តុលាការមុខដែក ប៉ាវ ចិន ជានរណា ?
តុលាការមុខដែក ប៉ាវចិន (Bao Zheng) គឺជាមន្ត្រីមួយរូបនៅក្នុងជំនាន់រជ្ជកាល សុង ដែលមានភាពល្បីល្បាញ ខ្លាំង ដោយសារតែការកាត់ក្ដីឥតលម្អៀងរបស់គាត់។ សាច់រឿងរបស់លោកត្រូវបានក្រុមទូរទស្សន៍យកមកថតជាភាពយន្ត ភាគ ហើយទទួលបានគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា។ ភាពយន្តដំបូងបង្អស់ថតដោយក្រុមហ៊ុនទូរទស្សន៍តៃវ៉ាន់ Chinese Television System Inc. នៅឆ្នាំ១៩៧៤ ដោយដំបូងឡើយគ្រោងថតតែ ៣០ភាគប៉ុណ្ណោះ តែត្រូវបានពន្លាតរហូតដល់ ៣៥០ ភាគឯណោះ ព្រោះមានការគាំទ្រច្រើន។ ក្រោយមកៗទៀត ក៏មានការថតសាជាថ្មីជាហូរហែនៅ ឆ្នាំ១៩៨៧ ១៩៩៣ ២០០៣ ២០០៨ និងចុងក្រោយនៅឆ្នាំ២០១០។
អ្វីដែលយើងតែងកត់សម្គាល់ចំពោះតួអង្គរបស់ប៉ាវចិន គឺថាលោកមានមុខខ្មៅងងឹតខ្លាំង ហើយនៅចំកណ្ដាលថ្ងាសមានរូបព្រះចន្ទមួយចំណិតថែមទៀតផង។ តើតុលាការមុខដែករូបនេះ ពិតជាមានមុខខ្មៅញូញនិងព្រះចន្ទនៅចំថ្ងាសប្រាកដដែរឬទេ?
តួអង្គសម្ដែងនៅក្នុងខ្សែភាពយន្ត
ចម្លើយយ៉ាងខ្លីគឺថា “ទេ”។ លោកម្ចាស់ប៉ាវ គឺជាមនុស្សដែលសម្បុរសមិនដូចការតុបតែងឲ្យខ្មៅងងឹតដូចនៅក្នុងរឿងភាគនោះឡើយ។ យោងតាមកំណត់ត្រាប្រវត្តិសាស្ត្រ ក្នុងសៀវភៅ Luzhou លោកម្ចាស់ប៉ាវមានរូបរាងសាមញ្ញតែថ្លៃថ្នូរ ហើយលោកមានពុកចង្កាពណ៌ស។ ចំណែកឯរូបព្រះចន្ទមួយចំណិតនៅចំកណ្ដាលថ្ងាសរបស់លោក ក៏ជារឿងប្រឌិតផងដែរ។ បើតាមពិតទៅការបន្ថែមរូបព្រះចន្ទមួយចំណិតនេះដោយសារខាងភាពយន្ត ចង់បង្ហាញអំពីភាពអង់អាចត្រឹមត្រូវឥតល្អៀងរបស់លោក។ ពន្លឺព្រះចន្ទ ប្រៀបប្រដូចនឹងការចាប់កំណើតរបស់លោកម្ចាស់់ប៉ាវនៅទីកន្លែងដែលពោរពេញទៅដោយភាពខ្មៅងងឹតអ៊ីចឹង។
សូមបញ្ជាក់ថា លោកម្ចាស់ប៉ាវ កើតនៅថ្ងៃទី១១ ខែមេសា ឆ្នាំ៩៩៩ ក្នុងស្រុក Hefei ខេត្ត Anhui ប្រទេសចិន។ លោកបានទទួលមរណភាព នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១០៦២ ក្នុងវ័យ ៦២ឆ្នាំ។ មុនស្លាប់លោកម្ចាស់ប៉ាវចិន បានបន្សល់ទុកបណ្ដាំមួយទៅកាន់ក្រុមគ្រួសាររបស់លោកថា៖ “កូនចៅជំនាន់ក្រោយរបស់ខ្ញុំមួយណាក៏ដោយ អោយតែប្រព្រឹត្តអំពើពុករលួយ ក្នុងនាមជាមន្ត្រីនឹងមិនត្រូវអនុញ្ញាតឲ្យឈានជើងចូលក្នុងផ្ទះ ឬបញ្ចុះសពនៅផ្នូរដូនតាឡើយ។ នរណាដែលមិនគោរពតាមបណ្ដាំរបស់ខ្ញុំ គឺមិនជាកូនចៅរបស់ខ្ញុំនោះទេ”៕
ប្រភព៖ TheEpoch Times |People Pill ប្រែសម្រួល៖ឈាង.