ស្ថានទូតខ្មែរនៅអាមេរិកថា ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយពលរដ្ឋខ្មែរ តែមិនមែនក្រុមក្រៅច្បាប់
ថ្នាក់ដឹកនាំក្រុមប្រឆាំង បានយកសំណើទៅដាក់នៅស្ថានទូតកម្ពុជាប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីសុំទៅសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យផ្តល់សុពលភាពលិខិតឆ្លងដែនដល់ពួកគេឡើងវិញ។ ដោយសារតែស្ថានទូតបិទទ្វារនិងគ្មានតំណាងណាម្នាក់ ចេញជួបពួកគេ ពួកគេ ក៏ដាក់សំណើនោះ ក្នុងប្រអប់ប្រៃសណីយ៍នៅនឹងរបងស្ថានទូត។

ថ្នាក់ដឹកនាំក្រុមប្រឆាំង ដែលយកសំណើទៅដាក់នៅស្ថានទូតកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតោន មានអ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង និង លោក ឡុង រី ជាដើម។ តាមរយៈការផ្សាយផ្ទាល់ (Live) លើទំព័រហ្វេសប៊ុករបស់ខ្លួន ពេលយកសំណើទៅដាក់នៅស្ថានទូត អ្នកស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ចោទជាសំណួរថា ហេតុអ្វីថ្ងៃហ្នឹងបិទទ្វារ? ឬមួយក៏មានការរើសអើងខាងផ្លូវនយោបាយ? បន្ទាប់មកអ្នកស្រី ថ្លែងថា៖«យើង មានសិទ្ធិស្មើគ្នា អត់មានត្រូវការរើសអើងទេ»។

អ្នកស្រី ជឿជាក់ថា ស្ថានទូត នឹងមិនអាចបិទទ្វាររាល់ថ្ងៃឡើយ។ អ្នកស្រី អះអាងថា ក្រុមអ្នកស្រី នឹងបន្តទៅស្ថានទូតទៀត រហូតទាល់តែបានជួបមន្ត្រីតំណាងស្ថានទូត។ លោក អ៊ាង ឆៃអ៊ាង ជាអនុប្រធានអតីតគណបក្សប្រឆាំងដែរនោះ សម្តែងការសោកស្តាយ ហើយហៅការបិទទ្វាររបស់ស្ថានទូត ក្នុងថ្ងៃដែលមិនមែនជាថ្ងៃឈប់សម្រាក ថាជារឿងចម្លែក។ លោក ចាត់ទុកស្ថានទូត ថាមិនបានធ្វើកិច្ចការអ្វី សម្រាប់បម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរនៅអាមេរិកឡើយ។
លោក បន្តថា ស្ថានទូត ត្រូវធ្វើកិច្ចការសម្រាប់ប្រយោជន៍ប្រជាពលរដ្ឋខ្មែរ ដោយមិនត្រូវគិតរឿងនយោបាយនោះទេ។ លោក បន្ថែមថា ក្រុមលោក បានជូនដំណឹងជាមុនរួចហើយ ពីការយកសំណើទៅដាក់នៅស្ថានទូត។ លោក ចោទជាសំណួរថា៖«កាលណា ទូត អត់ទទួលអ៊ីចឹង តើឲ្យប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក សង្ឃឹមលើអី?»។
លោក លើកឡើងថា ស្ថានទូតនៃប្រទេសប្រជាធិបតេយ្យដទៃ មិនរើសអើង មិនបែងចែកប្រជាពលរដ្ឋឡើយ ដោយស្វាគមន៍ប្រជាពលរដ្ឋគ្រប់រូប ទោះឯកអគ្គរដ្ឋទូតឬឯកអគ្គរាជទូត កាន់គណបក្សណាក៏ដោយ។ សរសើរស្ថានទូតនៃប្រទេសដទៃរួចហើយ លោក ក៏រិះគន់ស្ថានទូតកម្ពុជាថា៖«ដោយឡែក ទូតខ្មែរនេះ យ៉ាប់មែនទែន គ្រប់កន្លែង មិនមែនតែនៅសហរដ្ឋអាមេរិកទេ គឺនៅគ្រប់ទីកន្លែងទាំងអស់ តំណាងឲ្យបក្សសុទ្ធសាធ អាហ្នឹងគឺទូតគណបក្ស»។
ដោយឃើញការរិះគន់បែបនេះពីសំណាក់ថ្នាក់ដឹកនាំក្រុមប្រឆាំង ស្ថានទូតកម្ពុជានៅរដ្ឋធានីវ៉ាស៊ីនតោន ចាំបាច់ត្រូវចេញមកបកស្រាយ។ អ្នកនាំពាក្យស្ថានទូតកម្ពុជានៅរដ្ឋធានីវ៉ាស៊ីនតោន លើកហេតុផលក្នុងសេចក្តីថ្លែងការណ៍ថា អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោលហើយ ដូច្នេះ ការដែលស្ថានទូត មិនរវល់ចំពោះវត្តមានរបស់ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិទាំងនោះ មិនអាចយកមកចោទថា ស្ថានទូត មិនទទួលជួបពលរដ្ឋខ្មែរឡើយ។
