មន្ត្រីនគរបាលស័ក្ដិ៍៣ បើកឡានបុកប្រជាជនហេីយចុះវាយថែមទៀតគ្មានសមត្ថកិច្ចណាហ៊ានប៉ះ
មន្ដ្រីនគរបាលខេត្តកណ្ដាលម្នាក់ បានបង្ហាញចរិកទំនើងដោយបើករថយន្តកៀរ និងបុករថយន្ដរបស់អ្នកដំណើរផ្សេងទៀតដែលកំពុងធ្វើដំណើរតាមដងផ្លូវ ហើយថែមទាំងវាយដំទៀតផងដោយមិនខ្លាច ឬញញើតច្បាប់ទាល់តែម្ដង។
ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះនៅចំណុចផ្លូវស្អាងភ្នំ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្ដាល ខណៈមូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេថា ដើមចមនៃរឿងនេះផ្ដើមចេញអីរឿងអ្វីឲ្យប្រាកដ។
តាមរយៈវីដេអូដែលបង្ហាញដោយកាមេរ៉ាសុវត្ថិភាព មន្ដ្រីនគរបាលបង្កខាងលើបើករថយន្ដម៉ាក Honda CRV ពណ៌ទឹកប្រាក់។ ដោយឡែករថយន្ដរបស់ជនរងគ្រោះម៉ាក Lexus RX330 ពាក់ផ្លាកលេខភ្នំពេញ 2AX-9631។
មន្ដ្រីនគរបាលរូបនេះ ត្រូវបានគេទម្លាយថាឈ្មោះ ហែន លីណា អាយុ ៣១ឆ្នាំ មានទីលំនៅភូមិស្វាយជួ ឃុំកោះខែលស្រុកស្អាង ខេត្តកណ្តាល ឋានន្ដរស័ក្ដិអនុសេនីយ៍ឯក(ស័ក្ដិ៣) បម្រើការងារនៅការិយាល័យចាត់តាំងបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអះអាងថា ដំបូងឡើងគេឃើញរថយន្ដរបស់ជនរងគ្រោះបើកពីមុខរថយន្ដមន្ដ្រីនគរបាល លុះដល់កន្លែងកើតហេតុស្រាប់តែមន្ដ្រីនគរបាលបើករថយន្ដវ៉ាកាក់ពីមុនរថយន្ដជនរងគ្រោះដើម្បីឲ្យឈប់។ពេលនេះមន្ដ្រីនគរបាលខាងលើ បានថយរថយន្ដមកបុករថយន្ដជនរងគ្រោះ និងចុះពីលើរថយន្ដវាយទាំងកម្រោលមកលើជនរងគ្រោះតែម្ដង ទើបបង្កឲ្យមានការភ្ញាក់ដល់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ។
បើតាមប្រភពព័ត៌មាន ក្រោយបង្កហេតុភាគឺ ទាំងសងខាងត្រូវបានសមត្ថកិច្ចហៅទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីធ្វើការសួរនាំ ប៉ុន្ដែនៅពេលទៅដល់កន្លែងសមត្ថកិច្ចមន្ដ្រីនគរបាលបង្កហាក់មិនព្រមសហការនោះទេ ហើយថែមទាំងបង្កហិង្សាមកលើសាច់ញាតិរបស់ជនរងគ្រោះបន្ថែមទៀតផង។
យ៉ាងណាមិញសម្រាប់សកម្មភាពទាំងអស់នេះត្រូវបានជនរងគ្រោះសម្រេចដាក់ពាក្យបណ្ដឹងចំនួន២ករណីតែម្ដងដោយទី១៖បណ្ដឹងរឿងគ្រោះថ្នាក់ចរាចរណ៍និងទី២៖បណ្ដឹងរឿងបង្កហិង្សា។
ជុំវិញករណីនេះ ប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅសង្ឃឹមថា ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល នឹងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីរកមូលហេតុ និងឈានទៅចាត់វិធានការតាមផ្លូវច្បាប់ចំពោះមន្ដ្រីនគរបាលខាងលើដើម្បីឲ្យជនរងគ្រោះទទួលបានយុត្តិធម៌ផងដែរ។