រដ្ឋមន្រ្ដីការបរទេសកម្ពុជា ជំរុញឱ្យបណ្តាសមាជិកអាស៊ានទាំងអស់ ត្រូវសាមគ្គីគ្នា និងរក្សាឯកភាពតែមួយ ដើម្បីចូលរួមដោះស្រាយប្រកបដោយប្រសិទ្ធភាព

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានជំរុញឱ្យបណ្តាប្រទេសអាស៊ានទាំងអស់ ត្រូវសាមគ្គីគ្នា និងរក្សាឯកភាពតែមួយ ដើម្បីចូលរួមដោះស្រាយប្រកបដោយប្រសិទ្ធភាព ក្នុងគោលបំណងធានាសន្តិភាពទាំងនៅក្នុងថ្នាក់តំបន់ និងអន្តរជាតិ។ ការលើកឡើងរបស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីនេះ តាមរយៈសុន្ទរកថាគន្លឹះនៅក្នុងសិក្ខាសាលាស្តីពី “ការរួមចំណែករបស់កម្ពុជានៅក្នុងអាស៊ានចាប់តាំងពីការចូលជាសមាជិកអាស៊ាន នៅឆ្នាំ១៩៩៩” នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

Banner Sidebar 1 – ទឹកលាងដៃ

ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ក្នុងស្ថានការណ៍តំបន់ និងអន្តរជាតិនាពេលបច្ចុប្បន្ន គឺពិតជាចាំបាច់ក្នុងការពង្រឹងការប្តេជ្ញារួមចំពោះតួនាទីស្នូលរបស់អាស៊ាន ការឯកភាព និងភាពរឹងមាំ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានលើកឡើងថា ការសម្រេចចិត្តរបស់កម្ពុជាចូលជាសមាជិកអាស៊ាន គឺផ្អែកលើគោលការណ៍ គោរពគ្នាទៅវិញទៅមកជុំវិញឯករាជ្យភាព, អធិបតេយ្យ, បូរណភាពដែនដី, សមភាព និងការមិនជ្រែតជ្រៀងកិច្ចការផ្ទៃក្នុង បើទោះមានសម្ពាធពីខាងក្រៅ។

សូមជម្រាបជូនថា សិក្ខាសាលានេះ ត្រូវបានសហការរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងវិទ្យាស្ថានទស្សនវិស័យអាស៊ី ក្នុងគោលបំណង

គឺដើម្បីជំរុញការយល់ដឹងអំពីអាស៊ានកាន់តែច្រើន ជាពិសេសគឺដើម្បីប្រមូល និងរំលេចការចូលរួមចំណែករបស់កម្ពុជាក្នុងការធ្វើសមាហរណកម្ម និងការកសាងសហគមន៍អាស៊ាន ផលប្រយោជន៍ប្រជាជនអាស៊ាន និងស្ថិរភាព សន្តិភាព និងសុខដុមរមនាក្នុងតំបន់។

បើតាមឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ហើយក៏ជាលើកទីបី ចាប់តាំងពីកម្ពុជាក្លាយជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩ ទាំងកម្ពុជា និងអាស៊ានបានវិវត្ដន៍ច្រើនសន្ធឹកសន្ធាប់ ជាពិសេសអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺកម្ពុជាបានចូលរួមជាមួយគ្រួសារអាស៊ានក្នុងការធ្វើសមាហរណកម្ម និងការកសាងសហគមអាស៊ានប្រកបដោយវឌ្ឍនភាព។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា “ជាក់ស្តែងអាស៊ានបានជួបប្រទះនឹងបញ្ហាប្រឈមធំៗ ក្នុងតំបន់ និងពិភពលោកជាច្រើន ប៉ុន្តែខ្ញុំពិតជាមានមោទនភាពចំពោះសមិទ្ធផលទាំងឡាយដែលយើងបានកសាង។ ទន្ទឹមនេះដែរ ខ្ញុំក៏មានមោទនភាពដែលកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងមួយនេះ ហើយកម្ពុជានឹងបន្តធ្វើការងារនេះសម្រាប់អនាគតរួមរបស់សមាគមអាស៊ានរបស់យើង”៕ដោយ រិទ្ធី សម្រួលផ្សាយដោយ៖ ធូ កុសល

អត្ថបទដែលជាប់ទាក់ទង