សេចក្តីថ្លែងការណ៍ ដែលចេញថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ សរសេរថា៖«អ្នកនាំពាក្យរបស់ស្ថាទូត សូមទាត់ចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានអំពីការចោទប្រកាន់គ្មានមូលដ្ឋានខាងលើនេះ ស្របពេលជាមួយគ្នានេះ សូមអះអាងពីមោទនភាពរបស់ស្ថានទូតក្នុងការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយពលរដ្ឋខ្មែរទូទៅ តែមិនមែនជាមួយបុគ្គលក្រៅច្បាប់ឡើយ»។
ក្នុងសេចក្តីថ្លែងការណ៍ដដែល អ្នកនាំពាក្យ លើកពីចំណុចល្អថា ស្ថានទូត បានយកចិត្តទុកដាក់លើការលើកកម្ពស់ទំនាក់ទំនងរវាងស្ថានទូតនិងសហគមន៍ខ្មែរ នៅក្រៅប្រទេស។ អ្នកនាំពាក្យ រៀបរាប់ទៀតថា ស្ថានទូត បានយកចិត្តទុកដាក់និងទទួលខុសត្រូវក្នុងការផ្តល់សេវាផ្សេងៗដល់ប្រជាពលរដ្ឋខ្មែរទូទៅ។
នៅមុខស្ថានទូតកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតោន លោក អ៊ាង ឆៃអ៊ាង សួរថា មានច្បាប់ណា ដែលដាក់ក្រុមលោក ឲ្យនៅក្រៅច្បាប់? លោក ការពារក្រុមលោកថា៖«ពួកខ្ញុំ នៅក្នុងច្បាប់ ដែលធានាដោយរដ្ឋធម្មនុញ្ញ»។
លិខិតឆ្លងដែនរបស់ថ្នាក់ដឹកនាំទាំង១២រូបនៃអតីតគណបក្សប្រឆាំង ត្រូវបានក្រសួងការបរទេសកម្ពុជា បញ្ចប់សុភពភាព កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩។
អ្នកទាំង១២រូបនោះ គឺ អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក ឡុង រី លោក សោ ចាន់ដេត លោក គង់ សភា លោក វ៉ាន់ ណារិទ្ធ លោក ដាង ចំរើន លោក ញឹម គិមញុល លោក ហេង ដាណារ៉ូ លោក អ៊ីសា ឧស្មាន និង លោក ម៉ន ផល្លា។ ការស្នើសុំឲ្យផ្តល់សុពលភាពលិខិតឆ្លងដែនឡើងវិញនេះ គឺជាការស្នើសុំរបស់អ្នកទាំង១២នាក់នោះ។
តាមពិតទៅ នៅមានមន្ត្រីនិងសកម្មជន២៧នាក់ទៀតនៃអតីតគណបក្សសង្គ្រោះជាតិ ក៏ត្រូវបានបញ្ចប់សុពលភាពលិខិតឆ្លងដែនដែរ កាលពីអំឡុងឆ្នាំ២០១៩។ តែអ្នកទាំង២៧នាក់នោះ មិនទាន់ធ្វើសំណើសុំឲ្យផ្តល់សុពលភាពលិខិតឆ្លងដែនវិញឡើយ។
តុលាការ បានហៅលោក សម រង្ស៊ី និងថ្នាក់ដឹកនាំកំពូលៗរបស់លោក ឲ្យវិលមកចូលសវនាការ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមបទចោទឧបឃាត ដែលសំដៅលើការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តូលរំលំរដ្ឋាភិបាលកម្ពុជា។ លោក អេង ឆៃអ៊ាង និយាយនៅមុខស្ថានទូតកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតោនថា ដើម្បីអាចឲ្យក្រុមលោក វិលមកកម្ពុជា ហើយចូលរួមសវនាការបាន លុះត្រាតែរដ្ឋាភិបាល ផ្តល់សុពលភាពលិខិតឆ្លងដែនដល់ក្រុមលោកទាំងអស់គ្នាវិញ។ យ៉ាងណាក៏ដោយ គម្រោងបើកសវនាការនៅថ្ងៃទី១១ ខែវិច្ឆិកាម្សិលមិញ ត្រូវបានលើកពេល៕
ប្រភព៖ ថ្មីៗ