មកស្វែងយល់ពីផ្សារណាត់ ក្រុងបាត់ដំបង អតីតផ្សារស្វាយប៉ោ
នៅព្រលប់ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២០ វេលា ម៉ោង ៦ មានអគ្គីភ័យមួយបានកេីតឡេីងនៅផ្សារណាត់ក្រុងបាត់ដំបង ហេីយត្រូវបានសមត្ថកិច្ច និង អាជ្ញាធរខេត្ត នាំគ្នាពន្លត់រហូតដល់រលត់ជាស្ថាពរនៅវេលាម៉ោង ៨ យប់ថ្ងៃដដែល ។ តែមិនបណ្តាលអោយខូចខាតធ្ងន់ធ្ងរទេ ។
បន្ទាប់ពីមានហេតុការណ៍ឆេះផ្សារណាត់នេះកេីតឡេីង ធ្វើអោយគេនឹកឃេីញអំពី ប្រវត្តិសាងសង់ផ្សារណាត់នេះ ។ ផ្សារធំបាត់ដំបង ដែលភាគច្រើនត្រូវបានគេស្គាល់ថា ផ្សារណាត់ ត្រូវបានសាងសង់តាំងពីពេលកម្ពុជាស្ថិតនៅក្រោមអាណានិគមបារាំងមកម៉្លេះ។ ផ្សារនេះស្ថាបនាដោយលោក លូវីស ឆូឆុង នៅក្នុងឆ្នាំ ១៩៣៦ តាមអត្ថបទខ្លះថាឆ្នាំ ១៩១២ បានសាងសង់រួចមកហើយតែត្រូវបានកែលម្អជាថ្មីនៅឆ្នាំ ១៩៣៦-១៩៣៧ ដោយប្រើរចនាបថអាតដេកូ (art deco) ជាម៉ូតអគារពេញនិយមនាពេលនោះ។
អាគារផ្សារបែងចែកជាពីរគឺខាងលិច និងខាងកើត។ នៅចំកណ្ដាលផ្នែកទាំងពីរ គឺមានផ្លូវលេខ ២ កាត់ទទឹងផ្សារ។ ក្រៅពីជាកន្លែងលក់ដូររបស់អាជីវករគ្រប់ប្រភេទ ផ្សារនេះក៏ជាទីពេញនិយម សម្រាប់ទេសចរដែលចូលចិត្តសំណង់អគារប្រវត្តិសាស្ត្រផងដែរ។