រាជរដ្ឋាភិបាលអំពាវនាវឱ្យមានការចូលរួមកិច្ចការពារ និងអភិរក្សដំរីព្រៃនៅកម្ពុជា

Banner Sidebar 1 – ទឹកលាងដៃ

រាជរដ្ឋាភិបាល បានអំពាវនាវឱ្យមានការចូលរួមកិច្ចការពារ និងអភិរក្សដំរីព្រៃនៅកម្ពុជា បន្ទាប់ពីទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលត្រូវបានដាក់នៅក្នុងតំបន់ការពារធម្មជាតិនានា បានរកឃើញថា ដំរីអាស៊ីបានរស់នៅជាហ្វូងនៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ហើយមានឃើញកូនតូចៗជាច្រើនថែមទៀត។

ថ្លែងក្នុងឱកាសចូលរួមប្រាព្ធទិវាសត្វដំរីពិភពលោក ដែលធ្វើឡើងក្រោមប្រធានបទ៖ «យើងរួមគ្នាការពារនិងអភិរក្សដំរីឱ្យបានគង់វង្ស»នៅថ្ងៃទី១២ ខែសីហានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លើកឡើងថា សត្វដំរីអាស៊ីកំពុងរងការគំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វា ទាំងក្នុងសកលលោក និងនៅកម្ពុជា ដោយសារតែនៅមានការបរបាញ់ ការដាក់អន្ទាក់ ជម្លោះរវាងមនុស្សនិងសត្វដំរី និងការចាប់ផ្សាំយកមកចិញ្ចឹមក្នុងស្រុក ដែលទាំងអស់នេះចាំបាច់ត្រូវរួមគ្នាចូលរួមការពារ និងអភិរក្សសត្វដំរីឱ្យបានគង់វង្ស។

ឯកឧត្តម បានបញ្ជាក់ថា បើទោះបីជាស្ថានភាពនៃការអភិរក្សតំបន់ការពារធម្មជាតិ មានភាពល្អ ប្រសើរក្នុងការផ្តល់ទីជម្រក ប្រភពទឹក និងចំណីសម្រាប់សត្វដំរីរស់នៅ ប៉ុន្តែកត្តាគំរាមកំហែងមួយចំនួននៅតែមាន ជាពិសេសការរុករានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋខុសច្បាប់របស់ក្រុមជនខិលខូច ដែលបានប៉ះពាល់ដល់ទីជម្រករបស់សត្វដំរី និងកន្លែងដែលដំរីធ្លាប់រស់នៅ និងរក ចំណី និងប្រភពទឹក។ ម្យ៉ាងទៀត គេក៏បានរកឃើញថា កូនដំរីព្រៃកំពុងទទួលរងការគំរាមកំហែងដោយសារតែការដាក់អន្ទាក់ និងការចាប់មកចិញ្ចឹម ខណៈការរេចរឹលនៃទីជម្រក បានធ្វើឱ្យដំរីអាស៊ីរស់នៅបែកខ្ញែកពីគ្នា និងបង្កជាឥទ្ធិពលអវិជ្ជមានដល់ស្ថិរភាពយូរអង្វែងរបស់ប្រភេទសត្វដ៏សំខាន់នេះ។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បង្ហាញថា ដំរីអាស៊ីនៅកម្ពុជាមានចំនួនចន្លោះពី៤០០ទៅ៦០០ក្បាល ដែលភាគ ច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគិរី ខេត្តរតនគិរី ដែលជាតំបន់ជីវៈចម្រុះសម្បូរបែបប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថា មានប្រមាណជាង៧០ក្បាល។

សូមបញ្ជាក់ថា សត្វដំរីអាស៊ី ត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជ នៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ ហៅកាត់ IUCN ដែលត្រូវឱ្យមានការបញ្ឈប់សកម្មភាពទាំងឡាយ មានលក្ខណៈគំរាមកំហែងដល់ប្រភេទសត្វមួយនេះ។

ក្រសួងបរិស្ថាន ជាមួយអង្គការដៃគូ បានខិតខំរៀបចំផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ី ដោយនៅឆ្នាំ២០០៥ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា(CECG) ត្រូវបានបង្កើតឡើង ដើម្បីអភិរក្សដំរីអាស៊ីនៅកម្ពុជា តាមរយៈការរក្សាស្ថិរភាពនិងជំរុញឱ្យមានកំណើនចំនួនប្រភេទសត្វដំរី នៅក្នុងព្រៃនៃប្រទេសកម្ពុជា ហើយផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ីឱ្យនៅគង់វង្សត្រូវបាន រៀបចំឡើងសម្រាប់រយៈពេល១០ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ ដោយបានកំណត់នូវបញ្ហាអាទិភាពចំនួន៦ ក្នុងនោះរួមមាន៖ ការកាត់បន្ថយការបាត់បង់ទីជម្រក, អភិរក្សនិងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ, ពង្រឹងការអនុវត្តន៍ច្បាប់, បង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម, បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃនិងមនុស្ស, និងការអប់រំផ្សព្វផ្សាយ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាទាំងនោះ។

យោងតាមការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល១០ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ី នេះត្រូវការថវិកាចំនួន៤០,៥លានដុល្លារអាមេរិក ដែលជាគម្រោងថវិការំពឹងថានឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា៕

ប្រភព៖ ក្រសួងព៍ត័មាន

អត្ថបទដែលជាប់ទាក់ទង