេខាធិការគូសបញ្ជាក់ថា សម្រាប់ការត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី២១ខែវិច្ឆិកា ដល់ថ្ងៃទី០២ធ្នូ ឆ្នាំ២០២១ គឺកម្ពុជានឹងបញ្ជូនគណៈប្រតិភូនៃប្រភេទកីឡាចំនួន៣២ ទៅចូលរួមប្រកួតប្រជែងមេដាយ។ ចំពោះកាលបរិច្ឆេទការងារ ដែលសហព័ន្ធកីឡាជាតិត្រូវត្រៀមលើការងារសំខាន់ៗមានដូចជា៖ ថ្ងៃទី១៥ ខែមិថុនា២០២១ នឹង ទទួលបានការកំណត់បច្ចេកទេស (Technical Handbook)ពីម្ចាស់ផ្ទះវៀតណាម, ថ្ងៃទី២៣ ខែកក្កដា ២០២១ ផុតកំណត់នៃការចុះឈ្មោះចូលរួមប្រកួត, ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បិទបញ្ចប់ការចុះឈ្មោះយក ID និងប័ណ្ណចូលរួម។ ថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ២០២១ ជាថ្ងៃចុះហត្ថលេខាចុងក្រោយចំពោះឈ្មោះប្រតិភូកីឡាករដែលត្រូវចូលរួម។ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ពិធីបើកផ្លូវការ និងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ គឺជាថ្ងៃប្រារព្ធពិធីបិទជាផ្លូវការ ដែលនៅកម្មវិធីបិទនេះ គឺកម្ពុជានឹងសម្តែងសិល្បៈវប្បធម៌-កីឡា និងទទូលទង់ស៊ីហ្គេមពីម្ចាស់ផ្ទះវៀតណាម ដែលជាការប្រកាសជាផ្លូវការ ក្នុងការទទួលស្វាគមន៍បណ្តាប្រទេសអាស៊ីអាគ្នេយ៍មកចូលរួមស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។

ចំពោះវិធានការសុខាភិបាល ក្នុងការបង្ការការចម្លងជំងឺកូវីដ-១៩ ត្រូវបានឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា គណៈកម្មការស៊ីហ្គេម វៀតណាមនឹងសួរបញ្ជាក់ទៅបណ្តាប្រទេសដែលចូលរួមថាតើប្រតិភូកីឡា កីឡាករ កីឡាការិនីចូលរួមទាំងអស់បានទទួលការចាក់វ៉ាក់សាំងហើយ ឬនៅ។ ១៤ថ្ងៃ មុនចេញទៅវៀតណាម គឺកម្ពុជានឹងមានរៀបចំគណៈកម្មការវេជ្ជសាស្រ្ត និងដូពីង ដើម្បីត្រួតពិនិត្យជំងឺកូវីដ-១៩ និងសុខភាពជាប្រចាំរបស់កីឡាករ-កីឡាការិនី និងប្រតិភូ ដោយត្រូវរាយការណ៍ទៅគណៈកម្មការវៀតណាមជាប្រចាំ ផងដែរ។ ជាមួយគ្នានេះ គ្រប់ប្រតិភូ កីឡាករ កីឡាការិនីទាំងអស់ ត្រូវធ្វើតេស្តរកកូវីដ-១៩រយៈពេល៧២ម៉ោងមុនចេញដំណើរ និងទទួលបានលិខិតបញ្ជាក់ ដើម្បីភ្ជាប់ជាមួយលិខិតឆ្លងដែនសម្រាប់ធ្វើដំណើរ។

ឯកឧត្ដមបានបញ្ជាក់បន្ថែមថា សម្រាប់ពេលទៅដល់ប្រទេសវៀតណាម ចុះពីលើយន្តហោះភ្លាម មានក្រុមការងាររបស់ម្ចាស់ផ្ទះ បញ្ជូនយើងទៅធ្វើតេស្តជាមុនសិន មុននឹងចេញធ្វើដំណើរទៅកន្លែងផ្សេងៗទៀត ហើយមុនត្រឡប់មកពីវៀតណាមវិញ នឹងត្រូវធ្វើតេស្តរកកូវីដ-១៩ ម្តងទៀត ហើយគេនឹងចេញលិខិតបញ្ជាក់ឱ្យយើងសម្រាប់ត្រឡប់មកវិញ៕

ប្រភព៖ក្រសួងព័ត៍មាន

អត្ថបទដែលជាប់ទាក់ទង