អគ្គស្នងការនគរបាលជាតិកោតសរសើរលោកផែង វណ្ណៈ ចាងហ្វាងគេហទំព័រ Pheng Vannak News
នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអោយដឹងថាក្នុងនាម អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការកោតសរសើរ ចំពោះ លោក ផែង វណ្ណៈ ដែលបានធ្វើការ Live វីដេអូ ស្តីពី ការអនុវត្តន៍ ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បី ពន្យល់ និង បកស្រាយ ឲអ្នកធ្វើដំណើរតាមដងផ្លូវទាំងអស់ គោរពច្បាប់។
– ខ្លឹមសារ ទាំងអស់នេះ គឺ បង្កប់នូវ ន័យអប់រំ ល្អ ដែល សូមឲបន្តផ្សព្វផ្សាយ ខ្លឹមសារ នេះបន្តទៀត ដើម្បី ឲ ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ក្នុងគោលបំនង កាត់បន្ថយ គ្រោះថ្នាក់ ការបាត់បង់ជីវិត និង របួសស្នាម។
– ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការទទួលយក អ្វីដែលជាការជូនយោបល់ និង សូមបញ្ជាក់ជូនផងដែរថា ការរឹតបន្តឹងច្បាប់ចរាចរណ៍នាពេលបច្ចុប្បន្ននេះ គឺ ផ្តោតសំខាន់ទៅលើ បទល្មើសធំៗ របស់យានយន្ត ដែលអាចបង្កគ្រោះថ្នាក់ ពោលគឺពុំបានអនុវត្តន៍ខ្លឹមសារអនុក្រឹតទាំងស្រុងនោះទេ។
– អគ្គស្នងការដ្ឋាននគរបាលជាតិ សូមទទួលយកការរិះគន់ ពាក់ព័ន្ធនឹងឥរិយាបថ របស់ មន្ត្រីនគរបាល ក្នុងការអនុវត្តន៍ច្បាប់ ដែលបញ្ហានេះ យើងបានត្រួតពិនិត្យគ្រប់ពេល ព្រមទាំងធ្វើការអប់រំ ដាក់ពិន័យ ដើម្បីកែសម្រួលឥរិយាបថ របស់ពួកគាត់ ឲ អនុវត្តន៍ការងារប្រកបដោយសីលធម៍ និង វិជ្ជាជីវៈ។ លើសពីនេះ យើងក៏បាន អប់រំ ឲ មន្ត្រីនគរបាល ធ្វើជាគំរូ គោរពច្បាប់ ដូចជា ប្រើប្រាស់យានយន្តដែលមានស្លាកលេខត្រឹមត្រូវ ពាក់មួកសុវត្ថិភាព មានប័ណ្ណបើកបរ និង មិននិយាយទូរស័ព្ទពេលបើកបរជាដើម។
– ជាថ្មីម្តងទៀត អគ្គស្នងការដ្ឋាននគរបាលជាតិ សង្ឃឹមថា លោក ផែង វណ្ណៈ នឹង បន្តការពន្យល់បកស្រាយបន្ថែមទៀត ដើម្បីឲ អ្នកធ្វើដំណើរទាំងអស់ងាកមក គោរពច្បាប់ ដែលនឹងអាចអោយពួកគាត់ កាត់បន្ថយនូវគ្រោះថ្នាក់ មិនបាត់បង់ប្រាក់កាក់ និង ជាពិសេស ធ្វើឲការបើកបរតាមដងផ្លូវមានរបៀបរៀបរយដែលលើកកំពស់សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិផងដែរ។
– អគ្គស្នងកាដ្ឋាននគរបាលជាតិ ក៏នឹងរៀបចំនូវ ប្រព័ន្ធ hot line ដើម្បីទទួល យកនូវការរិះគន់ស្ថាបនា នានា ពាក់ព័ន្ធ នឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនេះផងដែរ។