ប្រមុខការទូតកម្ពុជាបានបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួនចំពោះ រដ្ឋធម្មនុញ្ញរបស់ខ្លួនដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬ វត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ ជាថ្មី នូវការប្រកាន់យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជាចំពោះ រដ្ឋធម្មនុញ្ញរបស់ខ្លួនដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេស ណាមួយនៅលើទឹកដីកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានអនុញ្ញាតឲ្យអនុព័ន្ធយោធាបរទេសនៅភ្នំពេញទៅទស្សនា មូលដ្ឋានកងទ័ពជើងទឹករាមផងដែរ។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងដូច្នេះ ក្នុងឱកាសជំនួបសន្ទនា តាមទូរស័ព្ទជាមួយលោកជំទាវ Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ហើយបានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ ជូនចំពោះលោកជំទាវ ដែលត្រូវបានតែងតាំង ជារដ្ឋមន្ត្រីការបរទេសអូស្ត្រាលី កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់សមភាគីអូស្រ្តាលីរបស់ឯកឧត្តម ឱ្យមានជំនួបតាមទូរស័ព្ទ នាពេលនេះ បន្ទាប់ពីលោកជំទាវបានចូលកាន់តំណែងភ្លាម ដែលការណ៍នេះបានឆ្លុះបញ្ចាំងអំពីសារសំខាន់នៃទំនាក់ទំនងទ្វេភាគី ខណៈពេល ដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។ ឆ្លើយតបចំពោះការសាកសួររបស់លោកជំទាវរដ្ឋមន្ត្រីការបរទេស Penny Wong ជុំវិញព័ត៌មានថ្មីៗ ដែលត្រូវបានផ្សព្វផ្សាយ ដោយបណ្ដាញសារព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាម ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានទាំងនោះមកលើកម្ពុជា ដោយបញ្ជាក់ជាថ្មីនូវការប្រកាន់យ៉ាងខ្ជាប់ខ្ជួនរបស់ កម្ពុជាចំពោះ រដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជាឡើយ និងបានគូសបញ្ជាក់ថា ការកែលម្អមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺធ្វើឡើង ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជា ដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួន និងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមដែនសមុទ្រ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានលើក ឡើងអំពីកាយវិការដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតឲ្យអនុព័ន្ធយោធាបរទេសនៅ ភ្នំពេញ ទៅទស្សនា មូលដ្ឋានកងទ័ពជើងទឹករាម ដែលកាយវិការនេះ មិនធ្លាប់ត្រូវបានអនុវត្តពីមុនមកដោយប្រទេសណាមួយឡើយ ក្នុងការអនុញ្ញាត ឱ្យបរទេសចូលទស្សនាមូលដ្ឋានកងទ័ពរបស់ខ្លួន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ផងដែរថា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បានឆ្លៀតឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលពីពេលថ្មីៗនេះ ដើម្បីបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិនានានៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន កងទ័ពបរទេសណាមួយ នៅលើទឹកដីកម្ពុជា ជាកាឆ្លើយតបទៅនឹងកង្វល់នានាពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាមនេះ។
លោកជំទាវរដ្ឋមន្ត្រីការបរទេស Penny Wong បានថ្លែងអំណរគុណឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលបានចែករំលែក ព័ត៌មាន និងសម្រាប់ការបំភ្លឺ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បាន ទន្ទឹងរង់ចាំឱកាសជួបគ្នាម្តងទៀតក្នុងពេលឆាប់ៗ៕