មន្ត្រីជាន់ខ្ពស់នៅខេត្តមណ្ឌលគិរី ប្រមាណ ២៣ នាក់ កំពុងប្រឈមមុខនឹងការដកដំណែង ?
ប្រភពច្បាស់ការពីមន្រ្តីជាន់ខ្ពស់មួយរូបនៅក្រសួងមហាផ្ទៃ បានបង្ហេីបអោយដឹងថា ពាក់ព័ន្ធនឹងការទន្ទ្រានដីរដ្ឋយកមកធ្វេីជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅខេត្ត មណ្ឌលគិរី យ៉ាងហោចណាស់មានមន្ត្រីជាង ២០ នាក់ ត្រូវបាន គណៈរដ្ឋមន្ត្រី ស្នេីសុំគោលការណ៍ពីសម្ដេចតេជោ ហ៊ុន សែន ដកហូតតួនាទី និង បណ្ដេញចេញពី គណបក្ស ។

ប្រភពបានបន្តថា យោងតាមរបាយការណ៍របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២០ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានគោរពស្នេីសុំគោលការណ៍ពីសម្ដេចតេជោ ហ៊ុន សែន មានចំណាត់ការទៅលេីមន្រ្តីមួយចំនួនដូចខាងក្រោម ៖
១- គួរសម្រួលភារកិច្ច ឯកឧត្ដម ស្វាយ សំអ៊ាង ពី អភិបាល ខេត្តមណ្ឌលគីរី ដោយហេតុថា ឯកឧត្ដមមិនបានអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនជាប្រធានគណៈបញ្ជាការឯកភាពខេត្តក្នុងការចាត់វិធានការចាំបាច់នានាដេីម្បីទប់ស្កាត់ និង បង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តអោយមានប្រសិទ្ធិភាព និង មានឯកសារខ្លះឯកឧត្ដមបានចូលរួមចុះហត្ថលេខាទទួលស្គាល់ការទន្ទ្រានយកដីព្រៃដោយខុសច្បាប់ ។
២- គួរបញ្ចប់ដំណែង លោក សេង សុវណ្ណារ៉ា ពី សមាជិក គណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា ដោយហេតុថា លោកបានឃុបឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំឯកសារជាច្រើនដើម្បីយកដីព្រៃរបស់រដ្ឋ មកគ្រប់គ្រងជាកម្មសិទ្ធិផ្ទាល់ខ្លួនទោះបីជាត្រូវបានដកដំណែងចេញពីអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង ពីសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគីរីក៏ដោយ ក៏លោក នៅតែបន្តព្យាយាមស្នេីសុំកាន់កាប់ដីព្រៃដែលរដ្ឋបាលខេត្តបានចេញលិខិតនិរាករណ៍រួចហេីយ ។
៣- គួរចាត់វិធានការបញ្ចប់ដំណែង ឯកឧត្ដម ណយ ស្រូន ពីសមាជិកព្រឹទ្ធសភាភូមិភាគទី ៨ ដោយហេតុថា ឯកឧត្ដម មានការពាក់ព័ន្ធនឹងការកាន់កាប់ដីព្រៃដោយខុសច្បាប់ជាច្រើនហិកតា ។
៤- គួរចាត់វិធានការបញ្ចប់ដំណែង លោក ស៉ិន វណ្ណវុឌ្ឍ ពីអភិបាលស្រុកកោះញែក និងធ្វើការស៊ើបអង្កេត និង អនុវត្តវិធានការច្បាប់បន្ថែមទៀតចំពោះរូបលោក ដោយហេតុថា លោកអភិបាលស្រុករូបនេះ មានការជាប់ពាក់ព័ន្ធការកាប់រានទន្ទ្រានយកដីព្រៃដោយខុសច្បាប់ជាច្រើនកន្លែង នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា និង ជម្រកដែនសត្វព្រៃស្រែពក ចាប់តាំងពីលោកកាន់តំណែងជាអភិបាលស្រុកកែវសីមា រហូតដល់ជា អភិបាលស្រុកកោះញែកនាពេលបច្ចុប្បន្ន ។
៥- គួរចាត់វិធានការបញ្ចប់តំណែងលោក សៀក មុន្នី ពី អភិបាលស្រុកអូររាំង ដោយហេតុថា លោកអភិបាលស្រុករូបនេះមានការជាប់ពាក់ព័ន្ធ និង ឃុបឃិតគ្នាទន្ទ្រានដីព្រៃ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ដើម្បីយកទៅលក់និងធ្វេីកម្មសិទ្ធិដោយតម្រូវអោយមេភូមិ មេឃុំ ចុះហត្ថលេខាលេីការបញ្ជាក់កម្មសិទ្ធិដីធ្លីដោយខុសច្បាប់ជាច្រើន ។
៦- គួរចាត់វិធានការបញ្ចប់តំណែងលោកស្រី ថ្វាន់ ត្រែល ពីចៅសង្កាត់ សែនមនោរម្យ ស្រុកអូររាំង ដោយហេតុថា ចៅសង្កាត់រូបនេះតែងតែចុះហត្ថលេខាដឹងលឺលេីការលកលដូរដីព្រៃដោយខុសច្បាប់ និង ធ្វើលិខិតបញ្ជាក់ផ្សេងៗជាមួយឈ្មោះ ញ៉ាង ម្យក់ មេភូមិ ពូហ្សាម ទ៉បីមានការណែនាំ និង ព្រមានជាច្រើនដង ។
