ក្រសួងធនធានទឹកឱ្យប្រជាពលរដ្ឋដែលរស់នៅអមទន្លេមេគង្គ បង្កើនការប្រុងប្រយ័ត្ន
ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម ណែនាំឱ្យប្រជាពលរដ្ឋដែលរស់នៅអមទន្លេមេគង្គ បង្កើនការប្រុងប្រយ័ត្ន ខណៈដែលទឹកទន្លេមេគង្គចាប់ផ្តើមហក់ឡើង ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ដែលវិទ្យុជាតិកម្ពុជាទទួលបាននៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ឱ្យដឹងថា ដោយក្នុងរយ:ពេលកន្លងមកព្យុះទី៧ ឈ្មោះសេមម៉ាកា (CEMPAKA) និងបណ្តាឥទ្ធិពលផ្សេងៗទៀត និងប្រព័ន្ធនានាដែលមានឥទ្ធិពលមកលើអាងទន្លេមេគង្គ បានធ្វើឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិត ពីបង្គួរ ទៅច្រើន ក្នុងអាងទន្លេមេគង្គភាគខាងលើមាន ចិន ថៃ និងប្រទេសឡាវ ព្រមទាំងតំបន់ខ្ពង់រាប ភាគឦសានប្រទេសកម្ពុជា ។
ស្ថានភាពបែបនេះ បានធ្វើឱ្យទឹកទន្លេមេគង្គហក់ឡើង ហើយនឹងបន្តឡើងក្នុងរយៈពេលពី ៣ ទៅ ៤ ថ្ងៃខាងមុខទៀត ដែលអាចបណ្តាលឱ្យជន់លិចតំបន់ទំនាបអបមាត់ទន្លេមេគង្គលើ នៅខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងខេត្តត្បូងឃ្មុំ ។ តែការហក់ឡើងនេះ មិនទាន់ដល់កម្រិតកម្ពស់ដែលត្រូវឱ្យមានការប្រុងប្រយ័ត្ននៅឡើយនោះទេ ។
ក្រសួងធនធានទឹកនិងឧតុនិយម សូមអំពាវនាវដល់សាធារណជន អាជ្ញាធរដែនដីពាក់ព័ន្ធពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងទន្លេមេគង្គ និងតំបន់ទំនាបនានា ត្រូវរួសរាន់ប្រមូលកសិផលឱ្យបានទាន់ពេលវេលា និងបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ៕
ប្រភព៖ ក្រសួងព័ត៍មាន