រាជរដ្ឋាភិបាលកម្ពុជា បានរៀចំពិធីប្រគល់ផែនទីឋានលេខាព្រំដែនគោក ១/២៥០០០ រវាងកម្ពុជា-វៀតណាម ជូនស្ថាប័ននានាចំនួន ៣៥ ដើម្បីយកទៅអនុវត្ត

រាជរដ្ឋាភិបាលកម្ពុជា គ្រោងយកផែនទីឋានលេខាព្រំដែនគោក ១/២៥០០០ កម្ពុជា-វៀតណាម ទៅតម្កល់នៅ UN និងបានរៀបចំពិធីប្រគល់ផែនទីឋានលេខាព្រំដែនគោក ១/២៥០០០ រវាងកម្ពុជា-វៀតណាម ជូនស្ថាប័ននានាចំនួន ៣៥ ដើម្បីយកទៅអនុវត្ត ដែលពិធីនេះស្ថិតក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅវិមានសន្តិភាព នាថ្ងៃទី ២៧ ខែសីហា នេះ។

Banner Sidebar 1 – ទឹកលាងដៃ

ឯកឧត្តម វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា បានលើកឡើងថា ផែនទីឋានលេខាព្រំដែនគោក ១/២៥០០០ រវាងកម្ពុជា-វៀតណាម នេះ ធ្វើឡើងដោយមានការព្រមព្រៀងគ្នារវាងភាគីកម្ពុជា និងវៀតណាម និងស្របតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ ព្រមទាំងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ឯកឧត្តមបញ្ជាក់ថា ផែនទីនេះ កម្ពុជានិងវៀតណាម បានឯកភាពគ្នាឲ្យប្រទេសទី៣ ពោលគឺប្រទេសដាណឺម៉ាក ជាអ្នកបោះពុម្ភ ដើម្បីបង្ហាញពីសុក្រឹតភាពនៃផែនទីដ៏ទំនើប ដែលអាចមើលឃើញស្ថានភាពនៅតាមព្រំដែន និងបង្គោលព្រំដែននៃប្រទេសទាំងពីរយ៉ាងច្បាស់ពីលើអាកាស។

បើតាមប្រធានគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជារូបនេះ ក្រោយពីទទួលបានជោគជ័យលើការបង្កើតផែនទីឋានលេខាព្រំដែនគោក ១/២៥០០០ កម្ពុជា-វៀតណាម នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏គ្រោងយកផែនទីនេះ ទៅតម្កល់ទុកនៅអង្គការសហប្រជាជាតិនៅពេលខាងមុខ ដើម្បីទុកជាឯកសារគតិយុត្តិ ដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចាត់ទុកផែនទីនេះថា ជាតឹកតាងដ៏រឹងមាំ និងជាលទ្ធផលជាទីមោទនសម្រាប់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសវៀតណាម។

ក្នុងនាមរាជរដ្ឋាភិបាល សម្តេចពិជ័យសេនា ទៀ បាញ់ បានកោតសរសើរវាយតម្លៃខ្ពស់ចំពោះវីរភាពការពុះពារតស៊ូប្តូរផ្តាច់ និងលះបង់ខ្ពស់របស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក្រុមបច្ចេកទេសព្រំដែន ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីនៅជាប់ព្រំដែនគ្រប់លំដាប់ថ្នាក់ និង ខ.ភ.ម ដែលបានខិតខំបំពេញការងារជាប្រវត្តិសាស្ត្រនេះដោយជោគជ័យ។ ជាមួយគ្នានេះដែរ សម្តេចក៏បានជំរុញឲ្យមន្ត្រីអាជ្ញាធរ និងប្រជាពលរដ្ឋ ខិតខំរួមគ្នាបំពេញភារកិច្ច ក្នុងការបញ្ចប់ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកដែលនៅសល់ ឲ្យបានបញ្ចប់ជាស្ថាពរ តាមការណែនាំរបស់រាជរដ្ឋាភិបាល បានដាក់ចេញក្នុងគោលបំណងបន្តពង្រឹងបន្ថែមទៀត នូវកិច្ចការពារអធិបតេយ្យ បូរណភាព ទឹកដីនៃយើង។

សូមបញ្ជាក់ថា កម្ពុជា និងវៀតណាម មានព្រំដែនគោកជាមួយគ្នាប្រមាណ ១២០០ គីឡូម៉ែត្រ ដែលមកដល់ពេលនេះ ភាគីទាំងពីរ បានសម្រេចការបោះបង្គោលព្រំដែនបានប្រមាណ ៨៤ ភាគរយ ដោយនៅសល់តែ ១៦ ភាគរយទៀតប៉ុណ្ណោះ នឹងត្រូវបញ្ចប់៕

អត្ថបទដែលជាប់ទាក់ទង