សេចក្តីបញ្ជាក់របស់ក្រុមមេធាវីការពារក្តី កញ្ញាមាន ពេជ្ររីតា :
ដោយទទួលបានព័ត៌មាន ដែលមានប្រភពពុំច្បាស់លាស់ ពីមួយទៅមួយ ថា : សំណុំរឿងដ៏កក្រើកពាក់ព័ន្ធ ឧកញ៉ាហេង សៀ និងពីធីការនីមាន ពេជ្ររីតា ត្រូវបានបញ្ចប់ស្ងាត់ៗ តាមរូបភាពចចារគ្នា ។ ក្រុមមេធាវីការពារក្តីឲ្យកញ្ញាមាន ពេជ្ររីតា សុំបញ្ជាក់ថា ពុំមានករណីដូចនេះកើតឡើងនោះទេ ។ បច្ចុប្បន្ននេះ សំណុំរឿងលោកហេង សៀ ប្តឹងកញ្ញាមាន ពេជ្ររីតា កំពុងធ្វើចំណាត់ការតាមនីតិវិធី ដោយចៅក្រមស៊ើបសួរ ជាសមត្ថកិច្ច ( កញ្ញាមាន ពេជ្ររីតា បានចូលបំភ្លឺចំនួន២លើក រួចហើយ ឯភាគីលោកហេង សៀ ក៏បានចូលបំភ្លឺ១លើក រួចហើយដែរ នៅចំពោះមុខចៅក្រមស៊ើបសួរ ) ។ ពេលនេះ ដោយសារពិនិត្យឃើញ មាន ពេជ្ររីតា គ្មានកំហុស មេធាវីការពារសិទ្ធិបានដាក់ពាក្យស្នើសុំទៅចៅក្រមស៊ើបសួរ លើកលែងចោទប្រកាន់ រួចហើយ ។
ដោយឡែកចំពោះបណ្តឹងដែលកញ្ញា មាន ពេជ្ររីតា ប្តឹងលោកឧកញ៉ាហេង សៀ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានព្រះរាជអាជ្ញា បង្វិលទៅស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបឋម ( ភាគីដើមបណ្តឹង មាន ពេជ្ររីតា អមការពារដោយមេធាវីសម្តេចតេជោ បានចូលបំភ្លឺជូនសមត្ថកិច្ចនគរបាលរួចហើយ តែចំពោះភាគីលោកហេង សៀ ពុំបានទទួលព័ត៌មានច្បាស់ថា សមត្ថកិច្ចហៅចូល ឬមិនទាន់ហៅចូល នៅឡើយ ) ។
ក្រុមមេធាវីការពារ កញ្ញាមាន ពេជ្ររីតា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះចំណាត់ការ នីតិវិធី លើសំណុំរឿងទាំងពីរ នេះ ។
ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ.សុំធ្វើការអំពាវនាវ ចំពោះបងប្អូនដែលនិយម Comments តាមបណ្តាញទំនាក់ទំនងសង្គម សុំមេត្តាពិនិត្យពិចារណាផ្ទៀងផ្ទាត់ព័ត៌មាន ឲ្យបានច្បាស់លាស់សិន មុនធ្វើសេចក្តីសន្និដ្ឋាន ឬវិនិច្ឆ័យ ។
មនុស្សគ្រប់រូប ចង់បានណាស់ការរស់នៅដោយសុខសាន្ត ក្នុងសេចក្តីថ្លៃថ្នូរ កិត្តិយស និងយុត្តិធម៌សង្គម ។ យើងមិនត្រូវប្រើមាត់ស្រែកថាចង់បាន « យុត្តិធម៌ » តែបែជាប្រើដៃទទួលយក ឬការពារ « អយុត្តិធម៌ » ទៅវិញនោះទេ ។ បើពិតជាចង់បានយុត្តិធម៌ យើងត្រូវមានចិត្តបរិសុទ្ធ ការពារ និងទទួលយក « យុត្តិធម៌ » ។