ជនបរទេស​ខំមកជួយកុមារកម្ពុជា​ត្រូវបានតុលាការខេត្តកណ្ដាលចាប់ដាក់គុកយ៉ាង​អយុត្តិធម៌​បំផុត

​ 

Banner Sidebar 1 – ទឹកលាងដៃ

លោកស្រី​ Kim Deborah  ជនជាតិ​កូរ៉េ​ខាង​ត្បូង​សញ្ជាតិ​ អូស្ត្រាលី​ បាន​មកជួបខ្ញុំអោយជួយរកយុត្តិធម៌ជូន​ប្ដី​របស់​លោកស្រី​ឈ្មោះ​ Chan Martin King Wai ចិនហុងកុង​ សញ្ជាតិ​អូស្ត្រាលី​ ដែលត្រូវបានតុលាការខេត្តកណ្ដាលចាប់ដាក់គុកយ៉ាង​អយុត្តិធម៌​បំផុត​ ។  

លោកស្រី​ Kim Deborah បានរៀបរាប់ថា​ ប្ដីលោកស្រី​ បានមកប្រទេសកម្ពុជា​ ៧​ ឆ្នាំ​ហេីយដេីម្បីធ្វេីការនៅ​អង្គការ​ជួយកុមារកម្ពុជា​ នៅ​ ព្រែក​ហូរ​ ក្រុងតាខ្មៅ​ ខេត្ត​កណ្តាល​ ។  

នៅឆ្នាំ​ ២០១៥​ អង្គការ​របស់​ប្ដី​លោកស្រី​ មានគម្រោងសាងសង់​សាលារៀនមួយក្នុងទឹកប្រាក់​ ២៩០០០០០​ ដុល្លារ​ ដោយបានធ្វេី​កិច្ចសន្យា​សាងសង់​ជាមួយ​ក្រុមហ៊ុន​សំណង់​ឈ្មោះ​ ភី​ អេច​ វី​ ដែលមានលោក​ ដន​ ខាំផែង​ និង​ លោកស្រី​ ជឹម​ វណ្ណ​ ជាតំណាង​ ។  បន្ទាប់​ពី​ចុះកិច្ចសន្យារួចហេីយ​ នៅថ្ងៃទី​ ២៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៥​ ក្រុមហ៊ុន​ ភី​អេច​ វី​ បានចាប់ផ្ដេីមដំណេីរការសាងសង់​ និងបានបេីកប្រាក់​ជាបន្តបន្ទាប់​ពី​អង្គការ​ដែល​លោក​ Chan Martin គ្រប់​គ្រង​ សរុប​ចំនួន​ ១១២៥១៤​ ដុល្លារ​ ។  លុះដល់ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៦​ ខាងអង្គការខ្វះមូលនិធិ​សំរាប់​បន្តការសាងសង់​ ក៏បាន​ធ្វើ​លិខិត​មួយជូនទៅ​ក្រុមហ៊ុន​សំណង់​ ភី​ អេច​ វី​ ដេីម្បី​បញ្ចប់​កិច្ច​សន្យា​សាងសង់​ ។  តែខាងក្រុមហ៊ុនសំណង់​ ភី​ អេច​ វី​ មិនព្រម​ក៏បានប្ដឹងផ្ដល់គ្នាទៅ​ មជ្ឈមណ្ឌល​ជាតិ​ នៃ​ មជ្ឈតការផ្នែកពាណិជ្ជកម្ម​ ។  

បន្ទាប់​ពី​មានរឿងក្ដីតតាំងគ្នាតាមផ្លូវច្បាប់​ មជ្ឈមណ្ឌល​ជាតិ​ នៃ​ មជ្ឈតការផ្នែក​ពាណិជ្ជកម្ម​,​ សាលាឧទ្ធរណ៍​ និង​ តុលាការ​កំពូល​ បានសម្រេច​អោយលោក​ Chan Martin ឈ្នះ​ក្ដី​ និងបានបញ្ចប់រឿងក្ដីនេះចប់សព្វគ្រប់អស់ហេីយ​ ។  

ស្រាប់តែ​នៅថ្ងៃទី​ ៣១​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៨​ ក្រុមហ៊ុន​ ភី​ អេច​ វី​ តំណាងដោយលោក​ ដន​ ខាំផែង​ សេីរេី​រឿងយកមកប្ដឹងតុលាការខេត្តកណ្ដាលជារឿងព្រហ្មទណ្ឌ​ ទៅវិញ​ ហេីយតុលាការខេត្តកណ្ដាល​ បានចាប់ខ្លួនលោក​ Chan Martin យកមកដាក់គុករហូតមកដល់បច្ចុប្បន្ន​ ។  

អ្នកច្បាប់​ជាច្រើន​បានលេីកជាចម្ងល់ថា​ ករណី​ វិវាទ​ រវាង​ អង្គការ​របស់​លោក​ Chan Martin និង​ ក្រុម​ហ៊ុន​សំណង់​ ភី​ អេច​ វី​ ជាវិវាទកិច្ចសន្យា​ មិនមែនជារឿង​ ព្រហ្មទណ្ឌ​ទេ​ ហេីយ​  មជ្ឈមណ្ឌល​ជាតិ​ នៃ​មជ្ឈតការផ្នែក​ពាណិជ្ជកម្ម​ ,​ សាលាឧទ្ធរណ៍​ និង​ តុលាការ​កំពូល​ ក៏សម្រេច​ចប់សព្វគ្រប់អស់ហេីយ​ ។  ការលេីកយករឿងដដែលនេះមកប្ដឹងរឿង​ព្រហ្មទណ្ឌ​មិនត្រឹមត្រូវទេ​ ។  

ដោយមេីលឃេីញអំពេីអយុត្តិធម៌​ដែល​ តុលាការ​ខេត្ត​កណ្ដាល​ បានធ្វើ​មកលេីប្ដីលោកស្រី​ លោកស្រី​ Kim Deborah បានសំណូមពរ​អោយថ្នាក់ដឹកនាំ​ក្រសួងយុត្តិធម៌​ មេត្តា​ពិនិត្យមើល​ករណី​នេះផង​ ។  

ជនបរទេស​ខំមកជួយកុមារកម្ពុជា​ ទីបំផុត​ តុលាការ​ខេត្ត​កណ្ដាល​ចាប់ដាក់គុក​យ៉ាងអយុត្តិធម៌បំផុត​ ។

អត្ថបទដែលជាប់ទាក់ទង