ស្ពានដែកប្រវត្តិសាស្ត្ររបស់ខេត្តបន្ទាយមានជ័យ ត្រូវគេឃុបឃិតគ្នាបំផ្លាញ
យោងប្រវត្តិស្រាវជ្រាវឲ្យកាសែតរស្មីក្មី កម្ពុជាដឹង ថ្ងៃទី ៦ ខែសីហា ថា ស្ពាន ដែកថែប ទាំងបន្ទះតាប់កេរ សម័យអាណានិគមនិយមបារាំង នៅសល់រូបរាងដើមតែមួយគត់លើបណ្តោយ ផ្លូវជាតិលេខ៥ នោះគឺស្ពានទឹកថ្លា ស្ថិតនៅក្បាលមួយនៃស្ទឹងសិរីសោភ័ណនា ភូមិ – សង្កាត់ទឹកថ្លាខាងលិច ក្រុងសិរីសោភ័ណ ៦ គម ។ ស្ពាន នេះ កសាងនៅឆ្នាំ ១៩៣១ ជាពេលកសាងផ្លូវជាតិលេខ៥ ( ភ្នំពេញ – ប៉ោយប៉ែត ប្រវែង ៤០៨ គម ) ដែរ។ ស្ពានដែកដូចគ្នានេះខ្លះទៀតរាប់ទាំងស្ពានសែសិន ឆ្លងស្ទឹងសិរីសោភ័ណប៉ែកខាងត្បូងត្រូវរុះរើរចេញអស់ នៅពេលគេស្តារ និងស្ថាបនាផ្លូវជាតិលេខ ៥ ឡើងវិញកន្លងមក ។ ប៉ុន្តែសម្រាប់ស្ពានដែកនៅទឹកថ្លានេះ ក្រសួងសាធារណការ និងរាជរដ្ឋាភិបាល បានរក្សាទុកតាមសំណើរបស់់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ។
ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានថ្លែងគាំទ្រសំណើរក្សាទុកស្ពានដែកថែប នៅទឹកថ្លា នោះ ហើយត្រូវសង់ស្ពានថ្មថ្មី នៅស្របគ្នានោះវិញ ។ ពោលគឺសម្តេចថ្លែងកាលពីសម្តេចអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់សាកលវិទ្យាល័យមានជ័យ ដែលស្ថិតនៅជិតស្ពាននោះ កាលពីថ្ងៃទី ៤ មេសា ឆ្នាំ ២០០៨ ។ ហើយ សម្តេចតេជោ ក៏ចាប់អារម្មណ៍យ៉ាងខ្លាំងលើរូបថត ១ សន្លឹក របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលឈរស្ពាយកាំភ្លើង នៅមុខស្ពានដែកទឹកថ្លា នេះថាជាអនុស្សាវរីយ៍ដូចជាឈ្លបយាមស្ពានម្នាក់នាសម័យ សាធារណប្រជាមានិតកម្ពុជា ។
តាមរយ:រូបថតនោះ ក៏ដូចលោកឧបនាយករដ្ឋមន្ត្រី ធ្លាប់បាននិយាយក៏ដូចមន្ត្រីស្និតរបស់លោក ព្រមទាំង លោកស្រី ម៉ៅ ម៉ាល័យ ជាភរិយារបស់លោកកែ គឹមយ៉ាន បានប្រាប់កាសែតរស្មី កម្ពុជា កាលពីថ្ងៃទី ៥ ខែសីហា បានបង្ហាញថា ការអភិរក្សទុកស្ពានដែក ទឹកថ្លានេះមានអត្ថន័យជាអនុស្សារីយ៍ជ្រាលជ្រៅនៃប្រវត្តិផ្ទាល់ខ្លួន មន្ត្រីជាន់ខ្ពស់រូបនេះផង និងអនុស្សាវរីយ៍ជូចត់នៃប្រវត្តិសាស្ត្រសម័យសង្គ្រាមមួយនៅកម្ពុជា ។
លោកស្រីម៉ៅ ម៉ាឡៃ លើកឡើងថាស្វាមីលោកស្រី មានមនោសញ្ចេតនាស្រឡាញ់ស្ពានដែកទឹកថ្លានោះទាំងអត្ថ ន័យឈ្មោះទីកន្លែង ” ទឹកថ្លា ” ទាំងទីតាំង ភូមិសាស្ត្រ នៅជាប់ក្បាលមួយនៃស្ទឹងសិរីសោភ័ណ មានទឹកថ្លាយង់ និងមានម្ខាងជាទេសភាពវាលស្រែវែងអន្លាយ និងម្ខាងជាជញ្ជាំងក្រុមកូនភ្នំពណ៏ខៀវ ។
