រដ្ឋបាលរាជធានីភ្នំពេញ កំពុងស្តារប្រឡាយលូ៥ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ដើម្បីបង្ហូរជំនន់ទឹកភ្លៀងនារដូវវស្សានេះ
ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងស្តារប្រឡាយលូ៥ ដែលមាន ប្រវែងជាង១គីឡូម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដើម្បីបង្ហូរជំនន់ ទឹកភ្លៀងនារដូវវស្សានេះ ពិសេសកុំឱ្យហូរចូលទៅ ប្រឡាយបឹងទំពន់ និងលិចលង់លំនៅ ឋានប្រជាពលរដ្ឋ។
លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះថា ដោយ មានការយកចិត្តទុកដាក់ និងមានការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ ក្នុងការដោះស្រាយការស្តារប្រព័ន្ធបង្ហូរទឹក ជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញ ខណៈមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយចម្រោះទឹកកខ្វក់ បាននិងកំពុងធ្វើសកម្មភាពស្តារប្រឡាយលូ៥ ដើម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សានេះ និងមួយផ្នែកទៀត កុំឱ្យហូរចូលទៅប្រឡាយ បឹងទំពន់ និងជន់លិចលំនៅឋានប្រជាពលរដ្ឋ។
លោក ដួង ចាន់សារ៉ាត់ បានបន្តទៀតថា ប្រឡាយលូ៥ មានប្រវែងជាង១០០០ម៉ែត្រ ទទឹងមានទំហំពី១៥ ទៅ ៣០ម៉ែត្រ ចាប់ពីប្រឡាយលូប្រាំផ្លូវវេងស្រេង ដល់ស្ថានីយបូម ទឹកលូ៥ ហើយការចាប់ផ្តើមស្តារនេះ ដោយប្រើប្រាស់សាឡង់ កាលពីថ្ងៃទី១៩ ខែមិថុនា ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែកក្កដាខាងមុខ។ ប្រឡាយនេះមានតួនាទី យ៉ាងសំខាន់ក្នុងការរំដោះទឹកក្នុងមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ដោយទឹកហូរចូលប្រឡាយលូ៥ ទៅស្ថានីយលូ៥ ទើបបូមទម្លាក់ទៅ ប្រឡាយមេ និងបន្តចុះទៅជើងឯក។
លោក ដួង ចាន់សារ៉ាត់ បន្តទៀតថា ប្រឡាយលូ៥នេះពោរពេញទៅ ដោយសំរាម និងភក់ ពិសេសកាកអំពៅត្រូវបានប្រជាពល រដ្ឋដឹកទៅទម្លាក់ចូលក្នុងប្រឡាយនេះតែម្តង។ លោកក៏សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ មេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវទៅតាម ទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ កុំបោះសំរាមចូលក្នុងប្រឡាយទឹក នាំឱ្យបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ៕