អគ្គមេបញ្ជាការចេញសេចក្តីសម្រេច និងស្នើសុំទៅក្រសួងការពារជាតិលុបឈ្មោះនាយទាហានពីររូបចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ
(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្ដីសម្រេចលុបឈ្មោះ អនុសេនីយ៍ឯក ហ៊ត ប៊ូ ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ និងបានធ្វើលិខិតមួយច្បាប់ទៀត គោរពជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ស្នើលុបឈ្មោះ វរសេនីយ៍ត្រី សាន្ត ប៊ុនធឿន ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ។
ការចេញសេចក្តីសម្រេច និងលិខិតស្នើសុំលុបឈ្មោះចេញពីក្របខ័ណ្ឌយោធិនពីររូបនេះ បន្ទាប់ពីមានសំណើរបស់បញ្ជាការដ្ឋានអង្គរក្ស គោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងចំណារឯកភាពរបស់សម្ដេចតេជោ ស្នើទៅរដ្ឋមន្ត្រីក្រសួងការពារជាតិឲ្យបំពេញបែបបទបណ្តេញចេញជាបន្ទាន់ដោយសារពួកគេធ្វើឲ្យប៉ះពាល់ដល់វិន័យនិងកិត្តិយសរបស់កងយោធពលខេមរភូមិន្ទ ធ្ងន់ធ្ងរ៕
ប្រភព៖ ក្រសួងព័ត៍មាន