ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំប្រជុំករណី ជនជាតិអាមេរិកាំងនៅខេត្តកំពត
នារសៀលថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២០ នាទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យ របាយការណ៍ករណីរឿងរបស់លោក ថម (O’BRIEN GEORGE ALLEN) នៅខេត្តកំពត ដែលក្រុមការងារអធិការកិច្ចរបស់ក្រសួងបាន និងកំពុង ពិនិត្យស្រាវជ្រាវករណីនេះ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២០ ទំព័រ ហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្ដម ដួង ដារ៉ា ជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះព័ត៌មាន ពាក់ព័ន្ធនឹងករណី លោកថូម ជនជាតិអាមេរិក ដែលរងគ្រោះបញ្ហាដីធ្លីនៅខេត្ត កំពត បានអោយដឹងថា ករណី របស់លោកថូម ឯកឧត្ដម បានគោរពរាយការណ៍ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ ពេលនេះសម្ដេចតេជោ ហ៊ុន សែន កំពុងអន្តរាគមន៍ក្នុងរឿងនេះហេីយ ។
ជាមួយគ្នានេះដែរ នៅលេី គណនី ហ្វេសប៊ុក របស់ លោកថូម ព្រឹកនេះ ក៏បានរៀបរាប់អំពីការគោរព អរគុណ សម្ដេចតេជោ ហ៊ុន សែន និង អរគុណ ប្រជាពលរដ្ឋកម្ពុជា ទាំងអស់ ដែលបានជួយឈឺឆ្អាលនិង អន្តរាគមន៍ រកយុត្តិធម៌ជូនគាត់ ។