នៅកម្ពុជា ចាប់ពីយប់ថ្ងៃទី១១-១២ និង ថ្ងៃទី១៥-១៧ ខែវិច្ឆិកា នឹងចុះត្រជាក់ខ្លាំងខុសពីធម្មតា
យោងតាមការចុះផ្សាយពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងកាលពីទីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ព្យុះ ទី២១ ឈ្មោះ អេតូ (ETAU) បានកំពុងធ្វើដំណើរមកកាន់ទិសខាងលិច។ តាមការព្យាករព្យុះនេះនឹងថមថយឥទ្ធិពលជាវិសម្ពាធ ពេលចូលដល់ឆ្នេរភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី១០ ខែវិច្ឆិកា។


ដោយឡែកនៅសមុទ្រខាងកើតប្រទេសហ្វីលីពីន កើតនូវព្យុះទី២២ ឈ្មោះវ៉ាមកូ (VAMCO)។ តាមការព្យាករព្យុះនេះនឹងវិវត្តខ្លួនជាលំដាប់ទៅជាព្យុះទីហ្វុង នៅពេលឆ្លងចូលមកក្នុងសមុទ្រចិនខាងត្បូង ហើយដំណើររបស់ព្យុះនេះនឹងចូលមកដល់លើភាគកណ្តាលប្រទេសវៀតណាម នៅថ្ងៃទី១៥ ខែវិច្ឆិកា ដោយថមថយឥទ្ធិពលមកជាវិសម្ពាធទាមមុននឹងថមថយមកជាសម្ពាធទាបនៅលើភាគឦសានប្រទេសកម្ពុជា។
ខណៈបែបនេះនឹងធ្វើឲ្យអាកាសធាតុ នៅកម្ពុជា ចាប់ពីយប់ថ្ងៃទី១១-១២ និង ថ្ងៃទី១៥-១៧ ខែវិច្ឆិកា តាមបណ្ដារាជធានី ខេត្ដ នៅតាមតំបន់ខ្ពង់រាប ភាគឦសាន ខេត្ដភាគខាងកើតជាប់ព្រំដែនវៀតណាម និងខេត្ដភាគខាងត្បូង នឹងអាចមានភ្លៀងខ្យល់ធ្លាក់ក្នុងកម្រិតបង្គួរទៅច្រើន។ បណ្ដាខេត្ដនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងខ្យល់ក្នុងកម្រិត ពីតិចទៅបង្គួរ និងរលកសមុទ្រមានកម្ពស់មធ្យមផងដែរ។ ជាមួយគ្នានេះសីតុណ្ណភាពនៅបណ្ដាខេត្ដមួយចំនួននៅតំបន់ជួរភ្នំដងរែក និងខ្ពង់រៀបឦសានអាចធ្លាក់ចុះពីចន្លោះ ២០-២១ អង្សា ដែលធ្វើឲ្យមានការចុះត្រជាក់ខុសពីធម្មតាផងដែរ។