សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ព្រែកជីកហ្វូណនតេជោ បោះទុនវិនិយោគធំដោយខ្មែរ និងគ្រប់គ្រងដោយខ្មែរ មិនមាននរណារំលោភបំពានលើអធិតេយ្យភាពខ្មែរបានឡើយ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោង របស់ BOT រដ្ឋមិនបានខ្ចីប្រទេសណាដើម្បីយកមកធ្វើនោះទេ។

Banner Sidebar 1 – ទឹកលាងដៃ

គម្រោង BOT បានន័យថា ក្រុមហ៊ុនឯកជនធ្វើហើយ ប្រតិបត្តិការ រួចផ្ទេរឱ្យរដ្ឋវិញ។ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ ”ព្រែកជីកហ្វូណនតេជោ” នាព្រឹកថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា កូនខ្មែរមានភាគហ៊ុនធំ និងជាអ្នកអនុវត្តនិងគ្រប់គ្រងផ្ទាល់លើគម្រោងព្រែកជីកនេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា«មកដល់ពេលនេះ គឺខ្មែរក្រុមហ៊ុនក្នុងស្រុកមានភាគហ៊ុនធំ បានន័យថា គម្រោងនេះ យើងអាចរកបានជាគម្រោងដែលវិនិយោគដោយ កូនខ្មែរដែលមានការចូលរួមពីក្រុមហ៊ុនបរទេស ក្នុងមួយផ្នែកតែប៉ុណ្ណោះ»។

ពាក់ព័ន្ធកង្វល់របស់ប្រជាពលរដ្ឋថា ក្រោយព្រែកជីកនេះធ្វើហើយ គឺមួយកំណាត់ទៅខាងត្បូង និងខាងកើត ២០ ទៅ៣០ឆ្នាំទៀតគឺគេលេបយកហើយ។ សម្ដេចធិបតីអះអាងថា «បាត់បង់ទឹកដីទៅមិនរួចទេ នៅតែជាដែនទឹកដីរបស់យើង យើងបោះបង្គោលរួចហើយ ប្រជាពលរដ្ឋយើងរស់នៅរាប់លាននាក់ហើយ ហើយគ្មានគម្រោងកាត់ឱ្យពីណាគេទេ មានពីណាមកលេបយកខេត្ត នៅខាងកើតឬខាងត្បូងនៃព្រែកនេះទេ» ៕

តើដឹងទេ ព្រែកជីកហ្វូណនតេជោ ដែលបើកការដ្ឋានសាងសង់ថ្ងៃនេះ មានអត្ថប្រយោជន៍អ្វីខ្លះ?

ព្រែកជីហ្វូណនតេជោ ជាគម្រោងដែលទាញសមុទ្យឱ្យជាប់ទន្លេ ដូចប្រសាសន៍សម្តេចធិបតី បានលើកឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ យោងតាមប្រភពព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា តាមការសិក្សាវិភាគក៏បានគូសបញ្ជាក់ឱ្យឃើញផងដែរថា គម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ច រួមមាន ដូចជា៖

១) ពង្រឹងនូវឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាលើការដឹកជញ្ជូនតាមផ្លូវទឹក

២) កាត់បន្ថយថ្លៃដើម ចង្ងាយ និងពេលវេលានៃការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ និងងាយស្រួលតភ្ជាប់ជាមួយពហុមធ្យោបាយដឹកជញ្ជូនផ្សេងទៀត

៣) កាត់បន្ថយការបំភាយឧស្ម័នពុលក្នុងបរិស្ថាន

៤) ជួយរក្សាលំនឹងចីរភាពបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី នឹង

៥) បង្កើតជម្រកថ្មីៗសម្រាប់ពពួកវារីសត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ ជាពិសេសអាចទទួលបានទិន្នផលត្រីជាមធ្យមប្រមាណ ១,០០០តោន ក្នុងមួយឆ្នាំ ដែលអាចឱ្យប្រជាពលរដ្ឋប្រមាណជាង ១,៦លាននាក់ សម្រាប់ចូលរួមដំណើរការសាងសង់ព្រែកជីកនេះ និងចំណេញសេដ្ឋកិច្ចខ្ពស់ (EIRR) ពី២០% ទៅ ៣១% ខ្ពស់ជាងអត្រាមធ្យម ១២% ដែលត្រូវបានកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ បានប្រារព្ធពិធីបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងព្រែកជីកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ឹងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។

គម្រោងនេះនឹងផ្តល់ផលប្រយោជន៍ដ៏ធំធេងដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្រ ព្រមទាំងបង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ និងជួយពង្រីកនិងបង្កើនផលិតភាពនៃការដាំដុះនៅតំបន់ភាគនិរតី៕

ប្រភព៖ ក្រសួងព័ត៍មាន

អត្ថបទដែលជាប់ទាក់ទង