លី សុខងីម រត់គេចខ្លួន តុលាការចេញដីកាបង្គាប់អោយចាប់ខ្លួន-ឃុំខ្លួន លី សុខងីម
ខេត្តព្រះសីហនុ ៖ ចៅក្រមសាលាដំបូងខេត្តព្រះសីហនុ លោក គួន ចន្ថា បានចេញដីកាបង្គាប់អោយសមត្ថកិច្ចចាប់ឃាត់ខ្លួន និង ឃុំ ខ្លួន ឈ្មោះ លី សុខងីម ដាក់ពន្ធនាគារខេត្តព្រះសីហនុ ពីបទ ជនប្រេីអំពេីហឹង្សាទៅលេីអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត ប្រព្រឹត្តទៅនៅភូមិ ពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីឆ្នាំ ២០១៨ ។
ប្រភពច្បាស់ការពីសមត្ថកិច្ចបានអោយដឹងថា ឈ្មោះ លី សុខងីម បានគេចខ្លួនទៅក្រៅប្រទេសហេីយ ។ បេីតាមព័ត៌មានថាទៅប្រទេសកាណាដា ។ ទោះជា លី សុខងីម រត់គេចខ្លួនយ៉ាងណាក៏ដោយក៏សមត្ថកិច្ចនៅតែតាមចាប់ខ្លួនគ្រប់ពេល នៅពេលដែល លី សុខងីម ត្រលប់មកប្រទេសកម្ពុជាវិញ ។
ក្នុងដីកាបង្គាប់អោយចាប់ខ្លួនបានសរសេរថា តាមសាលក្រមព្រហ្មទណ្ឌលេខ ១១៦/០៦ “ជ” ចុះថ្ងៃទី ២៨ ខែ មិនា ឆ្នាំ ២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ បានផ្ដន្ទាទោស លី សុខងីម ដាក់ពន្ធនាគារកំណត់ ១ ឆ្នាំ ៦ ខែ ពិន័យជាលុយ ៥ លានរៀល ពីបទ ជនប្រេីអំពេីហឹង្សាទៅលេីអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត ប្រព្រឹត្តទៅនៅភូមិ ពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៨ បទល្មើសដែលមានចែងអោយផ្ដន្ទាទោសតាមមាត្រា ២៥៣ នៃ ច្បាប់ភូមិបាល ។
ក្រៅពីសំណុំរឿងខាងលេីនេះ នៅមានប្រជាពលរដ្ឋចំនួន ១៩ គ្រួសារទៀតដែលជាម្ចាស់ដីនៅ ភូមិ ពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានប្លង់ស្លាបមានត្រឹមត្រូវ ក៏បានរួមគ្នាប្ដឹង លី សុខងីម ដែរព្រោះតែ លី សុខងីម និង បក្សពួក បានប្រេីអំពេីហឹង្សាលេីអ្នកកាន់កាប់អចលនវត្ថុអ្នកដទៃដោយសុច្ចរិត នៅចំណុច ភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែរ ។