លោកជំទាវ ឱ វណ្ណឌីន ៖ ការចាក់វ៉ាក់សាំងដូសជំរុញប្រភេទខុសគ្នា នាំឱ្យអង់ទីគ័រការពារ កាន់តែកើនឡើងខ្ពស់
ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍បញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសជំរុញ នូវប្រភេទខុសគ្នា នាំឱ្យអង់ទីគ័រការពារបុគ្គលកាន់តែកើនឡើងខ្ពស់ជាងការចាក់ដូសជំរុញ ដោយប្រើវ៉ាក់សាំងតែមួយប្រភេទដូចគ្នា។
លោកជំទាវបន្ថែមថា «វ៉ាក់សាំងដែលបាននឹងកំពុងប្រើប្រាស់នៅកម្ពុជាទាំងអស់ ដែលមាន ៦ ប្រភេទខុសៗគ្នានេះ សុទ្ធតែមានប្រសិទ្ធភាព សុវត្ថិភាព និងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់ដោយអង្គការសុខភាពពិភពលោកទាំងអស់»។
បន្ថែមពីលើនេះ ខ្ញុំសូមបញ្ជាក់ថាការចាក់វ៉ាក់សាំងដូសជំរុញប្រភេទតែមួយ ដូចជាអ្នកខ្លះចាក់វ៉ាក់សាំង អាស្រ្តាហ្សេនេកា ទាំង៣ដូស នោះអង់ទីគ័រការពារខ្លួនបានកើនឡើងដូចគ្នា ប៉ុន្តែការកើនឡើងអង់ទីគ័រនេះ មិនខ្ពស់ដូចការចាក់ឆ្លាស់ប្រភេទវ៉ាក់សាំងនោះទេ មានន័យថាអ្នកចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ពីរដូស (ដូសមូលដ្ឋាន) ហើយចាក់ដូសជំរុញទី៣ ប្រភេទ អាស្រ្តាហ្សេនេកា នោះនឹងមានអង់ទីគ័រខ្ពស់ជាងអ្នកចាក់អាស្រ្តាហ្សេនេកា ទាំង៣ដូស”។
លោកជំទាវបញ្ជាក់ថា ក្នុងអំឡុងពេលពី៣ខែឡើងទៅ អង់ទីគ័រការពារខ្លួនរបស់បុគ្គលនីមួយៗ នឹងចាប់ផ្តើមធ្លាក់ចុះនូវប្រសិទ្ធភាពការពារពីការវាយលុកដោយវីរុសកូវីដ-១៩ ហើយនឹងអស់ទាំងស្រុងក្នុងអំឡុងពេលពី៦ខែ ឬ៨ខែយ៉ាងយូរ៕
ប្រភព៖ BTV