ពលរដ្ឋប្តឹងលោក អ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដីខេត្តបាត់ដំបងទៅតុលាការ ពាក់ព័ន្ធការរារាំងការអនុវត្តច្បាប់ធ្វើអោយខាតប្រយោជន៍ដើមបណ្តឹងយ៉ាងធ្ងន់ធ្ងរ
ភ្នំពេញ៖លោក អ៊ឹង វ៉េងចេង អាយុ៥០ឆ្នាំ មានទីលំនៅផ្ទះលេខ៦៣០ ផ្លូវលេខ២១៧ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ថ្មីៗនេះ បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌមួយ ប្តឹងលោក អ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តបាត់ដំបង ពាក់ព័ន្ធ «ការបដិសេធការអនុវត្តសេចក្តីសម្រេចរបស់តុលាការ និង ការចាត់វិធានការសំដៅការរារាំងការអនុវត្តច្បាប់ និង ស្ថានទម្ងន់ទោស»។

នេះបើយោងតាមពាក្យបណ្តឹង ដែល ទើបទទួលបាន នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ នេះ ។
បណ្តឹងនេះ គឺ ពាក់ព័ន្ធនឹងដំណើររឿងដែល លោក អ៊ឹង វ៉េងចេង បានចូលរួមដេញថ្លៃនូវអចលនវត្ថុចំនួន២កន្លែង ស្ថិតនៅភូមិព្រែកមហាទេព ឃុំស្វាយប៉ោ ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង តាមរយៈការដាក់អោយដេញថ្លៃរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ដែលបានកក់ប្រាក់ត្រឹមត្រូវ ។ ប៉ុន្តែ លោក អ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដីខេត្តបាត់ដំបង បានធ្វើអោយរឿងនេះអូសបន្លាយរយៈពេលជាង៥ឆ្នាំ ធ្វើអោយលោក អ៊ឹង វ៉េងចេង មិនអាចគ្រប់គ្រងលើដីដែលខ្លួនបានទិញដោយស្របច្បាប់បាន និង ខូចប្រយោជន៍យ៉ាងធ្ងន់ធ្ងរ ។
ដើមបណ្តឹង គឺ លោក អ៊ឹង វ៉េងចេង បានចាត់ទុកអំពើរបស់លោក អ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដីខេត្តបាត់ដំបង ធ្វើអោយខូចផលប្រយោជន៍ស្របច្បាប់យ៉ាងធ្ងន់ធ្ងរ និង មានភាពអយុត្តិធម៌ ជាពិសេស ទឹកប្រាក់ដែលបានចំណាយទៅលើការទិញ គឺ បានប្រគល់អោយតុលាការរួច រយៈពេលជាង៥ឆ្នាំ មកហើយ ។
កត្តានេះ ដើមបណ្តឹង យល់ថា នឹងធ្វើអោយសាធារណជនដទៃទៀត បាត់បង់ជំនឿចិត្ត ទៅលើស្ថាប័នអនុវត្តរបស់តុលាការ និង សុរិយោដី ព្រមទាំងប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌ ទៀតផង ។
ជាមួយគ្នានេះ ដើមបណ្តឹង បានសំណូមពរអោយតំណាងអយ្យការចោទប្រកាន់លោក អ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដីខេត្តបាត់ដំបង ទៅតាមកម្មវត្ថុនៃបណ្តឹង និង ស្នើដាក់អោយស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្នទៅលើលោក អ៊ូ ដារី ព្រមទាំងសុំអោយលោក អ៊ូ ដារី សងប្រាក់ថ្លៃសេវាកម្មផ្លូវច្បាប់ចំនួន១០ម៉ឺនដុល្លារ និង សំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារអាមេរិក ។
ទោះបីយ៉ាងណាពេលនេះពុំទាន់អាចសុំការឆ្លើយតបពីលោក អ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដីខេត្តបាត់ដំបងបានទេ ដោយសារគ្មានលេខទូរស័ព្ទដើម្បីទំនាក់ទំនង។ ប៉ុន្តែនឹងរង់ចាំការបកស្រាយបញ្ហានេះពីភាគីពាក់ព័ន្ធគ្រប់ពេលវេលា ៕