កម្ពុជារក្សាជំហរបន្តទំនាក់ទនងល្អជាមួយ EU បើទោះជាមានការផ្តាច់ EBA ២០% លើមុខទំនិញមួយចំនួនយ៉ាងណាក្តី
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កម្ពុជានៅតែរក្សាជំហរ បន្តទំនាក់ទំនងល្អជាមួយសហគមន៍អឺរ៉ុប (EU) ទោះបី EU ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងតែ គ្រឿងសព្វាវុធ (EBA) ២០% ពីប្រទេសកម្ពុជាក៏ដោយ ព្រោះទំនិញរបស់កម្ពុជា នៅតែអាចនាំទៅ EU បានដដែរ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីតាំង និងសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «EBA បានចូលជាធរមាន យើងដឹងហើយតាំងពីថ្ងៃទី១២ សីហា។ ប៉ុន្ដែយើង ក៏មិនមានជំហរអ្វីប្លែកពីមុនទេ គឺនៅដដែរ គឺយើងខិតខំប្រឹង ដើម្បីជម្នះឧបសគ្គបញ្ហា ប្រឈមទាំងឡាយ អាហ្នឹងអត់ជម្រើសក្រៅពីហ្នឹងទេ។ ប៉ុន្ដែមិនមែនយើង ផ្ដាច់ទំនាក់ទំនងជាមួយសហគមន៍អឺរ៉ុបទេ បានសេចក្ដីថា មានទំនាក់ទំនង ជាមួយសហគមន៍អឺរ៉ុបនៅតែមានសារសំខាន់ ហើយយើងខិតខំបន្ថែមទៀត»។
សម្ដេចក្រឡាហោមរៀបរាប់ថា ទំនិញរបស់កម្ពុជា នាំចេញទៅកាន់ទីផ្សារអឺរ៉ុបបានដដែរ គ្រាន់តែបង់ពន្ធតែប៉ុណ្ណោះ។ ដូច្នេះ ភាគីពាក់ព័ន្ធត្រូវរួមគ្នាដោះស្រាយ និងជម្នះរាល់ការលំបាកទាំងនោះ ដើម្បីរក្សាកំណើនសេដ្ឋកិច្ច ឬស្ថេរភាពនយោបាយ ដែលទាក់ទងទៅបញ្ហា EBAនេះ។
សូមជម្រាបថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប (EU) បានចេញសេចក្ដីសម្រេចមួយផ្ដាច់ EBA ចំនួន២០%ចេញពីកម្ពុជា។ បើតាមការសម្រេចនេះ គឺប៉ះពាល់ដល់ទំនិញនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហភាពអឺរ៉ុបប្រមាណ ២០% ប៉ុន្តែកម្ពុជានៅតែអាចបន្តនាំចេញទំនិញទាំងនេះ បានតែក្នុងលក្ខខណ្ឌត្រូវបង់ពន្ធ។ ហើយទំនិញរបស់កម្ពុជា៨០%ទៀត គឺនៅតែអាចបន្តនាំចេញទៅអឺរ៉ុបដោយមិនបង់ពន្ធដដែរ ហើយទំនិញដែលប៉ះពាល់ដោយសារបាត់ផ្នែកខ្លះនៃ EBAនេះ គឺមាន៤០មុខ ភាគច្រើនជាសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលនាំទៅអឺរ៉ុបក្នុងតម្លៃ១ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំ៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា