នាយករដ្ឋមន្ត្រីស្រីលង្កាជំរុញឱ្យពលរដ្ឋប្រើប្រាស់ហ្គាស និងឥន្ធនៈសន្សំសំចៃ ស្របពេលដែលវិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ
នាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremesinghe បាននិយាយកាលពីថ្ងៃអង្គារថា ខណៈដែលប្រទេសជាតិកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ លោកបានជំរុញឱ្យពលរដ្ឋប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នដោយសន្សំសំចៃ។
ថ្លែងទៅកាន់សភា លោក Wickremesinghe បាននិយាយថា អាទិភាពចម្បងរបស់រដ្ឋាភិបាល គឺស្ថិរភាពសេដ្ឋកិច្ច ហើយនេះអាចសម្រេចបានលុះត្រាតែអនុវត្តគម្រោងការគិតប្រកបដោយភាពវៃឆ្លាតតាមរយៈការខិតខំប្រឹងប្រែង និងការលះបង់។
លោកនាយករដ្ឋមន្ត្រីរូបនេះបាននិយាយថា ប្រទេសស្រីលង្កាចំណាយថវិកាចំនួន ៥០០លានដុល្លារអាម៉េរិកក្នុងមួយខែទៅលើប្រេងឥន្ធនៈ ហើយត្រូវការថវិកាចំនួន ៤០លានដុល្លារអាម៉េរិកក្នុងមួយខែដើម្បីនាំចូលឧស្ម័ន។
លោកបាននិយាយបន្ថែមថា «រយៈពេលបីសប្តាហ៍ខាងមុខនឹងក្លាយជាពេលវេលាដ៏លំបាកសម្រាប់យើងទាក់ទងនឹងប្រេងឥន្ធនៈ វាដល់ពេលហើយដែលយើងទាំងអស់គ្នាត្រូវប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នដោយប្រុងប្រយ័ត្ន… ការធ្វើដំណើរមិនចាំបាច់គួរតែមានកម្រិតតាមដែលអាចធ្វើទៅបាន។ អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់កុំគិតពីការស្តុកទុកប្រេងឥន្ធនៈ និងឧស្ម័នក្នុងអំឡុងពេលនេះ ហើយត្រូវប្រើប្រាស់វាដោយសន្សំសំចៃ»។
លោកនាយករដ្ឋមន្ត្រីបាននិយាយថា «បន្ទាប់ពីរយៈពេលបីសប្តាហ៍ដ៏លំបាកនោះ យើងនឹងព្យាយាមផ្តល់ប្រេងឥន្ធនៈ និងអាហារដោយគ្មានការរំខានបន្ថែមទៀត។ កិច្ចចរចាកំពុងដំណើរការជាមួយភាគីផ្សេងៗដើម្បីធានាថា រឿងនេះនឹងកើតឡើង»។
លោកបាននិយាយបន្ថែមថា ប្រទេសស្រីលង្កាក៏ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងបរទេសរបស់ខ្លួនដើម្បីប្រមូលផ្តុំការគាំទ្រពីអន្តរជាតិបន្ថែមទៀត ខណៈដែលប្រទេសនេះកំពុងក្លាយជាប្រទេសខ្សត់ខ្សោយក្នុងពិភពលោក ដោយសារគោលនយោបាយការបរទេសមិនល្អរបស់ខ្លួន។
ប្រទេសស្រីលង្កាស្ថិតនៅកណ្តាលនៃវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មានដោយសារកង្វះការប្តូរប្រាក់បរទេសដែលនាំឱ្យមានការខ្វះខាតសម្ភារៈចាំបាច់ ដូចជាថ្នាំពេទ្យ ប្រេងឥន្ធនៈ និងអាហារជាដើម៕