សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅទទួលវ៉ាក់សាំង AstraZeneca ចំនួន១លានដូស ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ដែលនឹងមកដល់កម្ពុជានៅថ្ងៃទី២៣ ខែកក្កដាខាងមុខ

បើមិនមានការប្រែប្រួលអ្វីនោះទេ វ៉ាក់សាំង AstraZeneca ប្រមាណ១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នឹងដឹកមកដល់កម្ពុជា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១នេះ ក្នុងខណៈនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ នឹងអញ្ជើញទៅទទួលវ៉ាក់សាំងដោយផ្ទាល់ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ។

Banner Sidebar 1 – ទឹកលាងដៃ

សូមជម្រាបជូនផងដែរថា កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ រដ្ឋាភិបាលជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូសដល់កម្ពុជា ដែលជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និងដោយផ្អែក លើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ វ៉ាក់សាំងដែលត្រូវបានផ្ដល់ អាជ្ញាប័ណ្ណ ផលិតក្នុងប្រទេសជប៉ុន ដែលត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ គឺក្រោយពេលដែលការរៀបចំភស្តុភារដោយ COVAX Facility បានបញ្ចប់។ ជំនួយនេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួនរបស់ប្រជាជនកម្ពុជា។

បើតាមស្ថានទូតជប៉ុនបានឱ្យដឹងថា គិតមកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយសរុបប្រមាណជាង៥០លានដុល្លារអាម៉េរិក ដល់កម្ពុជា ដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានា សម្រាប់វិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹក ជញ្ជូន និងរក្សាទុកវ៉ាក់សាំងឱ្យបានត្រឹមត្រូវផងដែរ។ ទន្ទឹមនេះ រដ្ឋាភិបាលជប៉ុនក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧ លានដុល្លារអាម៉េរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹង ប្រព័ន្ធសុខាភិបាល។

សូមរម្លឹកផងដែរថា គិតត្រឹតថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និង កងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៦ ២០២ ៤១៤ នាក់។ សម្រាប់ លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៦២,០២ភាគរយ៕

ប្រភព៖ ក្រសួងព៍ត័មាន

អត្ថបទដែលជាប់ទាក់ទង