ក្នុងនោះក៏មានមូលហេតុ នាំឲ្យមានបំណងជ្រើសរើសទីតាំងក្បាលស្ទឹងទឹកថ្លានោះ កសាងសាកលវិទ្យាល័យ មានជ័យ ជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ដំបូងបង្អស់ក្នុងខេត្តបន្ទាយមានជ័យកាលពីឆ្នាំ២០០៦ , ការកសាង តារាងបាល់ទាត់ និងការរើវេទិកា អុំទូកមកដាក់នៅម្តុំនោះផងដែរ ។ ហេតុដូច្នេះហើយ បានជាពេលនេះ លោកជំទាវឲ្យក្រុមការងារសម្អាត ព្រៃ បន្លា ស្មៅ ឈួស ឆាយ សម្រួលទីធ្លា និងត្រៀមរៀបចំកែលម្អ តុបតែង ដាំ ផ្កា និងសាងសង់សំណង់ ឬវត្ថុអនុស្សាវរីយ៍មួយចំនួន ហើយគ្រោងបង្កើតជារមណីយដ្ឋានអនុស្សាវរីយ៍ សម្រាប់ភ្ញៀវ ទូទៅ និងយុវជនយុវនារី ទៅទស្សនាថ្មើរជើង លើស្ពាន និងផ្តិតយករូបភាព ក៏ដូចជាស្រូបយក ខ្យល់អាកាស នាសាយយ័ន្តកាល ។
ម្យ៉ាងទៀត ការរៀបចំនេះដើម្បីទប់ស្កាត់អ្នកខ្លះដែលលួចនាំយកសម្រាម ឬកាកសំណល់ទៅចាក់ចោលក្នុង ស្ទឹងបង្កខូចខាតបរិស្ថានផងដែរ ។
លោកប្រាក់ សារ៉ាក់ អនុប្រធានមនី្ទរ សាធារណការ និង ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ ប្រាប់កាសែតរស្មី កម្ពុជា ថ្ងៃទី ៦ ខែសីហា ថា ៣-៤ ថ្ងៃ មកនេះ ក្រុមការងាររបស់លោក ជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានឲ្យទីតាំងបរិវេណស្ពានដែកថែប ទឹកថ្លា នេះ ស្រឡះស្អាត … ហើយតទៅ គេនឹងរៀបចំជារមណីយដ្ឋាន អនុស្សាវរីយ៍មួយអោយសមរម្យ ។ មានការកសាផ្ទាំងរូបភាព កសាងរូបបេះដូងចាក់សោរ កសាងខ្ចូស និង ដាក់ ទូក ជិះកំសាន្ត ការដាំផ្កា និង រុក្ខជាតិលម្អជាដើម ។
លោកប្រាក់ សារ៉ាក់ និយាយបន្តថាស្ពានដែកថែបទឹកថ្លា នៃផ្លូវជាតិលេខ ៥ នេះកសាងនៅសម័យអាណា និគមនិយមបារាំង ឆ្នាំ ១៩៣១ ។ហើយក្បែរគ្នានោះ មានស្ពានដែកនៃផ្លូវដែកទិសខាងប្រទេសកម្ពុជាផងដែរ ។ អំពើប្រវត្តិ និងអនុស្សាវរីយ៍ជូរចត់នៃស្ពានដែកថែប ទឹកថ្លានេះ លោករំលឹកថា ស្ពាននេះរងការបាញ់រះការដាក់ មីនតោនបំផ្លាញ ជាច្រើនលើកពីអតីតគូជម្លោះ ប្រដាប់អាវុធសង្គ្រាម នៅកម្ពុជាអំឡុងទសវត្សរ៍ទី៨០ និងទី ៩០ ហើយក្រុមដែលចូលទៅជួសជុលឡើងវិញក៏មានរូបលោកផងដែរ ។
ហេតុនេះហើយ បានជារូបរាងស្ពាននេះមានស្លាកស្នាម បាក់បែក ធ្លុះធ្លាយ ដោយអំបែងគ្រាប់ និង បំណាស់ ដែលជួសជុលរាប់សិបបំណាស់ និងស្លាកស្នាមដែលប៉ើងធ្លុះវៀចដោយសារការប៉ះទង្គិចយ៉ាងខ្លាំងដោយ រថក្រោះ បើកឆ្លងកាត់ស្ពាននេះកាលសម័យសង្គ្រាម ។
ដោយហេតុថា ស្ពាននេះមិនត្រឹមជាសំណង់ស៊ីវិល ស្ពាន ថ្នល់ បម្រើអោយការដឹកជញ្ជូនសេដ្ឋកិច្ច សង្គមកិច្ច ទំនាក់ទំនងប្រវត្តិសាស្ត្រតែមួយគត់ ដែលឆ្ពោះទៅភ្ជាប់រវាងប្រទេសកម្ពុជា និងថៃប៉ុណ្ណោះទេ តែវាជាស្ពានយុទ្ធសាស្ត្រខាងយោធាកាលពីអតីតកាលដ៏សំខាន់ ៕