នគរបាលស្រុកអង្គស្នួលសងប្រាក់ ១២០០ដុល្លារ ដល់ម្ចាស់រថយន្តដែលបាត់គ្រឿង
ករណីបាត់គ្រឿងរថយន្ដកាមរី សេរីឆ្នាំ ២០០២ របស់ ប្រជាពលរដ្ឋដែលរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល កាលពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៩ ត្រូវបានដោះស្រាយបញ្ចប់នៅរសៀលថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២០ ។
លោកវរៈសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានអោយដឹងថា លោកមានការសោកស្ដាយជាខ្លាំងបន្ទាប់ពីទទួលដំណឹងថា រថយន្តរបស់ប្រជាពលរដ្ឋដែលរក្សាទុកនៅ អធិការដ្ឋានរបស់លោកបាត់គ្រឿងមួយចំនួន ។ ក្នុងនាមលោកជាអធិការលោកបានទទួលយកនូវការរិះគន់ក៏ដូចជាទទួលខុសត្រូវសំណងទៅម្ចាស់រថយន្តផងដែរ ។
នៅរសៀលថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២០ នេះ មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួល បានប្រគល់ប្រាក់ចំនួន ១២០០ ដុល្លារ ជូនទៅប្អូនប្រុស ហុក តាំងហុង ម្ចាស់រថយន្តកាមរី ដេីម្បីយកទៅទិញគ្រឿងបំពាក់រថយន្តវិញ ។
សូមបញ្ជាក់ថា នៅថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២០ គណនី ហ្វេសប៊ុកឈ្មោះ Hok Tanghong បានបង្ហោះរៀបរាប់អំពីការបាត់បង់គ្រឿងរថយន្ដកាមរីរបស់ខ្លួនដែលរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល តាំងពីខែមេសា ឆ្នាំ ២០១៩ លុះពេលលោកមកទទួលយករថយន្តវិញស្រាប់តែរថយន្តរបស់លោក បាត់បង់គ្រឿងអស់ជាច្រើនមុខ ។ ព័ត៌មានអំពីការបាត់បង់គ្រឿងរថយន្ដនេះបានបង្ករអោយមានការរិះគន់ខ្លាំងពីមហាជន ។
ករណីបាត់គ្រឿងរថយន្ដ ឬ ម៉ូតូ ត្រូវបានមហាជនលេីកឡេីងថា មានស្ទេីរតែគ្រប់កន្លែងសមត្ថកិច្ច អោយតែរថយន្ដ ឬ ម៉ូតូ មានបញ្ហាយកទៅរក្សាទុកនៅកន្លែងសមត្ថកិច្ចដឹងតែមានបាត់គ្រឿងជារេីយៗ ។
ពាក់ព័ន្ធនឹងបញ្ហាបាត់គ្រឿងរថយន្ដ ឬ ម៉ូតូ នៅកន្លែងសមត្ថកិច្ចនេះ សូមថ្នាក់ដឹកនាំមេត្តាពិចារណាពង្រឹងវិន័យមន្ត្រីបន្ថែមទៀតដើម្បីកុំអោយមានបញ្ហាបែបនេះកេីតឡេីងទៀតបង្ករអោយមានការថ្នេីងថ្នាក់ពីប្រជាពលរដ្ឋ ។