សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ស្នើឱ្យវិនិយោគិនទាំងឡាយធ្វើដំណើរទេសចរណ៍ ដើម្បីចាប់យកឱកាសវិនិយោគ បន្ទាប់ពីកម្ពុជាបានចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ស្នើឱ្យវិនិ យោគិនទាំងឡាយ មកធ្វើការឈ្វេង យល់ ធ្វើដំណើរទេសចរណ៍ និងចាប់យកឱកាស វិនិយោគនៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីកម្ពុជាបានចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ជាមួយនឹងភាពជឿជាក់ ភាពទាក់ទាញភាព ប្រកួតប្រជែងខ្ពស់ និង ការអភិវឌ្ឍប្រកប ដោយចីរភាព និង បរិយាប័ន្ន។
ក្នុងកម្មវិធីរាត្រីកម្ពុជា (CAMBODIA NIGHT) នារាត្រីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២២ នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា ក្នុងរយៈពេលជាង ២ ទសវត្សរ៍ចុងក្រោយ កម្ពុជាទទួលបានសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់ខ្លួន ។ ថ្មីៗនេះទៀត ជាមួយនឹងជោគជ័យនៅក្នុង ការ ប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងគេក្នុងទ្វីបអាស៊ី ដែលបានដកចេញនូវការតម្រូវឱ្យធ្វើតេស្ត និង លក្ខខណ្ឌដទៃទៀតសម្រាប់ អ្នកដំណើរមកកម្ពុជា ដែលបាន ចាក់វ៉ាក់សាំងរួច ដើម្បីសម្រួលដល់ធុរកិច្ច និង ទេសចរណ៍។ សម្ដេចតេជោបន្តថា សេចក្តីសម្រេចនេះ អាចធ្វើទៅបាន ដោយសារតែរាជរដ្ឋាភិបាលកម្ពុជាមានស្មារតីបុរេសកម្ម និង បានខ្នះខ្នែងស្វែងរកវាក់សាំងមកចាក់ជូន ប្រជាជន បានយ៉ាងឆាប់រហ័ស និងទាន់ ពេល ដោយមកទល់ពេលនេះ គិតត្រឹមថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២២ មានប្រជាជនជាង ៩៣,៣៦ភាគរយ បានទទួលវ៉ាក់សាំងរួច រាល់ ដែលនាំឱ្យកម្ពុជាសម្រេចបានភាពស៊ាំ សហគមន៍ពេញលេញ។ សមិទ្ធផលនេះ បានអនុញ្ញាតឱ្យកម្ពុជាអាចបើកប្រទេស និងបើក ដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ លើគ្រប់វិស័យ ចាប់ពីថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ ២០២១ រហូតមកទល់ ពេលនេះ។
សម្ដេចតេជោគូសបញ្ជាក់ថា ដើម្បីស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចជាតិឡើង វិញ ប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ទ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១- ២០២៣»។ ទស្សនវិជ្ជារបស់យើង គឺ ផ្តោតលើការខិតខំប្រែក្លាយបញ្ហាប្រឈមបណ្តាលមកពីវិបត្តិនេះ ឱ្យទៅជាកាលានុវត្តភាពក្នុងកិច្ចការកែ ទម្រង់ផ្ទៃក្នុង គួបផ្សំជា មួយនឹងការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ទាំងរូបវន្ត និង ឌីជីថល និង ការពង្រឹងភាពធន់សង្គម-សេដ្ឋកិច្ចសម្រាប់ត្រៀមឆ្លើយតបទៅនឹងវិបត្តិដែលអាចកើត មាននាអនាគត ដើម្បីស្ដារ និង ជំរុញកំណើនឡើងវិញយ៉ាងឆាប់រហ័ស ក្នុងរយៈពេលខ្លី និង មធ្យមចំពោះមុខផង និងដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងធានាចីរភាព និងបរិយាប័ន្ននៃកំណើនសម្រាប់រយៈពេលវែងខាងមុខផង។ ជាមួយគោលបំណងនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តនូវច្បាប់ស្ដីពីវិនិយោគថ្មីដោយបានធ្វើឱ្យ ប្រសើរឡើងនូវការការពារសិទ្ធិ និងផល ប្រយោជន៍របស់វិនិយោគិន បង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការធ្វើទំនើបកម្មរបបលើកទឹកចិត្ត ដែលមានភាពបត់បែន និងទាក់ទាញជាងមុន ដើម្បីធ្វើទំនើបកម្មរចនាសម្ព័ន្ធវិស័យឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអគ្គិពលកម្ម ទៅជាឧស្សាហកម្មពឹងផ្អែកលើជំនាញ។
សម្ដេចតេជោគូសបញ្ជាក់បន្តថា រាជរដ្ឋា ភិបាលកម្ពុជាផ្តល់អាទិភាពខ្ពស់លើសកម្មភាពវិនិយោគសំខាន់ៗមួយចំនួន រួមមាន ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ពាក់ព័ន្ធនឹងនវានុវត្តន៍ ឬ ការស្រាវជ្រាវ និង អភិវឌ្ឍន៍ ឧស្សាហកម្មគាំទ្រដល់វិស័យកសិកម្ម និង កសិ-ឧស្សាហកម្ម ឧស្សាហកម្មកែច្នៃកសិផល និង កែច្នៃម្ហូប អាហារ ឧស្សាហកម្មផលិត ផ្គុំ និង ដំឡើងយានយន្ត ឧស្សាហកម្មផលិត និង ដំឡើងគ្រឿងអគ្គិសនី និង អេឡិចត្រូនិក ឧស្សាហកម្ម និង កម្មន្តសាលធុនធ្ងន់ផ្សេងៗទៀត ជាដើម ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បាន និង កំពុងបន្តជំរុញការកែ លម្អបរិយាកាសធុរកិច្ច និង វិនិយោត ប្រកបដោយភាពបុរសកម្ម និង ចក្ខុវិស័យវែងឆ្ងាយ តាមរយៈការលើកកម្ពស់គុណភាពសេវាឡូជីស្ទីក ការកាត់បន្ថយចំណាយ ទាំងពេលវេលា និង ថវិកា ការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍជំនាញ និង ការធ្វើទំនើបកម្មប្រព័ន្ធសន្តិសុខសង្គម ជាដើម។ បន្ថែមលើនេះ កម្ពុជាក៏បាន ខិតខំប្រឹងប្រែងស្វែងរក និង បើកចំហទីផ្សាររបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ដោយបានបញ្ចប់ និង ដាក់ឱ្យ អនុវត្តន៍នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មរសរីទ្វេ ភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េខាងត្បូង និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្ រោយតំបន់ (RCEP)។ជាងនេះទៀត ក្នុងរយៈពេលជាង២ ឆ្នាំកន្លងមក កម្ពុជាបាន ប្រឹងប្រែងយ៉ាងសកម្ម និងបានវិនិយោគយ៉ាងសន្ធឹកសន្ធាប់លើហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់នានា នៅតាមប៉ូលសេដ្ឋកិច្ចសំខាន់ៗ រួមមាន ការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅទូទាំងក្រុងសៀមរាប និង ក្រុងព្រះសីហនុ ការសាងសង់ព្រលាន យន្តហោះអន្តរជាតិថ្មី នៅរាជធានីភ្នំពេញ និង ខេត្តសៀមរាប ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅ នៅក្រុងព្រះសីហនុ សំដៅលុបបំបាត់ឧបសគ្គនៃជម្រៅទឹក និងបើក បម្រើសេវាដល់នាវាធំៗពីសហរដ្ឋអាមេរិក និង អឺរ៉ុប ចូលត្រង់ទៅមកកម្ពុជា ការសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ ទៅកំពង់ផែទឹកជ្រៅ នៅខេត្តព្រះសីហនុ ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលតភ្ជាប់ទៅប៉ូលសេដ្ឋកិច្ចសំខាន់ របស់កម្ពុជានិងអាស៊ាន និងការវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង ឌីជីថល ជាដើម។
សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានគូស បញ្ជាក់បន្ថែមថា កម្ពុជាផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍវិស័យទេសចរណ៍ វប្បធម៌ ដែលវិស័យនេះមិនត្រឹមតែចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងកាត់ បន្ថយភាពក្រីក្ររបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្ដែថែម ទាំងត្រូវបានចាត់ជាវិស័យដែលដើរតួនាទីសំខាន់ក្នុងការទ្រទ្រង់ដល់ការធ្វើសមាហរណកម្មតំបន់ទៀតផង។ កម្ពុជាបានចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង។ កម្ពុជា គឺពិតជាគោលដៅទេសចរណ៍វប្បធម៌ ប្រកបដោយភាពទាក់ទាញមួយក្នុងតំបន់ ដោយឈរលើលក្ខណៈពិសេស នៃអច្ឆរិយគ្មានពីរនៃប្រាសាទអង្គរ ប្រាសាទ បុរាណរាប់ពាន់ទៀត សម្បត្តិបេតិកភណ្ឌអរូបិយនានា ដូចជា សិល្បៈរបាំ ល្ខោន ចម្លាក់ ប្រពៃណីរស់នៅប្រកបដោយភាពរស់រវើក និង ម្ហូបអាហារដ៏មានឱជារសឆ្ងាញ់ពិសារ។ ប្រការទាំងអស់នេះ រួមជាមួយនឹងភាព ស្រស់ស្អាតនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ភាព បៃតង និង ធម្មជាតិព្រៃឈើ គឺជាធាតុផ្សំនៃការប្រសិទ្ធនាមកម្ពុជា ជាព្រះរាជាណាចក្រអច្ឆរិយ ។ ទោះបីជាវិស័យទេសចរណ៍កំពុងស្ថិតក្នុងដំណាក់ កាលនៃការងើបឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដោយ រាជរដ្ឋាភិ បាលកម្ពុជានៅតែចាត់ទុកវិស័យនេះជា ក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ចដ៏សំខាន់ និង ប្តេជ្ញាគាំទ្រដល់ការស្ដារ និង អភិវឌ្ឍន៍វិស័យទេសចរណ៍ ឱ្យបាន ល្អជាងស្ថានភាពមុនវិបត្តិនៃជំងឺកូវីដ-១៩ទៅទៀត ដើម្បីឱ្យវិស័យនេះក្លាយជាសសរស្ដម្ភសេដ្ឋកិច្ចជាតិ ក្នុងការចូលរួមផ្តល់ការងារ និង ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ៕