គ្រប់គ្នាផ្អើលរឿងពន្ធចំណេញមូលធន២០% ឥឡូវមកដឹងពីអចលនទ្រព្យប្រភេទណាខ្លះដែលមិនជាប់ពន្ធ
ចាប់ពីឆ្នាំក្រោយទៅរដ្ឋបានប្រកាសថា នឹងយកពន្ធ ២០% នៃពន្ធលើចំណេញមូលធន ដែលការប្រកាសនេះធ្វើឱ្យប្រជាពលរដ្ឋជាច្រើនកំពុងតែបង្ហាញក្តីព្រួយបារម្ភចំពោះ ជាពិសេសអ្នកកំពុងដែលរកស៊ីលើវិស័យអចលនទ្រព្យនេះ។
ប៉ុន្តែការយកពន្ធលើចំណេញមូលធននេះ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ហើយថា៖ ការយកពន្ធលើចំណេញមូលធននេះ គឺរដ្ឋគិតពន្ធលើចំណេញមូលធនតែក្នុងករណីប្រតិបត្តិការលក់អចលនវត្ថុណា ដែលទទួលបានប្រាក់ចំណេញតែប៉ុណ្ណោះ ប៉ុន្តែបើក្នុងករណីប្រតិបត្តិការលក់អចលនវត្ថុណា ដែលមិនទទួលបានប្រាក់ចំណេញនោះ នឹងមិនជាប់កាតព្វកិច្ចពន្ធនេះឡើយ។ហើយពន្ធចំណេញលើមូលធននេះត្រូវបានលើកលែងចំពោះការលក់ ឬផ្ទេរ ប្រភេទអចលនទ្រព្យ ដែលមានដូចជា៖
១- ទ្រព្យដែលកម្មសិទ្ធរបស់ស្ថាប័នរដ្ឋ
២-ទ្រព្យដែលកម្មសិទ្ធិបេសកកម្មការទូតបរទេស ឬកុងស៊ុលបរទេស និង អង្គការអន្តរជាតិ ឬទីភ្នាក់ងារប្រតិបត្តិការបច្ចេកទេស នៃរដ្ឋាភិបាលដទៃ
៣-និវាសដ្ឋានដែលជាគោលដើមរបស់អ្នកជាប់ពន្ធដែលបានកាន់កាប់រយៈពេលយ៉ាងតិច៥ឆ្នាំមុនពេលលក់ ឬផ្ទេរ។ក្នុងករណីអ្នកជាប់ពន្ទមាននិវាសនដ្ឋានច្រើនជាងមួយ ឬអ្នកជាប់ពន្ធនិងសហព័ទ្ធមាននិវាសនដ្ឋានផ្សេងពីគ្នា និវាសនដ្ឋានតែមួយប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតជានិវាសនដ្ឋានជាគោលដើម។
៤-អចលនទ្រព្យក្នុងរង្វង់ញាតិដូចមានចែងក្នុងបទប្បញ្ញត្តិស្តីពីពន្ធប្រថាប់ត្រា វៀរលែងតែកាផ្ទេរកម្មសិទ្ធ ឬសិទ្ធកាន់កាប់អចលនទ្រព្យរវាងបងប្អូនបង្កើតនិងបងប្អូនបង្កើត រវាងឳពុក-ម្តាយក្មេកនិងកូនប្រសារ និងរវាងយាយ-តាក្មេកនិងចៅប្រសារ។
៥-ទ្រព្យដែលត្រូវបានលក់ ឬផ្ទេរដើម្បីបម្រើប្រយោជន៍សាធារណៈ ស្របតាមច្បាប់ស្តីពីអស្សាមិករណ៍។
នេះបើតាមការពន្យល់បន្ថែមរបស់ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា៖ ការកំណត់យកអត្រាពន្ធថេរ២០ភាគរយលើប្រាក់ចំណេញមូលធននេះ មិនមានន័យថា រដ្ឋយកពន្ធ២០ភាគរយពីប្រាក់ចំណេញទាំងមូលនោះទេ ពោលគឺរដ្ឋយកតែ២០ភាគរយនៃតម្លៃអចលនទ្រព្យដែលលក់បាននោះប៉ុណ្ណោះ ដើម្បីយកគណនាគិតពន្ធ២០ភាគរយ ដែលបានកំណត់ក្នុងច្បាប់៕
ប្រភព៖ Business Cambodia