យាយខ្លួនឯង អាយុ៨៤ឆ្នាំ បណ្តាលឲ្យឱ្យសន្លប់ ដើម្បីយកគ្រឿងអលង្កា
ខេត្តពោធិ៍សាត់៖ ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចខ្នងប្រឡាយស្នាយទោល ស្ថិតនៅភូមិស្នាយទោល ឃុំត្រពាំងជង
ស្រុកបាកាន ខេត្តពោធិ៍សាត់។
កម្លាំងកងរាជអាវុធហត្ថស្រុកបាកាន ខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងនគរបាល ស្រុក ក្រោមការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តពោធិ៍សាត់ បានឃាត់ខ្លួនបុរសម្នាក់ ដែលបានប្រើហិង្សាវាយទៅ លើយាយបង្កើតរបស់ខ្លួន អាយុ៨៤ឆ្នាំ បណ្តាលឱ្យសន្លប់ ដើម្បីប្លន់យកគ្រឿងអលង្កា និងប្រាក់។
យុវជននេះមានឈ្មោះ មោះ សឿន ចាន់រិទ្ធិហៅ (ង៉ាំ) អាយុ២៤ឆ្នាំរស់នៅភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ចំណែកជនរងគ្រោះជាជីដូនចាស់មានឈ្មោះ ពេជ្រ ហាន អាយុ៨៤ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា។ បន្ទាប់ពីវាយជនរងគ្រោះ យុវជនខាងលើដែលជាចៅ បានយក ខ្សែកលោហៈធាតុពណ៌លឿង ១ខ្សែទម្ងន់៣ជី, លុយខ្មែរចំនួន ៨០០,០០០រៀល និង ទូរស័ព្ទដៃ Nokia សេរីចាស់មួយគ្រឿង។
លុះនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកាន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន ចុះទៅចំណុចរោងចក្រកាត់ដេរសំលៀកបំពាក់ស្នាមព្រះស្ថិតនៅភូមិ ឃុំស្នាមព្រះ ស្រុកបាកាន ទើបឃាត់ខ្លួនមុខសញ្ញាបានតែម្តង។ ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបំពេញនីតិវីធីបញ្ជូនទៅតុលាការ៕