បញ្ចប់មុខតំណែងឧត្ដមសេនីយ៍ទោ អ៊ុក កុសល ពីស្នងការខេត្តកំពង់ធំ និង ទម្លាក់ឋានន្តរសក្ដិពីផ្កាយ ២ មកនៅត្រឹម ស័ក្ដិ ៣ ?
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ អះអាងថា ក្រសួងមហាផ្ទៃ បានសម្រេចបញ្ចប់ឧត្តមសេនីយ៍ទោ អ៊ុក កុសល ពីតំណែងស្នងការខេត្តកំពង់ធំហើយ។
ការបញ្ចប់មុខតំណែងរបស់លោក អ៊ុក កុសល គឺបន្ទាប់ពីលោក ត្រូវនគរបាលនារីៗមួយចំនួន ក្រោមឱវាទ ប្តឹងទៅសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថា បានបៀតបៀនកេរ្តិ៍ខ្មាសលើពួកនាង។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានតាមទូរសព្ទ នៅល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ លោក ខៀវ សុភ័គ បញ្ជាក់ថា៖«ក្រោយពីស៊ើបអង្កេតទៅ ឃើញថា បានប្រព្រឹត្តដូចការប្តឹងមែន»។
លោក ខៀវ សុភ័គ បន្តថា បច្ចុប្បន្ន ស្នងការថ្មី ត្រូវបានតែងតាំងជំនួសតំណែងរបស់លោក អ៊ុក កុសលហើយ។ តែលោក ពុំបានចាំឈ្មោះស្នងការថ្មីនោះទេ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បន្ថែមថា លោក អ៊ុក កុសល ត្រូវបានទម្លាក់ឋានន្តរស័ក្តិពីផ្កាយ២ (ឧត្តមសេនីយ៍ទោ) មកនៅត្រឹមស័ក្តិ៥ (វរសេនីយ៍ឯក) ហើយក្រសួងមហាផ្ទៃ បានស្នើឲ្យទម្លាក់ស័ក្តិ២ថ្នាក់ថែមទៀត (អាចនៅត្រឹមស័ក្តិ៣)៕
ប្រភព ថ្មី ថ្មី