ពលរដ្ឋម្នាក់ប្តឹងលោក ពេញ សុផុន មន្ត្រីក្រឡាបញ្ជីតុលាការខេត្តស្វាយរៀង ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស៊ីដាច់លុយជិត ១ម៉ឺនដុល្លារ រត់ការឲ្យឈ្នះក្តី
(ភ្នំពេញ)៖ លោកស្រី ឈឿ កាចាន់ អាយុ ៥០ឆ្នាំ រស់នៅភូមិទួសស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ បានដាក់ពាក្យប្តឹងលោក ពេញ សុផុន ជាមន្ត្រីក្រឡាបញ្ជីនៃសាលាដំបូងខេត្តស្វាយរៀង ទៅកាន់ក្រសួងយុត្តិធម៌។
បើយោងតាមពាក្យបណ្តឹងដែល យេីងទើបតែទទួល បានរៀបរាប់ថា កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ លោកស្រី ឈឿ កាចាន់ បានដាក់ពាក្យប្តឹងសុំឱ្យតុលាការខេត្តស្វាយរៀង ទទួលស្គាល់លិខិតលក់-ទិញដីស្រែ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៩៩ រវាងលោកស្រី ឈឿ កាចាន់ និងឈ្មោះ សរ រឿន ជាប្តី និងឈ្មោះ ពៅ សេន ជាប្រពន្ធ នៅចំណុចភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ជាមួយគ្នាលោកស្រី ឈឿ កាចាន់ ការបានស្នើសុំឱ្យតុលាការខេត្តស្វាយរៀង មោឃៈភាពលិខិតបញ្ជាក់ទទួលស្គាល់ដី ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៥ របស់ឈ្មោះ ធឿន រដ្ឋា ជាន់លើដីរបស់លោកស្រី នៅចំណុចភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ពេលរឿងក្តីនេះ ដំណើរការនីតិវិធី លោក ពេញ សុផុន បានកោះហៅលោកស្រី ឈឿ កាចាន់ ឱ្យឆ្លើយអំពីដំណើររឿងដែលលោកស្រីបានប្តឹងទៅតុលាការ។
នៅពេលនោះហើយ ដែលលោក ពេញ សុផុន បានទារលុយពីលោកស្រី ឈឿ កាចាន់ ចំនួន ៨,៣០០ដុល្លារសហរដ្ឋអាមេរិកដើម្បីរត់ការ និងសន្យាថានឹងឱ្យលោកស្រីឈ្នះលើរឿងក្តីនេះ។
លោកស្រី ឈឿ សុផុន បានបញ្ជាក់ក្នុងពាក្យបណ្តឹងថា លោកស្រីបានប្រគល់លុយទៅឱ្យលោក ពេញ សុផុន ចំនួន ៦លើក៖លើកទី១ ចំនួន ២,៥០០ដុល្លារ, លើកទី២ ចំនួន ១,៥០០ដុល្លារ, លើកទី៣ ចំនួន ១,៥០០ដុល្លារ, លើកទី៤ ចំនួន ១,៥០០ដុល្លារ, លើកទី៥ ចំនួន ៨០០ដុល្លារ និងលើកទី៦ ចំនួន ២០០០ដុល្លារ។
ទីបំផុតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ តុលាការខេត្តស្វាយរៀង បានប្រកាសសាក្រមឱ្យលោកស្រីចាញ់ក្តីឈ្មោះ ធឿន រដ្ឋា ដោយមិនដូចអ្វីដែលលោក ពេញ សុផុន នោះទេ។
ព្រោះតែលោកស្រី ឈឿ កាចាន់ បានចាញ់ក្តីបែបនេះហើយ ទើបលោកស្រី បានទៅទាមទារលុយចំនួន ៨,៣០០ដុល្លារ ពីលោក ពេញ សុផុន មកវិញ ប៉ុន្តែមិនត្រឹមតែមិនព្រមប្រគល់លុយជូនលោកស្រីវិញនោះទេ លោក ពេញ សុផុន ថែមទាំងគំរាមលោកស្រីថែមទៀត។
ដោយសារតែចាញ់បោកលោក ពេញ សុផុន ដូច្នេះហើយ ទើបលោកស្រី ឈឿ កាចាន់ សម្រេចដាក់ពាក្យប្តឹង មន្ត្រីក្រឡាបញ្ជីរូបនេះទៅកាន់ក្រសួងយុត្តិធម៌ដើម្បីឱ្យជួយរកយុត្តិធម៌។
សូមជម្រាបជូនថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ លោកស្រី ឈឿ កាចាន់ ធ្លាប់បានប្តឹងលោក ពេញ សុផុន ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយផងដែរ៕ ប្រភព ANN007