ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ចុះពិនិត្យទីតាំងទិញមៀនប៉ៃលិននៅ ស្រុកសំឡូត
នៅថ្ងៃ១៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១ ក្រុមការងាររបស់សម្ដេចតេជោ ដឹក នាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះទៅដល់ចម្ការមៀនប៉ៃលិន (ផ្លែតាង៉ែន) ផ្ទាល់ នៅភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដើម្បីប្រមូលទិញផ្លែមៀនប៉ៃលិន ពីកសិករ។


ម្ចាស់ចម្ការមៀនប៉ៃលិន បានបង្ហាញនូវភាពសប្បាយរីករាយ ខណៈទីផ្សារផ្លែមៀនរបស់គាត់លែងជាបញ្ហាចោទ ដោយសារតែមានការប្រមូលទិញ ពីក្រុមការងាររបស់សម្ដេចតេជោ ដែលមិនធ្វើឱ្យពួកគាត់ខាតបង់ថ្លៃដើមផលិត ។
កសិករដែលរងផលប៉ះពាល់រាំងស្ទះក្នុងការនាំចេញផ្លែតាង៉ែននេះ មានការត្រេកអរយ៉ាងខ្លាំង ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និង ក្រុមការងារប្រមូលទិញនូវកសិផល មៀនប៉ៃលិន របស់ពួកគាត់ និង មៀនកសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងជួបប្រទះក្នុងការនាំចេញទៅក្រៅប្រទេស បណ្ដាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែនប្រទេសជិតខាង ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា សម្រាប់មៀនប៉ៃលិន (ផ្លែតាង៉ែន)នេះ គឺនឹងយកទៅចែកជូនដល់កងទ័ព នគរបាល កងរាជអាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ និងពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និង ដើម្បីជួយរំលែកកុំឱ្យប្រជាកសិករ ខាតបង់ច្រើនពេក ហើយការចុះប្រមូលទិញនេះ មិនទាន់កំណត់ពេលវេលានោះទេ ពោលគឺបន្តប្រមូលទិញជាបន្តបន្ទាប់ទៀត ៕