លោក ងួន សុបិន ប្រកាសបើកភ្លើងខៀវស្វាគមន៍គ្រប់ផលិតកម្ម ក្រោយចែកផ្លូវពីផលិតកម្មថោន៤ឆ្នាំ
រាជធានីភ្នំពេញ ៖ អ្នកនិពន្ធដ៏ល្បីល្បាញជួបទីណាផ្ដល់សំណើចមិនចេះរីងស្ងួតជូនបងប្អូនដល់ទីនោះលោក ងួន សុបិន បានថ្លែងបញ្ជាក់ប្រាប់ តារាញូស៍ តាមទូរស័ព្ទឲ្យដឹងថា មកដល់ពេលនេះរូបលោក និងផលិតកម្មថោនបានចែកផ្លូវគ្នាអស់រយៈពេល៤ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ២០១៦មកម្ល៉េះ។
ឆ្លៀតក្នុងឱកាសនេះលោកក៏បានប្រកាសបើកភ្លើងខៀវសម្រាប់ការសហការពីគ្រប់ផលិតកម្មទាំងអស់ក្នុងស្រុកដើម្បីក្លាយខ្លួនជាសមាជិកក្នុងតួនាទីទាំងជាអ្នកនិពន្ធចម្រៀង អ្នកដឹកនាំកម្មវិធី សម្ដែង និងកំប្លែង និយាយរួមគឺគ្រប់ជំនាញទាំងអស់ក្នុងសិល្បៈតែម្ដង។
បន្ថែមពីលើការប្រកាសឲ្យដឹងពីការចែកផ្លូវជាមួយផលិតកម្មថោន និងប្រកាសស្វាគមន៍គ្រប់ផលិតកម្មដែលចង់បានរូបលោកនោះ កវីនិពន្ធបទចម្រៀងដ៏ល្បីឲ្យតារាចម្រៀងប្រុសស្រីច្រៀងផ្ទុះខ្លាំងក្លា បានលម្អិតបន្ថែមថា៖ «ក្រោយចប់កុងត្រាលោកបានធ្វើបំពេញការងារឯករាជ្យដោយទទួលគ្រប់ជំនាញតែម្ដងពីបណ្ដាម្ចាស់កម្មវិធី ឬផលិតករ ទាំងនិពន្ធចម្រៀង ដឹកនាំផលិត និងសម្ដែង ហើយតែងចែកជូនសំណើចឲ្យបងប្អូនតាមរយៈកាយវិការ និងទឹកមុខដ៏កំប្លែងរបស់លោក»។
ការថ្លែងបញ្ជាក់របស់លោក ងួន សុបិន នាពេលនេះតាមរយៈ តារាញូស៍ បានធ្វើឡើងស្របពេលដែលលើទំព័រហ្វេសប៊ុករបស់អ្នកនិពន្ធល្បីឈ្មោះរូបនេះបានធ្វើការបង្ហោះដោយសង្កត់ធ្ងន់ថា៖ «ខ្ញុំអត់សមត្ថភាព ឬគេមើលមិនឃើញ ចង់សុំគេធ្វើការមិនដឹងសុំតាមណា ផលិតកម្មមួយនគរហ៊ឹមសិល្បៈស្រុកយើងអត់ខ្សែ លំបាកបន្តិចហើយទ្រាំទៀតទៅចាំមើលមានបងប្អូនខាងផលិតកម្មណាឃើញហៅទៅប្រើចាំគិតតាមហ្នឹងទៀតទៅ ហិហិ ងួន សុបិន អើយ ( សៀង ឥលូវឆ្ងាញ់ណាស់)»។