គណៈប្រតិភូតាលីបង់ជួបជាមួយអ្នកការទូតសហរដ្ឋអាមេរិកនៅប្រទេសកាតា
ទីភ្នាក់ងារសារព័ត៌មាន Al Jazeera បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា គណៈប្រតិភូរបស់ក្រុមចលនាតាលីបង់ (ក្រុមខុសច្បាប់នៅរុស្ស៊ី) បានជួបជាមួយអ្នកការទូតសហរដ្ឋអាមេរិកនៅទីក្រុងដូហាជាលើកដំបូងចាប់តាំងពីការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថានមក។
សារព័ត៌មាន Al Jazeera បានដកស្រង់សម្តីរដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេសអាហ្វហ្គានីស្ថាន លោក Amir Khan Muttaqi ដែលបាននិយាយថា «គណៈប្រតិភូរបស់ក្រុមតាលីបង់បានជួបពិភាក្សាជាមួយសហការីសហរដ្ឋអាមេរិកនៅរដ្ឋធានីដូហានៃប្រទេសកាតា។ ក្នុងអំឡុងពេលនៃការសន្ទនានោះ យើងបានផ្តោតការយកចិត្តទុកដាក់របស់យើងទៅលើជំនួយមនុស្សធម៌ [ដល់ទីក្រុងកាប៊ុល] និងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងដូហា [រវាងទីក្រុងវ៉ាស៊ីនតោន និងក្រុមតាលីបង់]»។
ក្រៅពីនេះ អ្នកតំណាងក្រុមតាលីបង់បានគូសបញ្ជាក់ថា ក្រុមចលនានេះបានផ្តល់ឱ្យភាគីសហរដ្ឋអាមេរិកបើកទំព័រថ្មី [នៅក្នុងទំនាក់ទំនង] រវាងទីក្រុងកាប៊ុល និងទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែបានជំរុញឱ្យជនជាតិអាមេរិកគោរពអធិបតេយ្យភាពអាហ្វហ្គានីស្ថាន និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន។
រដ្ឋមន្ត្រីស្តីទីការបរទេសរូបនោះបាននិយាយបន្ថែមថា ក្រុមចលនាតាលីបង់ក៏មានគម្រោងជួបជាមួយគណៈប្រតិភូសហភាពអឺរ៉ុបនៅទីក្រុងដូហាក្នុងពេលឆាប់ៗនេះផងដែរ៕
ក្នុងពេលជាមួយគ្នានោះ បើយោងតាមលោក Muttaqi បានឱ្យដឹងថា អ្នកការទូតសហរដ្ឋអាមេរិកបានសន្យាថានឹងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាជនអាហ្វហ្គានីស្ថាន។
ប្រភព៖ ក្រសួងព័ត័មាន