៧- គួរចាត់វិធានការបញ្ចប់តំណែងលោក ប៊ុត សំអែល ពីឃុំ ស្រែខ្ទុម ព្រោះហេតុថា មេឃុំរូបនេះ មានការចូលរួមឃុបឃិតរៀបចំផែនការផ្សេងៗក្នុងការកាប់រានទន្ទ្រានយកដីព្រៃ ពិសេសបានចូលរួមញុះញង់ប្រជាពលរដ្ឋអោយតវ៉ាទាមទារនិងកាន់កាប់ដីព្រៃដោយខុសច្បាប់ ។
៨- គួរចាត់វិធានការបញ្ចប់តំណែងលោក ពឿប ពេ មេឃុំ ស្រៃព្រះ ដោយហេតុថា មេឃុំរូបនេះ ជាអ្នកឃុបឃិតដ៏សកម្មក្នុងការទន្ទ្រានដីព្រៃសហគមន៍ ដោយមានការចាត់ចែងពីថនាក់ខេត្ត និង បង្ករការងាយស្រួលអោយមានការទន្ទ្រានយកដីព្រៃដោយខុសច្បាប់ និង បែងចែកដីព្រៃយ៉ាងអនាធិបតេយ្យអោយប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗដោយមិនខ្លាចញញេីតច្បាប់ឡេីយ ។ មេឃុំរូបនេះ បានឃុបឃិតជាមួយអតីតអភិបាលស្រុកកែវសីមា លោក ស៉ិន វណ្ណវុឌ្ឍ និង លោក សុខ សេរា បេីកដៃអោយមានការទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ ។
៩- គួរចាត់វិធានការបញ្ចប់តំណែងលោក សុខ សេរា ពីនាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ដោយហេតុថា រូបលោកជាអ្នកសម្របសម្រួលការងារ និង ប្រេីប្រាស់រូបភាពស្នេីសុំដីសម្បទានសង្គមកិច្ចដែលបង្ករអោយមានការកាប់រានទន្ទ្រានដីព្រៃដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិយកទៅលក់អោយឈ្មួញជាបន្តបន្ទាប់ ។
១០- គួរចាត់វិធានការបញ្ចប់តំណែង ឧត្ដមសេនីយ៍ ជេត ហ៊ាង មេបញ្ជាការរងកងឯកភាពស្ថាបនាថ្នល់លេខ ៧១៦ ជាប្រធានការដ្ឋានខ្សែក្រវាត់ព្រំដែន និង នាយទាហាន នាយទាហានរង ចំនួន ១២ រូបទៀត ដែលបានប្រេីប្រាស់តួនាទីបេសកកម្ម និង គ្រឿងចក្រ របស់អង្គភាព ធ្វើសកម្មភាព កាប់រានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ តាមដងផ្លូវក្រវាត់ព្រំដែន ក្នុងភូមិសាស្ត្រភូមិស្រែខ្ទុម ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី ។
១១- គួរចាត់វិធានការបញ្ចប់តំណែងលោក ថាន ប៊ុនធឿន ពីមេបញ្ជាការសឹករងស្រុកកោះញែក ដោយសារតែតាមភរិយារបស់ខ្លួនឈ្មោះ ខេង សុខនី បានទិញដីជាច្រើនហិកតាពីប្រជាពលរដ្ឋដែលទន្ទ្រានកាន់កាប់ដោយខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃកែវសីមា ។
ដោយសារតែករណីនេះជាប់ពាក់ព័ន្ធជាមួយមន្ត្រីច្រើន នៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២០ សម្ដេចតេជោ ហ៊ុន សែន បានចារលេីរបាយការណ៍របស់ទីស្ដីការគណៈរដ្ឋមន្ត្រី បញ្ជូនទៅសម្ដេចក្រឡាហោម ស ខេង ដេីម្បីដឹកនាំការប្រជុំ និង លេីកយោបល់មកសម្ដេចតេជោ ហ៊ុន សែន វិញ ។
នៅថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២០ នេះ សម្ដេចក្រឡាហោម ស ខេង បានសម្រេច បង្កេីតក្រុមការងារអន្តរក្រសួងមួយដែលមានក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ ដែលមាន ឯកឧត្តម អង្គ មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន ។ ក្រុមការងារអន្តរក្រសួងនេះមានតួនាទី និង ភារកិច្ច ចុះសិក្សាស្រាវជ្រាវ លេីករណីនីមួយៗនៃការកាប់រានទន្ទ្រានយកដីព្រៃដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី តាមរបាយការណ៍របស់ទីស្ដីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២០ អោយបានជាក់ស្ដែង និង ប្រមូលឯកសារ និង ភស្តុតាងនានាពាក់ព័ន្ធជាមួយនឹងមន្ត្រី និង អ្នកពាក់ព័ន្ធនឹងសកម្មភាពទាំងនោះ ។
សូមបញ្ជាក់ថាថ្មីៗកន្លងមកនេះសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នឹងមិនអត់ឱអោយមន្រ្តីណាទន្ទ្រានយកដីព្រៃឬបស់រដ្ឋជាដាច់ខាត ។ ប្រជាពលរដ្ឋបានសាទរយ៉ាងខ្លាំងក្លាចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលលេីពួកមន្រ្តីខិលខូចដែលឃុបឃិតគ្នាទន្ទ្រានដីព្រៃរបស់រដ្ឋយកមកធ្វេីជាកម្មសិទ្ធិរបស់ខ្លួន ។