អតីតកំពូលអ្នកប្រដាល់គុនខ្មែរ លោក អេ ភូថង ទទួលបានការឧបត្ថម្ភទឹកប្រាក់ ២.០០០ដុល្លារអាម៉េរិក ដែលកំពុងមានជំងឺកូវីដ-១៩ និងជំងឺប្រចាំកាយ
អតីតកំពូលអ្នកប្រដាល់គុនខ្មែរដ៏ល្បីល្បាញរបស់កម្ពុជា គឺលោក អេ ភូថង ដែលឆ្លងជំងឺកូវីដ-១៩ និងមានជំងឺផ្សេងៗប្រចាំកាយផងនោះ ទទួលបានការឧបត្ថម្ភជាទឹកប្រាក់ចំនួន ២.០០០ដុល្លារអាម៉េរិក ពីយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្រុមការងារផ្នែកសិល្បៈ និងកីឡា កាលពីថ្ងៃ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។
ពិធីប្រគល់អំណោយ និងសួរសុខទុក្ខ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធ ZOOM ដែលមានការចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំយុវជន និងកីឡា រួមទាំងសមាជិកផ្នែកសិល្បៈ និងកីឡា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ។
ឯកឧត្តម សុខ សង្វារ ប្រធានក្រុមកីឡាផ្នែកសិល្បៈ និងកីឡា តំណាងលោកជំទាវ ដាំ ដារិនី ប្រធានផ្នែកសិល្បៈ និងកីឡា បាននាំយកប្រាក់ឧបត្ថម្ភរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្រុមការងារផ្នែកសិល្បៈ និងកីឡា គូសបញ្ជាក់ថា ថវិកាចំនួន ២.០០០ដុល្លារអាម៉េរិកនេះ ជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ចំនួន ១.០០០ដុល្លារអាម៉េរិក និងថវិការៃអង្គាសពីក្រុមការងារផ្នែកសិល្បៈ និងកីឡានៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចំនួន ១.០០០ដុល្លារអាម៉េរិក។
ឯកឧត្តមក៏បានពាំនាំការសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ជូនចំពោះលោក អេ ភូថង និងឱ្យលោកខិតខំថែរក្សាសុខភាព ឱ្យឆាប់បានជាសះស្បើយពីជំងឺ។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះលោក អេ ភូថង ក្នុងការចូលរួមលើកកម្ពស់ប្រដាល់គុនខ្មែរលើឆាកអន្តរជាតិ បណ្តុះបណ្តាលយុវជនឱ្យស្រឡាញ់ និងចូលរួមថែរក្សាប្រដាល់គុនខ្មែរ ដែលជាមរតកដ៏មានតម្លៃរបស់ជាតិទាំងមូល។
លោក អេ ភូថង បង្ហាញនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ដែលបានជួយរំលែកទុក្ខលំបាករបស់ក្រុមគ្រួសារលោក និងយកចិត្តទុកដាក់ខ្ពស់លើកស្ទួយវិស័យកីឡាជាតិយើង។ លោកក៏បានថ្លែងអំណរគុណក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ខ្ពស់ព្យាបាលរូបលោក ដែលស្ទើរតែគ្មានសង្ឃឹមឱ្យបានធូរស្បើយឡើងវិញនៅពេលនេះ។
លោកបន្ថែមថា បើកុំតែបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូសនោះ ស្ថានភាពជំងឺរបស់លោកនឹងមិនអាចជួយសង្គ្រោះបានឡើយ។ លោកក៏បានថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានខិតខំទាំងយប់ទាំងថ្ងៃ ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់ វ៉ាក់សាំង ដែលជួយឱ្យរូបលោក និងប្រជាពលរដ្ឋផុតពីដំណាក់កាលស្លាប់ មកជាសះស្បើយវិញបាន។ លោកបានផ្តាំផ្ញើឱ្យយុវជន និងប្រជាពលរដ្ឋទាំងអស់បង្កើនស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់បន្ថែមទៀត ពីការឆ្លងជំងឺកូវីដ-១៩ តាមរយៈការចូលរួមអនុវត្តន៍វិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនផងដែរ ៕
ប្រភព៖ ក្រសួងព័ត៍មាន