ជនសង្ស័យទាំង០២នាក់បានធ្វើសកម្មភាពលួចគាស់យកភេសជ្ជៈ ក្នុងធុងទឹកកក
កម្លាំងនគរបាលបុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការណ៍ ជាមួយកំលាំងនគរបាលការិយាល័យអន្តរាគមន៍ខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យក្នុងបទល្មើសជាក់ស្ដែង ចំនួន០២នាក់ កាលពីវេលាម៉ោង០៣:០០នាទីទៀបភ្លឺថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២០កន្លងទៅ
បន្ទាប់ពីពួកគេបានធ្វើសកម្មភាពយកកូនកាំបិត ចិតបន្លែ ចៀរធុងទឹកក(កន្លែងសំរាប់ចាក់សោរ) លួចយក ភេសជ្ជ: ពីក្នុងធុងទឹកកក នៅចំណុចតូបលក់ដូរ០១កន្លែង ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប របស់ជនរងគ្រោះ ឈ្មោះ ប៉ោ សុខណេង ភេទស្រី អាយុ៣៣ឆ្នាំ មានមុខរបរលក់ឥវ៉ាន់ចាបហួយ ។
បន្ទាប់ពីធ្វើសកម្មភាពលួចបាន ហើយជនសង្ស័យបានយកភេសជ្ជៈទាំងនោះ ដាក់ចូលក្នុងការ៉ុង ហើយដឹកតាមកង់ទៅរកជួបបក្ខពួកគេចំនួន០២នាក់ទៀតដើម្បីលក់ តែត្រូវបានកម្លាំងនគរបាលយើង ដែលល្បាតហើយប្រទះឃើញក៏នាំខ្លួនមកធ្វើការសាកសួរ។
ជនសង្ស័យទី ១-ឈ្មោះ ទូច ញាញ់ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរគ្មាន មានទីលំនៅបច្ចុប្បន្ននៅភូមមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ។ ជនសង្ស័យទី២-ឈ្មោះ សឿន ភារិន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរគ្មាន មានទីលំនៅបច្ចុប្បន្ននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង-សៀមរាប ។ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាព ដូចខាងលើមែន។
វត្ថុតាងដកហូតបាន រួមមាន ភេសជ្ជៈខារ៉ាប៉ាវចំនួន ២០កំប៉ុង, ទឹកក្រូចIZEចំនួន ០៧ដប, បាកាសចំនួន ០៧កំប៉ុង,គោជល់ចំនួន ០៥កំប៉ុង ស្រាបៀរហ្គែនស្បឺតចំនួន ១៥កំប៉ុង កូនកាំបិតចំនួន០២ កង់ចំនួន០២គ្រឿង និងកូនកន្ត្រៃចំនួន០១ផងដែរ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបាន កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីនៃច្បាប់៕