រាជរដ្ឋាភិបាលដាក់ចេញផែនការសកម្មភាពគន្លឹះ ដើម្បីជំរុញទាក់ទាញកំណើនភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប

ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយសមាសភាព និងយន្តការអនុវត្តន៍ចំណុះឱ្យ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ អមជាមួយការប្រកាស ផែនការសកម្មភាពឆ្នាំ២០២២-២០២៣ នៅសណ្ឋាគារសុខាសៀមរាប នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាបអង្គរ បានមានប្រសាសន៍ថា ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិបង្កើនការមកទស្សនាខេត្តសៀមរាបឡើងវិញ សម្រាប់រយៈពេលខ្លីចំពោះមុខនេះ គឺត្រូវរួមគ្នាបន្តអភិវឌ្ឍន៍ផលិតផល និងសេវាកម្មទេស ចរណ៍ថ្មីៗទាក់ទាញបន្ថែម ប្រកបដោយភាពច្នៃប្រឌិត ភាពចម្រុះ គុណភាព ថ្លៃសមរម្យ សុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អនៅតាមតំបន់អាទិភាពទាំង៦ មានដូចជា តំបន់ឧទ្យានជាតិ ភ្នំគូលែន តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី តំបន់បេតិកភណ្ឌអង្គរ តំបន់ក្រុងសៀមរាប តំបន់បឹងទន្លេសាប និងតំបន់ទេសចរណ៍សៀមរាបថ្មី។

Banner Sidebar 1 – ទឹកលាងដៃ

ដោយពង្រឹងគុណភាពសេវាឱ្យបានល្អប្រសើរ និងរៀបចំកញ្ចប់ទស្សនកិច្ចជាមួយតម្លៃ សមរម្យមកកាន់ខេត្តសៀមរាប ទាំងសម្រាប់ទេសចរណ៍ផ្ទៃក្នុង និងអន្តរជាតិ ឆ្ពោះទៅការ ប្រារព្ធយុទ្ធនាការទស្សនាកម្ពុជា ឆ្នាំ២០២៣ (Visit Cambodia Year 2023) ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា នៅក្នុងឆមាសទី១ឆ្នាំ២០២២នេះ ខេត្តសៀមរាបទទួលបានទេសចរអន្តរជាតិប្រមាណ៦ម៉ឺននាក់ កើនឡើងក្នុងអត្រា ១០២៥ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងទេសចរផ្ទៃក្នុងប្រមាណជាង១លាននាក់ កើនឡើងក្នុងអត្រា៧៩៨ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះជើងហោះហើរ មកកាន់ខេត្តសៀមរាបមានចំនួន៣៨៧ជើង នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ។ ខេត្តសៀមរាបនឹងទទួលបានទេសចរអន្តរជាតិប្រមាណជាង១០ម៉ឺននាក់ នៅក្នុង ឆ្នាំ២០២២នេះ ហើយនឹងកើនដល់ប្រមាណ៥០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២៣ខាងមុខ ដោយនឹង ស្រូបយក១/៤នៃភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជា ខណៈដែលភ្ញៀវទេសចរផ្ទៃ ក្នុងជាង២លាននាក់នឹងមកទស្សនាខេត្តសៀមរាប នៅក្នុងឆ្នាំ២០២២នេះ ហើយ និងប្រមាណ៤លាននាក់នៅក្នុងឆ្នាំ២០២៣។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានជំរុញ ឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធចំណុះឱ្យយន្តការនៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរ ណ៍សៀមរាប-អង្គរ ត្រូវពិភាក្សា និងសហការជាមួយរដ្ឋបាលខេត្ត និងវិស័យឯកជន ក្នុងខេត្តសៀមរាប ដើម្បីរៀបចំជាបន្ទាន់ នូវយុទ្ធសាស្ត្រផ្សព្វផ្សាយ សម្រាប់គោលដៅ ទេសចរណ៍ខេត្តសៀមរាប ដោយឡែកមួយឱ្យបានរហ័សស្របតាមមាគ៌ាចង្អុលផ្លូវ ដែលបានកំណត់ក្នុង ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។ ត្រូវពន្លឿនការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីបង្កើន សមត្ថភាពផ្ទុក សម្រាប់អ្នកដំណើរតាមផ្លូវអាកាសមកកាន់ខេត្តសៀមរាប។ លើកទឹកចិត្តដល់ ការបន្តខិតខំអភិវឌ្ឍន៍ក្រុងសៀមរាប និងតំបន់អាទិភាពទាំងអស់ ជាក្រុងទេសចរណ៍ឆ្លាត និងគោលដៅទេសចរណ៍ឆ្លាត និងរដ្ឋបាលខេត្តសៀមរាប ត្រូវរៀបចំសណ្តាប់ធ្នាប់ សម្អាត និងថែរក្សាអនាម័យក្នុងក្រុង ទីប្រជុំជន និងតាមគោលដៅទេសចរណ៍ ឱ្យបានល្អប្រសើរ៕ ប្រភព: ក្រសួងព័ត៍មាន

អត្ថបទដែលជាប់ទាក់ទង