កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ានៅចុងឆ្នាំនេះ

Banner Sidebar 1 – ទឹកលាងដៃ

ក្រសួងបរិស្ថាននៃប្រទេសកម្ពុជា បានសម្រេចជ្រើសយកខេត្តព្រះសីហនុជាទីកន្លែង ដើម្បីប្រារព្ធមហាសន្និបាតសមុទ្រអាស៊ីបូព៌ា និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។ ឯកឧត្ត សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានឱ្យដឹងថា មហាសន្និបាតសមុទ្រនាចុងឆ្នាំនេះ នឹងចែក រំលែកមេរៀននិងបទពិសោធន៍ ដើម្បីនិរន្តរភាពនៃបរិស្ថានតំបន់ឆ្នេរនិងសមុទ្រ ក៏ដូចជារួមគ្នាបង្កើត និងរៀបចំ ឡើងវិញនូវយន្តការគ្រប់គ្រង និងកំណត់ផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយ សម្រាប់ជាដំណោះស្រាយចំពោះបញ្ហាសមុទ្រនាទសវត្សរ៍ខាងមុខ។

ឯកឧត្តរដ្ឋមន្រ្តី មានប្រសាសន៍ថា មហាសន្និបាតនេះ ជាឱកាស សម្រាប់កម្ពុជាបង្ហាញការចូលរួមចំណែកដោះស្រាយក្នុងបញ្ហាប្រឈមតំបន់និងអន្តរជាតិ រួមជាមួយការប្តេជ្ញាចិត្តខ្ពស់លើការគ្រប់គ្រងបរិស្ថាននិងការអភិវឌ្ឍន៍ដោយចីរភាព។

សូមបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ដោយអនុញ្ញាតឱ្យក្រសួងបរិស្ថាន ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ និងវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ានៅខេត្តព្រះសីហនុ តាមប្រព័ន្ធអនឡាញ និងអនុវត្តតាមវិធានសុខាភិបាល។

ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានប្រតិភូកម្ពុជា បានឱ្យដឹងថា ប្រធានបទសំខាន់ៗដែលនឹងត្រូវដាក់ក្នុងមហាសន្និបាតនេះ រួមមាន៖ ការអនុវត្តន៍សេចក្តីសម្រេចកិច្ចប្រជុំក្រុមប្រឹក្សាលើកទី១២, ការអនុវត្តន៍យុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពតំបន់សមុទ្រនៅអាស៊ីបូព៌ា, សេចក្តី ព្រាងក្របខណ្ឌផែនទីបង្ហាញផ្លូវឆ្នាំ២០៣០, ផែនការការអភិវឌ្ឍសមត្ថភាពឆ្នាំ២០២១-២០៣០, សេចក្តីព្រាងសេចក្តីថ្លែងការណ៍ រដ្ឋមន្រី្តបណ្តាប្រទេសសមាជិកតំបន់សមុទ្រនៅអាស៊ីបូព៌ា, និងរបាយការណ៍បច្ចុប្បន្នភាពនៃផលប៉ះពាល់ដោយសារកូវីដ-១៩ លើការងារប្រតិបត្តិនិងថវិការបស់អង្គការភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានតំបន់សមុទ្រអាស៊ីបូព៌ា និងគម្រោងដៃគូអភិវឌ្ឍន៍ ជាដើម៕

អត្ថបទដែលជាប់ទាក់ទង