ភ្លៀងធ្លាក់ជាច្រើនថ្ងៃមកនេះមិនបណ្តាលឱ្យតំបន់ជុំវិញវត្តភ្នំ និងស្តុបផ្សារមាន់អាំងរងការជន់លិច នោះទេ
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងនៅថ្ងៃទី១កញ្ញា ២០២១នេះថា ក្នុងរយៈពេល ១៨ថ្ងៃ ដែលមានភ្លៀងធ្លាក់ ឃើញថាក្រោយពីដាក់ឲ្យដំណើរការលូខ្នាតធំ អាងក្រោមដី ម៉ាស៊ីនកាយសំរាមស្វ័យប្រវត្តិ និងស្ថានីយ៍បូមទឹកថ្មីវត្តភ្នំ តំបន់ដែលធ្លាប់លិចទឹកធ្ងន់ធ្ងរនៅជុំវិញវត្តភ្នំ ផ្លូវលេខ ៤៧ ផ្លូវលេខ ៩០ ផ្លូវលេខ ៩២ និងផ្សារកណ្តាល ក្នុងខណ្ឌដូនពេញ មិនរងការលិចទឹកទៀតទេ។
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញឲ្យដឹងថា ទន្ទឹមនឹង ការដ្ឋានក៏បានដាក់ឱ្យដំណើរការលូខ្នាតធំបណ្តោះអាសន្ននៅភូមិសាស្ត្រសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោកក្នុងរយៈពេល៣ថ្ងៃមកនេះ ឃើញថា ស្តុបផ្សារមាន់អាំង ផ្លូវលេខ៥៩២ មុខវិទ្យាល័យឥន្ទ្រទេវី មានភាពល្អប្រសើរមិនរងការលិចទឹក ទៀតដែរ។
សូមជម្រាបថា កាលពីថ្ងៃទី០៤ ខែ សីហា មន្ទីរសាធារណការបានដាក់ឲ្យដំណើរការម៉ាស៊ីនត្រងសំរាមស្វ័យប្រវត្តិខាងមុខទឹកចូលស្ថានីយ៍បូមទឹកទី៦ វត្តភ្នំ ស្ថិតនៅសួនច្បារមាត់ទន្លេមុខCDC នៃគម្រោងការពារទឹកជំនន់ជំហានទី៤ ដែលជាគម្រោងហិរញ្ញប្បទានឥតសំណងរបស់ ប្រទេសជប៉ុន ។
គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ក្នុងរាជធានីភ្នំពេញនេះ ត្រូវបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី ០៤ខែមីនាឆ្នាំ ២០១៩ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី០៤របស់ចៃកានេះ មានទឹកប្រាក់ សរុបប្រមាណ៣៦លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលគម្រោង នេះ រួមមានការសាងសង់អាងស្តុកទឹកក្រោមដី ស្ថានីយបូមទឹករបារ ត្រងសំរាមមេកានិកស្វ័យប្រវត្តិ និង រថយន្តបំពាក់ម៉ាស៊ីនបូមទឹក ៕
ប្រភព៖ ក្រសួងព័ត៍មាន