អ្នកកាសែត មួយក្រុម ក្លាយជាជនចាប់មនុស្សជំរឹតទារប្រាក់


ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង១១:០០នាទី មានជន ជាតិចិនម្នាក់ ភេទប្រុស បានមកដាក់ពាក្យបណ្តឹងថា នៅថ្ងៃទី ០៦.០៩.២០២០ វេលាម៉ោង២៣:៣០នាទី មានជនសង្ស័យ១ ក្រុមជាជនជាតិខ្មែរ មានគ្នា៥នាក់ ស្លៀកពាក់ស៊ីវិល ជិះរថយន្ត ១គ្រឿង ប្រភេទ PICK UP ពណ៌ស និងម៉ូតូ២គ្រឿង អះអាងថា ជាសមត្ថកិច្ចប៉ូលីស បានធ្វើសកម្មភាពកាក់រថយន្តរបស់ជនរង គ្រោះជាជនជាតិចិន១គ្រឿង ម៉ាកព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 2C-9291។
ក្នុងខណៈពេលដែលជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវទៅបុរីគុជអាស៊ី ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ បន្ទាប់មកក្រុមជនសង្ស័យទាំងនោះបានធ្វើការឆែកឆេរក្នុងរថយន្តរបស់ជនរងគ្រោះ ក៏បានទម្លាក់គ្រឿង ញៀន១កញ្ចប់ នៅក្នុងរថយន្តរបស់ជនរងគ្រោះ ដើម្បីចោទប្រកាន់ថា គ្រឿងញៀនជារបស់ជនរងគ្រោះ រួចគំរាមទារប្រាក់ពីជនរង គ្រោះចំនួន៤,០០០$ (បួនពាន់ដុល្លារអាមេរិក)បើមិនព្រមឲ្យទេក្រុមជនសង្ស័យទាំងនោះនឹងចាប់ជនរងគ្រោះទៅប៉ុស្តិ៍ប៉ូលីស ដោយមានការភ័យខ្លាច ជនរងគ្រោះក៏ទូរស័ព្ទទៅប្រពន្ធដើរខ្ចីលុយពីមិត្តភក្តិបានចំនួន២,៣០០$ (ពីរពាន់បីរយដុល្លារអាមេរិក) យកទៅប្រគល់ឲ្យក្រុមជនសង្ស័យ ដោយសន្យាថា ប្រាក់ដែលនៅ សល់នឹងឲ្យនៅពេលក្រោយ ។

បន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ដោយមានបញ្ជារដឹកនាំពី ឯឧ គួច ចំរើន និង ដឹកនាំសម្របសម្រួលពី ឯឧ ព្រះរាជអាជ្ញា សៀង សុខ លោកស្នងការ ជួន ណារិន្ទ បញ្ជារ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានអត្តសញ្ញាណរបស់ជនសង្ស័យ និងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យសរុប៦នាក់(ជន ជាតិចិន ១នាក់) ជាបន្តបន្ទាប់ នៅវេលាម៉ោង១៩:៣០នាទីថ្ងៃទី ០៨.០៩.២០២០ ។
ជនរងគ្រោះឈ្មោះ ZHANG KANG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ បាត់បង់៖ លុយ២,៣០០$ (ពីរពាន់បីរយដុល្លារអាមេរិក) ។

ជនសង្ស័យទាំង៦នាក់៖ ១-ឈ្មោះ ហាក់ សុធាបញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ភ្នាក់ងារសារពត៌មាន កម្ពុជាញូវផ្លាស មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ២-ឈ្មោះ អ៊ួន ប្រុស ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរភ្នាក់ងារសារ ព័ត៌មាន CAM POST មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។៣-ឈ្មោះ ចិន ប៊ុនធឿន ហៅ រាជ្យ ភេទប្រុស អាយុ ២៧ឆ្នាំ មុខ របរ ភ្នាក់ងារសារព័ត៌មាន NEWS Online មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។៤-ឈ្មោះ ចំរើន លាងម៉េង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ម៉ៅការសំណង់ និងជួលរថយន្ត មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។៥-ឈ្មោះ ស៊ឹម សុខដា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ជំនួយការរបស់ឈ្មោះ អ៊ួន ប្រុស ភ្នាក់ងារសារពត៌មាន CAM POST មានទីលំនៅភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។៦-ឈ្មោះ ZHOU DONGYA ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ រត់តាក់ស៊ី កាន់លិខិតឆ្លងដែនលេខៈ EF3093157 មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ជនសង្ស័យ បានសារភាពថា ពួកគេពិតជាបានកាក់ឃាត់រថយន្តឆែកឆេរក្នុងរថយន្តនិងជំរិតទារយកប្រាក់បានចំនួន២,៣០០ដុល្លា (ពីរពាន់បីរយដុល្លាអាមេរិក)ពីជនរងគ្រោះប្រាកមែន ។ករណីនេះកម្លាំងជំនាញកំពុងបន្តតាមនីតិវិធី ។