មេទ័ពជាន់ខ្ពស់យោធភូមិភាគទី៥ អំពាវនាវដល់ពលករដែលធ្វើការនៅប្រទេសថៃសូមកុំឆ្លងដែនមកប្រទេសកម្ពុជាក្នុងដំណាក់កាលនេះ
លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យរឹតបន្តឹងនូវវិធានការបិទខ្ទប់តាមបណ្ដាលច្រកព្រំដែន កម្ពុជា-ថៃ ទិសទី១ ខេត្តបន្ទាយមានជ័យ ។
ក្នុងដំណើរចុះត្រួតពិនិត្យនាឱកាសនេះគឺអនុវត្តទៅតាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលក្នុងការបិទខ្ទប់តាមបណ្ដាច្រកព្រំដែនកម្ពុជា-ថៃ សំដៅទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ប្រភេទដែលតា ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន សូមអំពាវនាវ ដល់បងប្អូនដែលជាពលករធ្វើការនៅប្រទេសថៃសូមមេត្តាកុំធ្វើដំណើរឆ្លងដែនមកប្រទេសកម្ពុជាក្នុងដំណាក់កាលនេះព្រោះវាអាចបង្កឱ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទដែលតាចូលខ្លួនយើងនិងក្រុមគ្រួសារយើង ហើយពេលនេះប្រទេសកម្ពុជាកំពុងអនុវត្តនូវវិធានការរបស់ប្រមុខរដ្ឋាភិបាលក្នុងការបិទច្រកព្រំដែនកម្ពុជា-ថៃ មិនឱ្យមានការឆ្លងកាត់ក្នុងរយៈពេលខ្លីដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលកម្ពុជាយើង ដូច្នេះសូមបងប្អូនទ្រាំលំបាកមួយរយៈពេលខ្លីដើម្បីខ្លួនយើង ដើម្បីក្រុមគ្រួសារយើងនិងដើម្បីកម្ពុជាយើងឆ្លងផុតពីការឆ្លងរាលដាលជំងឺកូវីដ-១៩៕